អានតួអត្ថបទ

លោក​ស៊ីជីន ពីង​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​ដើម្បី "ពង្រឹង​ទំនាក់ទំនង​ជា​មិត្តភាព​ចាស់ឆ្នាំ"

លោក​ស៊ី ជីនពីង ប្រធានាធិបតី​ចិន​បាន​លើកឡើ​ង​ថា លោក​ចង់​ឲ្យ​ចិន​និង​វៀតណាម​មាន​ទំនាក់ទំនង​ជាដៃគូ​ល្អប្រសើរ​ជាង​ពេល​បច្ចុប្បន្ន។ ការលើកឡើងនេះ​ធ្វើឡើង នៅ​ក្នុង​អំឡុង​ពេល​ដែល​លោក​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​វៀតណាម។ ទស្សនកិច្ច​ដ៏កម្រ នៅ​ក្នុង​ពេល​ដែល​ប្រទេស​ទាំងពីរ​កំពុងតែ​ប្រឈមមុខ​ដាក់គ្នា ដោយសារ​តែ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

លោក​ស៊ី ជីនពីង ប្រធានាធិបតី​ចិន ត្រូវ​បាន​ទទួលស្វាគមន៍​ដោយ​លេខា​បក្សកុម្មុយនិស្ត​វៀតណាម ង្វៀន ភូជុង នៅហាណូយ ថ្ងៃ​ព្រហស្បតិ៍ ៥វិច្ឆិកា ២០១៥
លោក​ស៊ី ជីនពីង ប្រធានាធិបតី​ចិន ត្រូវ​បាន​ទទួលស្វាគមន៍​ដោយ​លេខា​បក្សកុម្មុយនិស្ត​វៀតណាម ង្វៀន ភូជុង នៅហាណូយ ថ្ងៃ​ព្រហស្បតិ៍ ៥វិច្ឆិកា ២០១៥ REUTERS/Hoang Dinh Nam
ផ្សាយពាណិជ្ជកម្ម

លោក​ស៊ី ជីនពីង បាន​ធ្វើ​ដំណើរ​មក​ដល់​ទីក្រុង​ហាណូយ កាលពីថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង​ដំណើរទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល ២ថ្ងៃ ដោយ​លោក​គ្រោង​នឹង​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​វៀតណាម រួមមាន លោក​ប្រធានាធិបតី ជឿង តាន់សាង លោក​នាយករដ្ឋមន្រ្តី​ ង្វៀន តាន់ហ្សុង និង​​លេខាបក្ស​កុម្មុយនិស្ត លោក​ ង្វៀន ភូជុង។

នៅពេល​ដល់​វៀតណាម​ភ្លាម លោក​ប្រធានាធិបតី​ចិន​បាន​​​លើកឡើង​ថា លោក​សង្ឃឹម​ថា ដំណើរទស្សនកិច្ច​របស់​លោក​នឹង​អាច​រឹតចំណង​ទាក់ទង​ “មិត្តភាព​ចាស់ឆ្នាំ” រវាង​ចិន និង​វៀតណាម ហើយ​អាច​ជំរុញ​ឲ្យ​ប្រទេស​ទាំងពីរ​បង្កើន​កិច្ចសហប្រតិបត្តិការ​កាន់តែ​ល្អ​ជាពេល​បច្ចុប្បន្ន។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​ចេញផ្សាយ​ជាភាសា​វៀតណាម នៅថ្ងៃ​ព្រហស្បតិ៍។

នៅ​ពេល​មក​ដល់​ក្រុង​ហាណូយ លោក​ស៊ី ជីនពីង ត្រូវ​បាន​ទទួលស្វាគមន៍​​​ដោយ​លោក​លេខា​បក្ស​កុម្មុយនិស្តវៀតណាម ង្វៀន ភូជុង ដែល​បាន​ចាត់ទុក​ដំណើរទស្សនកិច្ច​នេះ​ថា​ជា​ព្រឹត្តិការណ៍​ដែល​មាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ ហើយ​​បើ​យោងតាម​សេចក្តីថ្លែងការណ៍​ចេញផ្សាយ​ដោយ​គណបក្ស​កុម្មុយនិស្ត​វៀតណាម ប្រមុខរដ្ឋ​ទាំងពីរ​សុទ្ធតែ​បាន​បង្ហាញ​ពី​ចេតនា​ចង់​ដោះស្រាយ​ជម្លោះ​ដែន​សមុទ្រ​ដោយ​មិន​ឲ្យ​ជម្លោះ​នេះ​ត្រូវ​រីករាលដាលកាន់តែ​ធំ។

ក៏ប៉ុន្តែ គេ​សង្កេតឃើញ​ថា នៅ​ប៉ុន្មាន​ម៉ោង​មុនពេល​ដែល​លោក​ស៊ី ជីនពីង ទៅដល់​ក្រុង​ហាណូយ ក្រុម​អ្នក​ជាតិនិយម​វៀតណាម​ជាច្រើន​នាក់​បាន​នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង ទាំង​នៅ​ក្នុង​ទីក្រុង​ហាណូយ និង​នៅ​ទីក្រុង​ហូជីមិញ។ បាតុកម្ម​ដែល​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​បំបែក​ភ្លាមៗ។

គួរបញ្ជាក់ថា វៀតណាម និង​ចិន ថ្វីដ្បិត​តែ​ជា​ប្រទេស​កុម្មុយនិស្ត​ដូចគ្នា ក៏ប៉ុន្តែ ភាគច្រើន​តែងតែសម្លឹងមើលគ្នា​ជា​គូសត្រូវ ហើយ​រហូត​បាន​ផ្ទុះជម្លោះ​ប្រដាប់អាវុធ​ដាក់គ្នា​ជាច្រើន​លើក ជាពិសេស គឺ​សង្រ្គាម​ កាល​ពីឆ្នាំ​១៩៧៩ ក្រោយ​ពី​កងទ័ព​វៀតណាម​ចូល​ឈ្លាន​ពាន​កម្ពុជា ដើម្បី​បណ្តេញ​ខ្មែរក្រហម ដែល​ជា​សម្ព័ន្ធ​របស់​ចិន​ចេញ​ពី​អំណាច។

នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ បញ្ហា​ធំបំផុត នៅ​ក្នុង​​ទំនាក់ទំនង​ចិន-វៀតណាម គឺ​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខា​ងត្បូង។ គេ​សង្កេតឃើញ​ថា ទំនាក់ទំនង​ ​រវាង​ប្រទេស​កុម្មុយនិស្ត​ទាំងពីរ​បាន​ធ្លាក់​ចុះដុនដាប​​កាន់តែ​ខ្លាំងដល់​កម្រិត​ទាបបំផុត ចាប់តាំង​ពី​ខែ​ឧសភា ឆ្នាំ​២០១៤ នៅ​ក្រោយ​ពេល​ដែល​ចិន​បាន​បញ្ជូន​នាវា​ខួង​ស្វែងរក​ប្រេង​ឲ្យ​ចូល​ទៅ​ធ្វើ​សកម្មភាព នៅ​ក្នុង​តំបន់​សមុទ្រ​ជាប់ជម្លោះ​ជាមួយ​វៀតណាម។ ជម្លោះ​ដែន​សមុទ្រ​នេះ​បាន​ជំរុញ​ឲ្យ​វៀតណាម​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​មួយចំនួន ដែល​ជាគូ​ប្រជែង​របស់​ចិន ដូចជា សហរដ្ឋ​អាមេរិក ជប៉ុន និង​ហ្វីលីពីន ជាដើម។

គួរកត់សម្គាល់​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍ ​នៅ​ពេល​​ដែល​លោក​ស៊ី ជីនពីង​ ចាប់ផ្តើម​ដំណើរ​​ទស្សនកិច្ច​នៅ​វៀតណាម រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ជប៉ុន​ក៏​កំពុងតែ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​នោះដែរ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ