អានតួអត្ថបទ
ភូមា

អគ្គស្នងការអ.ស.ប​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ទាមទារ​ឲ្យ​ភូមា​ផ្តន្ទាទោស​ព្រះសង្ឃ​ដែល​ជេរប្រមាជ​ប្រេសិត​ខ្លួន

នៅ​ថ្ងៃ​ព្រសហ្បតិ៍ ទី២២ មករា​នេះ អគ្គស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​លោក​ហ្សីរ៉ាដ អាល់ហ៊ូសេន​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ភូមា​ផ្តន្ទាទោស​លើ​ព្រះសង្ឃ​មួយ​អង្គ​ព្រះនាម​វីរ៉ាធូ​ពី​បទ​បាន​ជេរប្រមាជ​ចំពោះ​លោកស្រី​លី យំាងហ៊ី ប្រេសិតពិសេស​របស់ អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​ភូមា។ ប្រតិកម្ម​តប​របស់​លោក​អាល់ហ៊ូសេន​ពេល​នេះ​បាន​ធ្វើ​ឡើង ជិត​មួយ​សប្តាហ៍​ក្រោយ​ពី​សង្ឃ​វីរ៉ាធូ​បាន​ប្រើ​ពាក្យ​ជេរប្រមាជ​លោកស្រី​លី​ដោយ​បាន​ចោទ​លោកស្រី​ពី​បទ​មាន​បំណង​លូកដៃ​ចូល​កកូរកកាយ​ក្នុង​រឿង​កិច្ចការ​ផ្ទៃក្នុង​របស់​ភូមា ពិសេស​ទាក់ទង​នឹង​រឿង​គ្រួសារ និង​សាសនា។

ព្រះសង្ឃ​ភូមា វីរ៉ាធូ
ព្រះសង្ឃ​ភូមា វីរ៉ាធូ Reuters
ផ្សាយពាណិជ្ជកម្ម

មិនមែន​ជា​ពាក្យ​ជេរប្រមាជ​ធម្មតា​ទេ តែ​ជា​ពាក្យ​ជេរម្រ៉ាយ​តែ​ម្តង​ដែល​សង្ឃ​វីរ៉ាធូ​ភូមា​អង្គ​នោះ​បាន​ប្រើ​ចំពោះ​លោកស្រី​លី យំាងហ៊ី។ គឺ​ការ​ជេរប្រមាជ​ដោយ​ប្រើ​ពាក្យ​របៀប​នេះ​ហើយ​ដែល​លោក​អគ្គស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ហ្សីរ៉ាដ អាល់ហ៊ូសេន​បាន​ចាត់​ទុក​ជា​រឿង​មួយ​ដែល​លោក​មិន​អាច​ទទួល​យក​បាន​ទេ និង​បាន​ទាមទារ​ឲ្យ​រដ្ឋអំណាច​ភូមា​ធ្វើ​ការ​ផ្តន្ទាទោស​សង្ឃ​វីរ៉ាធូ​ដែល​គ្រប់​គ្នា​ស្គាល់​ថា ជា​ប្រមុខ​សង្ឃ​មួយ​អង្គ​ដែល​មាន​លក្ខណៈ​ជាតិនិយមជ្រុល។ នៅ​ក្នុង​សេចក្តីជូនដំណឹង​របស់​ស្នងការ​សិទ្ធិមនុស្ស​សហប្រជាជាតិ​ចេញ​ផ្សាយ​ថ្ងៃ​នេះ លោក​អាល់ហ៊ូសេន​បាន​បញ្ជាក់​ថា វា​គ្មាន​ហេតុផល​ណា​មួយ​ដែល​គេ​ត្រូវ​ប្រើ​ពាក្យ​ជេរប្រមាជ​លើ​ប្រេសិតពិសេស​របស់​អង្គការ​សហប្រជាជាតិ​ដូច​ករណី​​សង្ឃ​ភូមា​វីរ៉ាធូ​បាន​ជេរម្រ៉ាយ​លោកស្រី​លី យំាងហ៊ី​នោះ​ឡើយ។ ទន្ទឹម​គ្នា​នេះ លោក​អាល់ហ៊ូសេន​ក៏​បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនំា​នយោបាយ និង​សាសនា​នៅ​ភូមា​ផ្តន្ទាទោស​លើ​សកម្មភាព​ទំាង​ឡាយ​ណា​ដែល​នំា​ឲ្យ​មាន​ការ​ញុះញង់​ស្អប់ខ្ពើម​គ្នា។

សូម​ជម្រាប​ជូន​ថា អ្វីៗ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ក្បួនបាតុកម្ម​ប្រឆំាង​នឹង​វត្តមាន​លោកស្រី​លី យំាងហ៊ី​កាល​ពី​ថ្ងៃ​សុក្រ ទី១៦ មករា​កន្លង​ទៅ។ នៅ​ក្នុង​ក្បួនបាតុកម្ម​នោះ ព្រះសង្ឃ​វីរ៉ាធូ​បាន​ប្រើ​ពាក្យ​ជេរម្រ៉ាយ​លោកស្រី​លី យំាងហ៊ី​ជា​សាធារណៈ​នៅ​ក្នុង​ហ្វូងបាតុករ ដោយ​បាន​ចោទ​លោកស្រី​ពី​បទ​បាន​លូកដៃ​ចូល​កកូរកកាយ​កិច្ចការ​ផ្ទៃក្នុង​របស់​ភូមា ចំ​ពេល​ដែល​រដ្ឋាភិបាល​ភូមា​កំពុង​រៀប​ចំ​ធ្វើ​កំណែទម្រង់​លើ​ច្បាប់​សាសនា និង​គ្រួសារ​ដ៏​ចម្រូងចម្រាស។ គឺ​ជា​គម្រោង​កំណែទម្រង់​មួយ​ដែល​លោកស្រី​លី យំាងហ៊ី​បាន​យល់​ឃើញ​ថា ជា​សញ្ញា​ដែល​បញ្ជាក់​ពី​ដំណើរ​វិល​ថយក្រោយ​របស់​ប្រទេស​ភូមា។ គួរ​រម្លឹក​ជូន​ថា ពាក្យ​ជេរប្រមាជ​របស់​សង្ឃ​វីរ៉ាធូ​ត្រូវ​បាន​ចុះ​ផ្សាយ​យ៉ាង​ព្រោងព្រាត​នៅ​ក្នុង​បណ្តាញ​សង្គម។

រហូត​មក​ដល់​ពេល​នេះ សង្ឃ​វីរ៉ាធូ​មិន​បាន​ធ្វើ​ការ​សុំទោស​ទេ និង​ថែម​ទំាង​អះអាង​ថា បើ​មាន​ពាក្យ​អ្វី​ធ្ងន់ធ្ងរ​ជាង​នេះ ព្រះអង្គ​ក៏​មិន​ញញើត​នឹង​ប្រើ​ដែរ។ ចំណែក​រដ្ឋាភិបាល​ភូមា​ក៏​ហាក់​ដូច​ជា​បាន​ទទួល​ស្គាល់​ពី​កំណើន​ជាតិនិយម​របស់​អ្នកកាន់​ព្រះពុទ្ធសាសនា​នៅ​ក្នុង​ប្រទេស​ដែល​តំាង​ពី​ឆ្នំា ២០១២ មក បាន​ជួប​ប្រទះ​នឹង​អំពើហិង្សា​ជា​ច្រើន​រវាង​អ្នកកាន់​សាសនា​ព្រះពុទ្ធ និង​អ៊ីស្លាម​ដោយ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ២៥០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ