អានតួអត្ថបទ
អូស្ត្រាលី

​អូស្ត្រាលី៖ រដ្ឋមន្ត្រី​១០នាក់​ សុំ​ចុះ​ចេញ​ពី​តំណែង​!

នៅ​ថ្ងៃពុធ​ ទី​២២សីហានេះ​ រដ្ឋមន្ត្រី​អូស្ត្រាលី​ ចំនួន​១០​នាក់ បាន​សុំ​លាឈប់​ពី​តំណែង។ នេះ​គឺ​ដោយហេតុ​តែ​ជម្លោះ​ទស្សន​និង​នយោបាយ​ផ្ទៃ​ក្នុងគណ​​​បក្ស​​កាន់​អំណាច។ ការ​សុំ​លាឈប់​ពី​សំណាក់​រដ្ឋមន្ត្រី​ជា​ច្រើន​នាក់​នេះ គឺ​ធ្វើ​ឲ្យ​តំណែង​នាយក​រដ្ឋមន្ត្រី​អូស្ត្រា​លី ក៏​ផុយ​ស្រួយ​ណាស់​ដែរ។ 

លោក Peter Dutton រដ្ឋមន្ត្រី​មហាផ្ទៃ​ដែល​លា​លែង​ពី​តំណែង
លោក Peter Dutton រដ្ឋមន្ត្រី​មហាផ្ទៃ​ដែល​លា​លែង​ពី​តំណែង REUTERS
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ដែល​សុំ​ឈប់​ពី​តំណែង​នោះ មាន​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ, ពាណិជ្ជកម្ម​, សុខាភិបាល និង​ក្រសួង​អភិវឌ្ឍ​អន្តរជាតិ​ជា​ដើម​​។  ​ពេល​នេះ លិខិត​​សុំ​ឈប់​​របស់​រដ្ឋមន្ត្រី​ ទាំង​១០នាក់​នោះ គឺ​មានតែ​​រដ្ឋម​ន្ត្រី​​ពីរនាក់​ប៉ុណ្ណោះ ដែល​បាន​ត្រូវ​នាយករដ្ឋមន្ត្រី Malcolm Turnbull សម្រេច​ចិត្តយល់​ព្រម​​ភ្លាមៗ​ ឲ្យ​ឈប់​ពីការងារ​។ ប៉ុន្តែ​​៨នាក់​ទៀត​ គឺ​គេ​នៅ​មិនទាន់​ដឹង​នៅឡើយទេ។

ក្នុង​ចំណោម​រដ្ឋមន្ត្រី​ទាំង​ពីរ ដែល​បានត្រូវ​អនុញ្ញាត​ឲ្យ​​ឈប់​ជាផ្លូវ​​នោះ គឺមាន​​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ Peter Dutton ដែល​ធ្លាប់​កាន់​កាប់​​ស្ថាប័ន​ជាតិ​ដ៏​សំខាន់ផ្នែក​នគរ​បាល អន្តោប្រវេសន៍ និង​ស៊ើប​ការ​សម្ងាត់​​។ លោក Peter Dutton ​នេះ គឺ​ជា​គូប្រជែង​ដ៏មុខ​​ស្រួច​ នៅក្នុង​បក្ស​កាន់​អំណាច​ ប្រឈម​មុខ​តទល់​នឹង​នាយករដ្ឋមន្ត្រី។ លោក Peter Dutton ​ មិន​លាក់​លាម​ឡើង​ថា លោក​នឹង​ចូល​រួម​ប្រកួត​​ប្រជែង​ការ​បោះឆ្នោតនៅ​​ឆ្នាំក្រោយ​នេះ។​ បើ​លោក​ឈ្នះ​ឆ្នោត​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​នៅ​ឆ្នាំ២០១៩ លោក​ថា​នឹង​កាត់​បន្ថយ​តម្លៃ​អគ្គិសនី​ ជួយ​ជំរុញ​គោល​នយោបាយ​ធនធានទឹក​ដល់​កសិករ ហើយ​ជាពិសេស កាត់​ផ្តាច់​ជា​ទីបំផុត ពួក​ជន​ភៀស​ខ្លួន​។

ចំណែក​នាយករដ្ឋមន្ត្រី Malcolm Turnbull វិញ ហាក់​បាន​កំពុង​ធ្លាក់​ប្រជាប្រិយភាពបន្តិច ដោយសារតែ​លោក​គាំទ្រ​ឲ្យ​ធ្វើ​ច្បាប់កាត់​បន្ថយ​ការ​ប្រើ​ឧស្ម័ន​។ ហើយ​ចំពេល​​រដ្ឋមន្ត្រី​គ្រាក់ៗ​ជាច្រើន​នាំ​គ្នា​សុំ​លាឈប់​ រត់​ចេញ​ពីរដ្ឋាភិបា​លដូច្នេះ គឺ​កាន់តែ​ធ្វើ​ឲ្យ​តំណែង​នាយករដ្ឋមន្ត្រី​ កាន់តែ​ផុយ​ស្រួយ​ថែមទៀត។ គួរ​សង្កត់​ធ្ងន់ថា រដ្ឋាភិបាល​អូស្ត្រាលី ពី​របី​អាណត្តិ​ចុងក្រោយនេះ គឺគ្មាន​នាយករដ្ឋមន្ត្រី​រូប​ណា ដែល​អាច​​កាន់​តំណែង​ បាន​ពេញ​មួយ​អាណត្តិ​ស្រួល​បួល​នោះទេ។ ​១១ឆ្នាំចុងក្រោយ​នេះ អូស្ត្រាលី​ មាន​នាយក​រដ្ឋមន្ត្រី​ដល់ទៅ​៧រូបឯណោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ