ឧនភាពសាធារណៈ៖ តុលាការគណនីទាញសញ្ញាអាសន្ន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:១០
លោក Didier Migaud ប្រធានតុលាការគណនី La Cour des comptes ដែលជាស្ថាប័នត្រួតពិនិត្យគណនីរដ្ឋបានប្រគល់របាយការណ៍ នៅថ្ងៃចន្ទទី២កក្កដាឆ្នាំ២០១២ម្សិលមិញ ជូនលោកនាយករដ្ឋមន្ត្រីបារាំង Jean-Marc Ayrault ។ របាយការណ៍ដែលស្នើសុំដោយលោកប្រធានាធិបតី ហ្វ្រង់ស័រ ហូឡង់ បានបង្ហាញឲ្យដឹងថា ឆ្នាំនេះរដ្ឋាភិបាលបារាំងត្រូវរកប្រាក់ចំណូលបន្ថែមឲ្យបានពី៦ទៅ១០ពាន់លានអឺរ៉ូបន្ថែមទៀត បើប្រទេសបារាំងចង់គោរពពាក្យសន្យារបស់ខ្លួនថា នឹងធ្វើឲ្យអត្រាឧនភាពសាធារណៈធ្លាក់មកនៅ៤,៥%នៅឆ្នាំ២០១២ ហើយត្រូវរកប្រាក់ចំណូលបន្ថែមឲ្យបានប្រមាណ៣៣ពាន់លានអឺរ៉ូបន្ថែមទៀតសម្រាប់ឆ្នាំក្រោយ បើចង់ឲ្យអត្រាឧនភាពសាធារណៈធ្លាក់មកនៅ៣%នៅឆ្នាំ២០១៣ នៅខណៈពេលដែលអត្រាកំណើនសេដ្ឋកិច្ចអាចមានត្រឹមតែ១%សម្រាប់ឆ្នាំ២០១៣។
រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី Jean-Marc Ayrault ចង់បានរបាយការណ៍របស់តុលាការគណនី La Cour des comptes ដែលជាស្ថាប័នត្រួតពិនិត្យគណនីរដ្ឋ ដើម្បីបញ្ជាក់បង្ហាញឲ្យឃើញពី “អភិបាលកិច្ចពុំល្អ » នៅក្នុងអាណត្តិប្រធានាធិបតីរបស់លោកនីកូឡាសាកូហ្ស៊ី ហើយនិងដើម្បីសុំឲ្យប្រជាពលរដ្ឋបារាំងយល់ព្រមខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការជួយប្រយុទ្ធប្រឆាំងទល់នឹងវិបត្តិសេដ្ឋកិច្ចនិងវិបត្តិហិរញ្ញវត្ថុនៅក្នុងប្រទេសបារាំងនិងនៅក្នុងតំបន់អឺរ៉ូទាំងមូល។
នៅក្នុងស្ថានភាពសេដ្ឋកិច្ចនិងស្ថានភាពហិរញ្ញវត្ថុដ៏សែនលំបាករបស់ប្រទេសបារាំងបច្ចុប្បន្ននេះ ដើម្បីរកប្រាក់ចំណូលបន្ថែមឬសន្សំសំចៃឲ្យបានប្រមាណ១០ពាន់លានអឺរ៉ូនៅឆ្នាំ២០១២ ហើយនិងប្រមាណ៣៣ពាន់លានអឺរ៉ូនៅឆ្នាំ២០១៣ ដើម្បីគោរពឲ្យបានសមស្របតាមពាក្យសន្យារបស់ខ្លួនជាមួយទីក្រុងព្រុចសែលថា នឹងធ្វើឲ្យអត្រានៃឧនភាពសាធរណៈធ្លាក់មកនៅត្រឹម៤,៥%នៃផលិតផលដុលក្នុងប្រទេសនៅឆ្នាំ២០១២ ហើយនិង៣%នៅឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រី Jean-Marc Ayrault គ្មានជម្រើសអ្វីក្រៅពីធ្វើការកាត់បន្ថយការចំណាយសាធារណៈរបស់រដ្ឋបារាំង ហើយនិងខិតខំប្រឹងប្រែងរកប្រាក់ចំណូលពន្ធដារបន្ថែម។
ក៏ប៉ុន្តែ បញ្ហាដ៏ស្មុគស្មាញនឹងត្រូវលេចឡើងចោទសួរថា តើគេត្រូវទៅរកប្រាក់ចំណួលពន្ធដារបន្ថែមដោយវីធីណាទៅ បើអត្រាសន្ទុះកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសបារាំង បើយោងតាមការប៉ាន់ស្មានរបស់អ្នកឯកទេសថាអាចមានត្រឹមតែ ០,៤% នៅឆ្នាំ២០១២ ហើយនិងប្រមាណ១%នៅឆ្នាំ២០១៣ដែលមានចំនួនតិចជាងការប៉ាន់ស្មានលើកមុនថាអាចមាន ១,៧%។ គួរបញ្ជាក់ថា អត្រាកំណើនសេដ្ឋកិច្ច ០,៥% ស្មើនឹងប្រាក់ចំណូលពន្ធដារសម្រាប់ប្រទេសបារាំងដល់ទៅ ៥ពាន់លានអឺរ៉ូ។
ដូច្នេះ បើគ្មានសន្ទុះកំណើនសេដ្ឋកិច្ច ប្រាក់ចំណូលពន្ធដារក៏ធ្លាក់ស្រុតចុះ ចំនួនអ្នកឥតការងារធ្វើក៏កើនឡើង តម្រូវការនៃប្រាក់ចំណាយទៅលើវិស័យជំនួយសង្គមកិច្ចក៏ត្រូវកើនឡើងបន្ថែមទៀត។ នេះពិតជាបញ្ហាដ៏សែនពិបាកដោះស្រាយ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីបារាំង Jean-Marc Ayrault ត្រូវតែរិះរកកាត់បន្ថយការចំណាយសាធារណៈគ្រប់វិស័យ លើកលែងតែការចំណាយពាក់ព័ន្ធនឹងក្រសួងសិក្សាធិការ ក្រសួងមហាផ្ទៃ ហើយនិងក្រសួងយុត្តិធម៌ ដែលលោកប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡង់ បានឲ្យអាទិភាពទៅលើក្រសួងទាំងបី។
នៅក្នុង ការរិះរកប្រាក់ចំណូលពន្ធដារវិញ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីបារាំង Jean-Marc Ayrault គ្រោងធ្វើការដំឡើងពន្ធដារទៅលើអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ISF Impôts sur la fortune ពន្ធជំនួយសង្គមទូទៅ CSG la Contribution Sociale Généralisée ហើយនិងលុបចេញនូវ “ជម្រករួចពន្ធដារ”ឬ les niches fiscales ។ ទាំងនេះ នឹងអាចធ្វើឲ្យរដ្ឋាភិបាលបារាំងរកបានប្រាក់ចំណូលពន្ធដារបានរាប់ពាន់លានអឺរ៉ូបន្ថែមទៀត។
មូលហេតុដែលនាំឲ្យសំណើធ្វើការដំឡើងអត្រាពន្ធលើតម្លៃបន្ថែម la TVA ដោយតុលាការគណនី La Cour des comptes ដែលជាប្រភពចំណូលពន្ធដារមួយដ៏ប្រពៃបានត្រូវបដិសេធដោយ លោក jerôme Cahuzac រដ្ឋមន្ត្រីក្រសួងថវិកាបារាំង បណ្តាលមកពីអ្នកដឹកនាំបក្សសង្គមនិយមបារាំងដែលកំពុងឡើងកាន់អំណាចបច្ចុប្បន្ននេះយល់ឃើញថា ពន្ធលើតម្លៃបន្ថែម la TVA ជាពន្ធដារដែលប៉ះពាល់ដល់ប្រជាជនបារាំងគ្រប់ស្រទាប់វណ្ណៈទាំងអ្នកមាន ទាំងអ្នកក្រ ហើយអ្នកដឹកនាំបារាំងឆ្វេងនិយមពុំចង់ឃើញអ្នកក្របារាំងដែលកំពុងមានការលំបាកស្រាប់ មករងទទួលពន្ធដារបន្ថែមទៀតឡើយ។ ហើយម្យ៉ាងទៀត នាឱកាសឃោសនាបោះឆ្នោតប្រធានាធិបតីនិងសភាបារាំងនៅពេលថ្មីៗកន្លងទៅនេះ អ្នកដឹកនាំសង្គមនិយមធ្លាប់បានសន្យាថា នឹងពុំធ្វើការដំឡើងអត្រាពន្ធលើតម្លៃបន្ថែមឡើយ ពីព្រោះវាជាអំពើអយុត្តិធម៌។ ក៏ប៉ុន្តេ បើប្រសិនជា ស្ថានភាពសេដ្ឋកិច្ចនិងស្ថានភាពហិរញ្ញវត្ថុបារាំងនៅតែមានការលំបាកតទៅទៀត ការដំឡើងអត្រាពន្ធលើតម្លៃបន្ថែម la TVA នៅពេលអនាគតប្រាកដជាពុំអាចគេចចៀសបានឡើយ។
គួរកត់សម្គាល់ថា ប្រាក់បំណុលសាធារណៈបារាំងបានឈានដល់ឯតទគ្គកម្មមួយដ៏គួរឲ្យសែនបារម្ភ។ នៅចុងឆ្នាំ២០១១ ប្រាក់បំណុលសាធារណៈបារាំងបានកើនឡើងដល់៨៦%នៃផលិតផលដុលក្នុងប្រទេស ឬស្មើនឹង១ ៧១៧ពាន់លានអឺរ៉ូ ឬត្រូវជា៦២ ០០០អឺរ៉ូសម្រាប់គ្រួសារបារាំងនីមួយៗ។ ហើយនៅចុងឆ្នាំ២០១២នេះ ប្រាក់បំណុលសាធារណៈបារាំងអាចកើនឡើងដល់លើសពី៩០%នៃផលិតផលដុលសរុប៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ