អានតួអត្ថបទ
អាស៊ាន-ម៉ាឡេស៊ី

លោកអាស្តុន កាទ័រ៖អាមេរិក​នឹង​បន្ត​បេសកកម្ម​នៅ​សមុទ្រចិន​ខាង​ត្បូង​ដែល​ច្បាប់​អន្តរជាតិ​បាន​អនុញ្ញាត

នៅ​ថ្ងៃ​អង្គារ ទី៣ វិច្ឆិកា ថ្នាក់រដ្ឋមន្រ្តី​នៃ​ក្រសួង​ការពារជាតិ​របស់​ប្រទេស​អាស៊ាន​ទំាង ១០ បាន​បើក​កិច្ចប្រជុំ​ក្នុង​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី។ ក្រៅ​ពី​វត្តមាន​រដ្ឋមន្រ្តី​ការពារ​អាស៊ាន ក៏​មាន​វត្តមាន​រដ្ឋមន្រ្តី​ការពារ​អាមេរិក​លោក​អាស្តុន កាទ័រ និង​សមភាគី​ចិន​លោក​ចាង វ៉ានកាន​ដែរ។ លោក​កាទ័រ និង​លោក​វ៉ានកាន​បាន​ឆ្លៀត​បើក​ជំនួប​មួយ​ទល់មួយ ដោយ​បាន​និយាយ​ច្រើន​ពី​បញ្ហា​សមុទ្រចិន​ខាងត្បូង​ដែល​ចិន​កំពុង​មាន​ជម្លោះ​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​មួយ​ចំនួន ដូច​យ៉ាង​វៀតណាម ឬ​ហ្វីលីពីន។ នា​ឱកាស​នោះ លោក​កាទ័រ​បាន​ឆ្លៀត​ព្រមាន​លោក​វ៉ានកាន​ពី​សិទ្ធិ​របស់​អាមេរិក​ក្នុង​ការ​បន្ត​បេសកកម្ម​នៅ​ក្នុង​សមុទ្រចិន​ខាង​ត្បូង។

Reuters
ផ្សាយពាណិជ្ជកម្ម

លោក​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​អាស្តុន កាទ័រ​បាន​ព្រមាន​សមភាគី​ចិន​ក្នុង​សំណុំរឿង​សមុទ្រចិន​ខាងត្បូង​ដោយ​សំអាង​លើ​ច្បាប់​អន្តរជាតិ។ ច្បាប់​អន្តរជាតិ​ដែល​លោក​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​អាស្តុន កាទ័រ​បាន​បញ្ជាក់​ថា មិនមែន​ជា​ច្បាប់​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​ប្រទេស​ណា​មួយ​ទេ តែ​ជា​ច្បាប់​សាកល​​ដែល​ប្រទេស​ទំាង​អស់​ក្នុង​លោក​ត្រូវ​តែ​គោរព។ ត្រង់​ចំណុច​នេះ លោក​កាទ័រ​ចង់​និយាយ​ប្រាប់​ចិន​ថា មាន​តំបន់​ខ្លះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​មិនមែន​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​តែ​ម្នាក់​ឯង​របស់​ចិន​ទេ តែ​ជា​តំបន់​សមុទ្រ​អន្តរជាតិ​ដែល​ជា​កម្មសិទ្ធិ​របស់​ទំាង​អស់​គ្នា និង​ដែល​ទំាង​អស់​គ្នា​មាន​សិទ្ធិ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីនោះ​ដែល​ច្បាប់អន្តរជាតិ​បាន​អនុញ្ញាត។

លោក​កាទ័រ​បាន​ព្រមាន​សមភាគី​ចិន​លោក​វ៉ានកាន​ចំៗ​ថា អាមេរិក​នឹង​បន្ត​បេសកកម្ម​របស់​ខ្លួន​ទៅ​កាន់​សមុទ្រចិន​ខាងត្បូង​នៅ​ពេល​ណា​ក៏​បាន និង​នៅ​កន្លែង​ណា​ក៏​បាន។ ប្រតិកម្ម​ខ្លំាងៗ​របស់​អាមេរិក​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​អាមេរិក​បាន​បញ្ជូន​នាវា​ចម្បំាង​របស់​ខ្លួន​ទៅ​កាន់​សមុទ្រចិន​ខាងត្បូង​ក្បែរ​ទីប្រជុំកោះ​សិប្បនិម្មិត​​ដែល​ចិន​បាន​សាងសង់​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។ ជា​ចម្លើយ​តប​វិញ លោក​រដ្ឋមន្រ្តី​ការពារជាតិ​ចិន​ចាង វ៉ានកាន​បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ពី​ជំហរ​មិន​ប្រែប្រួល​របស់​ចិន​ដែល​ថា ទីប្រជុំកោះ​មាន​ជម្លោះ​សព្វថ្ងៃ​ជា​កម្មសិទ្ធិ​របស់​ចិន ព្រម​ទំាង​បាន​សម្តែង​ក្តី​មិនសប្បាយចិត្ត​ជា​ថ្មី​ចំពោះ​ការ​ដែល​អាមេរិក​បាន​បញ្ជូន​នាវាចម្បាំង​ទៅ​កាន់​សមុទ្រចិនខាងត្បូង។

ដោយឡែក ចំ​ពេល​ដែល​លោក​រដ្ឋមន្រ្តីការពារជាតិ​អាមេរិក​អាស្តុន កាទ័រ​ស្ថិត​ក្នុង​ប្រទេស​ម៉ាឡេស៊ី លោក​មេបញ្ជាការ​អាមេរិក​ហារី ហារីស​ទទួល​បន្ទុក​តំបន់​ប៉ាស៊ីហ្វិក​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ចិន។ នៅ​ក្នុង​ទីក្រុង​ប៉េកំាង លោក​ហារីស​បាន​ជួប​សន្ទនា​ជាមួយ​សមភាគី​ចិន​លោក​ហ្វាង ហ្វេងហេ។ នៅ​ក្នុង​ជំនួប​នោះ លោក​ហារីស​ក៏​បាន​ព្រមាន​លោក​ហ្វេងហេ​ពី​សិទ្ធិ​របស់​អាមេរិក​ក្នុង​ការ​បន្ត​បេសកកម្ម​នៅ​ក្នុង​សមុទ្រចិន​ខាងត្បូង​ដោយ​ផ្អែក​លើ​ច្បាប់អន្តរជាតិ។ ចំណែក​លោក​ហ្វេងហេ​ក៏​បាន​បញ្ជាក់​ពី​ជំហរ​របស់​ចិន​ក្នុង​ការ​ការពារ​បូរណភាព​ដែនដី និង​ថា លោក​មាន​ការ​សោកស្តាយ​ចំពោះ​ការ​លើក​ឡើង​របស់​លោក​ហារីស​ដែល​នំា​ឲ្យ​មាន​ភាព​ល្អក់ កករ​នៅ​ក្នុង​កិច្ចសន្ទនា។

ចិន​ប្រឆំាង​ដាច់​ខាត​ចំពោះ​ដំណោះស្រាយ​ជា​លក្ខណៈ​អន្តរជាតិ

ជម្លោះ​នៅ​សមុទ្រ​ចិនខាងត្បូង​ទាក់ទង​នឹង​ទីប្រជុំកោះ Spratleys និង​Paracels គឺ​ជា​ជម្លោះ​រវាង​ចិន និង​ប្រទេសអាស៊ី​ក្នុង​តំបន់​ចំនួន ៤ ដែល​ជា​សមាជិក​អាស៊ាន គឺ​វៀតណាម ម៉ាឡេស៊ី ព្រុយណេ និង​ហ្វីលីពីន និង​ដែល​ប្រទេស​អាស៊ី​ទំាង ៤ នេះ​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក។ ដូច្នេះ​វា​ជា​រឿង​មួយ​ធម្មតា​ទេ​ដែល​អាមេរិក​ត្រូវ​តែ​លូកដៃ​ចូលជួយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន។ តែ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​អាមេរិក​ហាក់​ដូច​ជា​បាន​លូកដៃ​កាន់​តែ​ជ្រៅ ព្រម​ទំាង​បាន​បង្ហាញ​សាច់ដុំ​ដាក់​ចិន​កាន់​តែ​ខ្លំាង។

អាច​មាន​ហេតុផល​សំខាន់​ពីរ​ដែល​អាមេរិក​មិន​អាច​បន្ត​ឱបដៃ​មើល​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​បាន ទី១ អាមេរិក​ចង់​ដណ្តើម​ឥទ្ធិពល​នៅ​ក្នុង​តំបន់​ដែល​ចិន​កំពុង​សោយរាជ្យ និង​ទី២ អាមេរិក និង​ប្រទេស​ពាក់ព័ន្ធ​បារម្ភ​ខ្លាច​ចិន​ប្រើ​កម្លំាង​ចូល​កាន់កាប់​តំបន់​មួយ​ដែល​ជា​តំបន់​យុទ្ធសាស្រ្ត​ផ្លូវ​សមុទ្រ​អន្តរជាតិ​ដ៏​សំខាន់។ កន្លង​មក ចិន​ធ្លាប់​បាន​បង្ហាញ​ពី​ជំហរ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​ជា​លក្ខណៈ​ទ្វេភាគី។ តែ​ប្រទេស​ទំាង​នោះ​មិនព្រម​ដោយ​សំអាង​ថា ខ្លួន​បាន​ចាញ់​ប្រៀប​មហាយ័ក្ស​ចិន​រួច​បាត់​ទៅ​ហើយ។

អ្វី​ដែល​វៀតណាម ម៉ាឡេស៊ី ព្រុយណេ និង​ហ្វីលីពីន​ចង់​បាន គឺ​ដំណោះស្រាយ​ជា​លក្ខណៈ​អន្តរជាតិ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ឬ​មួយ​ក៏​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ។ កន្លង​មក និង​ដោយ​អាង​អាមេរិក មាន​ប្រទេស​ខ្លះ​បាន​ចាត់​វិធានការ​ផ្ទាល់ខ្លួន​ប្រឆំាង​ចិន ដូច​យ៉ាង​ហ្វីលីពីន​បាន​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ឲ្យ​ជួយ​ធ្វើ​ជា​អាជ្ញាកណ្តាល។ ថ្មីៗ​នេះ តុលាការ​អាជ្ញាកណ្តាល​អចិន្ត្រៃយ៍​នៅ​ទីក្រុង​ឡាអេ​ដែល​ជា​ស្ថានប័ន​អន្តរជាតិ​បាន​ប្រកាស​ឲ្យ​ដឹង​ថា ខ្លួន​មាន​សមត្ថភាព​ចាត់​ការ​រឿង​នេះ។ តែ​ចិន​បាន​បដិសេធ​ជា​មុន​នូវ​រាល់​សេចក្តីសម្រេច​របស់​ស្ថាប័ន​តុលាការ​អន្តរជាតិ​មួយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ