អានតួអត្ថបទ
បួគីណាហ្វាសូ

ស្លាប់ជនស៊ីវិលយ៉ាងតិច៣៥នាក់ ក្នុងការវាយប្រហារភេរវកម្ម នៅបួគីណាហ្វាសូ

យប់​ថ្ងៃ​អង្គារ ទី​២៤ធ្នូ គឺ​មាន​​ស្លាប់ជនស៊ីវិលយ៉ាងតិច៣៥នាក់ នៅក្នុងការវាយប្រហារភេរវកម្ម នៅប្រទេស​បួគីណាហ្វាសូ។ ប្រទេសនៅ​​អាហ្វ្រិក​មួយ​នេះ បាន​ប្រកាស​កាន់​ទុក្ខ​ចំនួន​ពីរ​ថ្ងៃ​។ ប្រធានាធិបតី​​បួគីណាហ្វាសូ បាន​ចាត់ទុកថា​«នេះគឺ​ជា​មរណៈទុក្ខ​ដ៏​ក្រៀម​ក្រំ​​ចំពោះ​ពលរដ្ឋ​ និង​កងកម្លាំង​ទាហាន​​បួគីណាហ្វាសូ ខណៈ​ពេល​ដែល​ពិភពលោក​កំពុង​អបអរ​សប្បាយ​នឹងឱកាស​​បុណ្យ​ណូអែល និង​បុណ​ឆ្លង​ឆ្នាំថ្មី»​។ 

ទាហាន​បួគីណាហ្វាសូ ជិះឡាន​ល្បាត នៅខេត្ត​ភាគខាងជើង​ប្រទេស​
ទាហាន​បួគីណាហ្វាសូ ជិះឡាន​ល្បាត នៅខេត្ត​ភាគខាងជើង​ប្រទេស​ MICHELE CATTANI / AFP
ផ្សាយពាណិជ្ជកម្ម

គឺ​ជាការ​​​បំផ្ទុះ​គ្រាប់​បែក​បង្កប់​ក្នុង​ឡាន ហើយ​បន្ត​កន្ទុយ​ដោយ​ការ​បាញ់រះ​យ៉ាង​សន្ធឹក​សំដៅលើ​ជន​ស៊ីវិល។ ហេតុការ​ណ៍​​វាយ​​ប្រហារ​សម្លាប់​មនុស្ស​នេះ ​​កើត​ឡើង​នៅ​ខេត្ត​ភាគជើង​​​បួគីណាហ្វាសូ។​ ក្នុង​ចំណោម​អ្នក​បាត់​បង់​ជីវិត យ៉ាង​ហោចទាំង​៣៥នាក់​នោះ គឺ​ភាគច្រើ​នជាស្ត្រី​ភេទ ដល់ទៅ​ចំនួន​៣១នាក់។ ពលរដ្ឋ​ស៊ីវិល​៦នាក់​ផ្សេង​ទៀត រងរបួសធ្ងន់​​ ហើយ​ក៏មាន ទាហាន​ប៉ូលីស ប្រមាណ​២០នាក់ ​រងរបួស​ផង​ដែរ។ នេះបើតាម​ការ​បញ្ជាក់​របស់អ្នក​នាំពាក្យ​រដ្ឋា​ភិបាលនិង​ជា​រដ្ឋមន្ត្រី​ឃោសនាការ​។ រដ្ឋមន្ត្រី​រូបនេះ ក៏បាន​កត់​សម្គាល់​ដែរ ថា«ការ​វាយ​ប្រហារភេរវកម្ម​ជីហាត​លើក​​នេះ មានរយៈ​​ពេល​ជាច្រើន​ម៉ោង គឺ​យូរជាង​ការវាយ​ប្រហារ​ភេរវកម្ម​មុនៗ»។

ទន្ទឹមគ្នានេះ អគ្គ​មេបញ្ជាការ​បួគីណាហ្វាសូ បាន​អះអាង​ក្នុង​សេចក្តីថ្លែងការណ៍មួយ ថា«ក្រុម​ពួក​ភេរវជន គឺប្រដាប់​ដោយ​អាវុធ​គ្រប់ៗដៃ»។ ក្រោយ​ការ​វាយ​បង្គ្រាប​របស់​សមត្ថកិច្ច អំណាច​រដ្ឋ​ប្រមូលរឹប​អូស​​បាន​ម៉ូតូ​ជាង​មួយ​១០០គ្រឿង, កាំភ្លើង​​និង​គ្រាប់​រំសេវ​ជា​ច្រើន​ សុទ្ធសឹងតែ​មាន​គុណភាព​។

គួរជ្រាបថា ​បួគីណាហ្វាសូ ជា​ប្រទេស​រងគ្រោះមួយ​នៃ​អំពើ​ភេរវនិយម​នៅ​ក្នុង​តំបន់​សាហែល។ កាល​ពី​ឆ្នាំ​២០១៥ ការ​វាយ​ប្រហារ​​របស់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ជីហាត បាន​ប្រល័យ​ជីវិត​ជន​ស្លូតត្រង់ អស់​ចំនួន​៧០០នាក់ ហើយ​ពលរដ្ឋជាង​​៥៦ម៉ឺននាក់ ត្រូវ​រត់​ភៀសខ្លួន​ចោលផ្ទះ​សម្បែង។ នេះបើតាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ។ តំបន់​ដែល​រងគ្រោះ​ខ្លាំង ភាគច្រើន គឺនៅ​ភាគ​ខាងជើង និងខាងកើត​នៃផ្ទៃប្រទេស ក៏ប៉ុន្តែ សូម្បី​តែកណ្តាល​ប្រទេស គឺក្នុងរដ្ឋធានី Ouagadougou ក៏​ធ្លាប់​រង​ការ​វាយប្រហារ​ភេរវកម្ម​ចំនួន​បីដង​រួចហើយ។

ប្រឈម​នឹង​គ្រោះថ្នាក់​ភេរវកម្ម​ក្នុងតំបន់​យ៉ាងដូច្នេះ ប្រធានាធិបតីនិងថ្នាក់​ដឹកនាំរដ្ឋ អាហ្វ្រិក​ ក្នុងតំបន់​សាហែល​ទាំង​៥ប្រទេស មាន ​បួគីណាហ្វាសូ ម៉ាលី ម៉ូរីតានី នីហ្សេ និង ឆាត នឹងត្រូវ​​ធ្វើ​ដំណើរ​មកប្រទេស​បារាំង នៅ​ខែ​មករា​ខាងមុខនេះ​ តាមតប​ការ​អញ្ជើញ​របស់​ប្រធានាធិបតី អេម៉ាណុយអែល ម៉ាក្រុង ដើម្បីជួប​ប្រជុំ​គ្នា​រក​យុទ្ធសាស្ត្រ​បន្ថែម​ជាថ្មី ទប់​ទល់​ស្ថានការណ៍ដ៏​ក្តៅ​គគុក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ