អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បក្ស​កាន់អំណាច​បង់ក្លាដែស​ឈ្នះ​ការ​បោះឆ្នោត​ដែល​ពោរពេញ​ដោយ​អំពើ​ហិង្សា ​និង​ការ​ធ្វើ​ពហិការ

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណបក្ស​កាន់អំណាច​​នៅ​បង់ក្លាដែស​​បាន​ទទួលជោគជ័យ​​ក្នុងការ​បោះឆ្នោត​ជាតិ​ កាល​ពីថ្ងៃ​អាទិត្យ។ វា​មិនមែន​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ ពីព្រោះ​ថា គណបក្ស​របស់​លោក​ស្រី​នាយករដ្ឋមន្រ្តី ហាស៊ីណា (Hasina) ឈរឈ្មោះ​បោះឆ្នោត​តែ​ម្នាក់ឯង ដោយ​គ្មាន​បក្ស​ប្រឆាំង។ មនុស្ស​ប្រមាណ​ជាង ២០នាក់​ត្រូវ​បាត់បង់​ជីវិត ក្នុង​អំពើ​ហិង្សា នៅថ្ងៃ​បោះឆ្នោត។ ចំណែក​ឯ​អត្រា​អ្នក​ចេញ​ទៅ​បោះឆ្នោត​វិញ មាន​កម្រិត​ទាប​បំផុត។

លោកស្រី Khaleda Zia (ឆ្វេង) មេដឹកនាំ​បក្ស​ប្រឆាំង និង​លោកស្រី Cheikh Hasina នាយករដ្ឋមន្រ្តី​បង់ក្លាដែស
លោកស្រី Khaleda Zia (ឆ្វេង) មេដឹកនាំ​បក្ស​ប្រឆាំង និង​លោកស្រី Cheikh Hasina នាយករដ្ឋមន្រ្តី​បង់ក្លាដែស (Photos : Reuters)
ផ្សាយពាណិជ្ជកម្ម

ថ្វីដ្បិត​តែ​លទ្ធផល​បោះឆ្នោត​​នៅមិនទាន់​ត្រូវ​បាន​ប្រកាស​ជាផ្លូវការ នៅថ្ងៃ​ចន្ទ​នេះ ក៏ប៉ុន្តែ លទ្ធផល​បណ្តោះអាសន្ន​បង្ហាញ​ថា គណបក្ស​កាន់អំណាច គឺ​ជា​អ្នក​ទទួលជោគជ័យ ក្នុងការ​បោះឆ្នោត កាល​ពីថ្ងៃ​អាទិត្យ។ ក៏ប៉ុន្តែ គេប៉ាន់​ប្រមាណ​ថា អត្រា​អ្នក​ចេញ​ទៅ​បោះឆ្នោត​អាច​នឹង​មាន​កម្រិត​ទាប​បំផុត មិន​ធ្លាប់​មាន ក្នុង​ប្រវត្តិ​នៃ​ការ​បោះឆ្នោត​ នៅ​បង់ក្លាដែស។ នៅពេលនេះ គេ​នៅមិនទាន់​ទទួលបាន​តួលេខ​ទូទាំង​ប្រទេស​នៅឡើយទេ ក៏ប៉ុន្តែ សម្រាប់​រដ្ឋធានី​ដាកា (Dhaka) ប្រជាពលរដ្ឋ​ ដែល​ចេញ​ទៅ​បោះឆ្នោត​មានប្រហែល​ត្រឹមតែ ២២%​ប៉ុណ្ណោះ។

នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត ការិយាល័យ​បោះឆ្នោត​រាប់រយ​កន្លែង​ត្រូវ​ទទួល​រងនូវការ​វាយប្រហារ និង​ដុតបំផ្លាញ។ មនុស្ស​ពី ១៨ ទៅ ២៤នាក់ ត្រូវ​បាត់បង់​ជីវិត។

គណបក្ស BNP (Bangladesh National Party) ដែល​ជា​បក្ស​ប្រឆាំង​ដ៏ធំ បាន​ធ្វើ​ពហិការ​មិនចូលរួម​បោះឆ្នោត ក្រោយ​ពី​លោកស្រី​នាយករដ្ឋមន្រ្តី​ហាស៊ីណា (Cheikh Hasina) បដិសេធ​មិនព្រម​ចុះចេញ​ពីតំណែង នៅ​មុន​ការបោះឆ្នោត ដើម្បី​​​បង្កើត​រដ្ឋាភិបាល​ចាំផ្ទះមួយ ដែល​អព្យាក្រឹត ស្រប​ទៅតាម​ការ​អនុវត្ត​នាពេល​កន្លងមក។

គួរបញ្ជាក់ថា ចាប់តាំង​ពី​ឆ្នាំ​១៩៩៦ ការបោះឆ្នោត​ជាតិ​បង់ក្លាដែស ត្រូវ​រៀបចំ​ធ្វើ ក្រោមការ​ចាត់ចែង​របស់​រដ្ឋាភិបាល​ចាំផ្ទះ ដែល​មិនចំណុះ​ឲ្យ​គណបក្ស​ណាមួយ ដើម្បី​ធានា​ឲ្យ​ដំណើរការ​បោះឆ្នោត​អាច​ធ្វើ​ទៅ​ដោយ​សេរី និង​យុត្តិធម៌។ ក៏ប៉ុន្តែ គណបក្ស​កាន់អំណាច​របស់​លោកស្រី​នាយករដ្ឋមន្រ្តី​​ហាស៊ីណា​ បាន​ធ្វើការ​កែប្រែ​រដ្ឋធម្មនុញ្ញ ហើយ​សម្រេច​រៀបចំ​ការ​បោះឆ្នោត ដោយ​មិន​​បង្កើត​រដ្ឋាភិបាល​ចាំផ្ទះ។
 
បណ្តា​ប្រទេស​លោកខាងលិច​មួយចំនួន រួមមាន​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ជាដើម បាន​បដិសេធ​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​បោះឆ្នោត​ឲ្យ​ទៅ​បង់ក្លាដែស។

គណបក្ស​ប្រឆាំង ក្រៅពី​បានធ្វើ​ពហិកា​រ​មិនចូលរួម​ការបោះឆ្នោត ក៏​បាន​រៀបចំ​ឲ្យ​មាន​ការ​ធ្វើ​កូដកម្ម និង​បាតុកម្ម​យ៉ាង​ច្រើន​ផងដែរ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល។ គណបក្ស​កាន់អំណាច​បាន​ចោទ​បក្ស​ប្រឆាំង​ថា​បាន​ប្រើ​អំពើ​ហិង្សា បង្ក​ការភ័យខ្លាច ដើម្បី​រារាំង​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ចេញ​ទៅ​បោះឆ្នោត។

នៅ​ក្រោយ​ការ​បោះឆ្នោត វិបត្តិ​នយោបាយ​បង់ក្លាដែស​នៅតែ​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ។ ​គណបក្ស​ធំៗ​ទាំងពីរ​នៅតែ​បន្ត​ប្រឈមមុខ​ដាក់គ្នា ដោយ​មិនមាន​ភាគី​ណាមួយ​សុខចិត្ត​បន្ទន់​ជំហរ ដើម្បី​សម្រុះសម្រួល​រក​ដំណោះស្រាយ។

គណបក្ស​ប្រឆាំង​ទាមទារ​ឲ្យ​លុបចោល​លទ្ធផលបោះឆ្នោត កាលពីថ្ងៃ​អាទិត្យ ហើយ​រៀបចំ​ការ​បោះឆ្នោត​ឡើងវិញ ក្រោម​ការ​ចាត់ចែង​របស់​រដ្ឋាភិបាល​ចាំផ្ទះ ដែល​អព្យាក្រឹត។
លោកស្រី​នាយករដ្ឋមន្រ្តី​ហាស៊ីណា​ហាក់​បាន​បង្ហាញ​នូវ​ឆន្ទៈ​ចង់​ឲ្យ​មាន​ការ​រៀបចំ​ការ​បោះឆ្នោត​ឡើងវិញ ទៅតាម​ការទាមទារ​របស់​បក្ស​ប្រឆាំង ក៏ប៉ុន្តែ បាន​ដាក់​លក្ខខណ្ឌ​ច្រើន៖ ​ឲ្យ​បក្ស​ប្រឆាំង​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា, កាត់ផ្តាច់​​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​អ៊ីស្លាម​ជ្រុលនិយម និង​​ជាពិសេស ឲ្យ​បក្ស​ប្រឆាំង​បញ្ឈប់​ការ​ទាមទារ​ឲ្យ​បង្កើត​រដ្ឋាភិបាល​ចាំផ្ទះ។

គណបក្ស​ធំៗ​ទាំងពីរ នៅតែ​បន្ត​ទម្លាក់​ការទទួលខុសត្រូវ​ដាក់គ្នា​ទៅវិញទៅមក​ថា ជា​អ្នក​បង្ក​វិបត្តិ​នៅពេលនេះ។ ក៏ប៉ុន្តែ អ្នកវិភាគ​ឯករាជ្យ​ភាគច្រើន ​នៅ​បង់ក្លាដែស យល់ថា គេ​មិន​អាច​បន្ទោស​តែ​ម្ខាង​ណាមួយ​បានទេ តែវា​ជា​កំហុស​ទាំងសងខាង ពីព្រោះថា គ្រប់​អ្នក​នយោបាយ​បង់ក្លាដែស​ទាំងអស់ ទាំង​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំងគិតតែ​ពី​ប្រយោជន៍ និង​មុខមាត់​ខ្លួនឯង មិនយក​ប្រយោជន៍​រួមជាធំ។

ការប្រកាន់ជំហរ​តឹងរ៉ឹង​រៀងៗខ្លួន​របស់​គណបក្ស​ធំៗ​ទាំងពីរ ​ធ្វើ​ឲ្យ​វិបត្តិ​សង្គម និង​នយោបាយ​បង់ក្លាដែស​ត្រូវ​ស្ថិត​ក្នុង​ភាព​ទាល់ច្រក បង្ក​ឲ្យ​មាន​ក្តីបារម្ភ​ថា វា​អាច​នឹង​ប៉ះពាល់​ទៅដល់​​វិស័យសេដ្ឋកិច្ចបង់ក្លាដែស ដែល​ជា​ប្រទេស​ដ៏ក្រីក្រ​មួយ នៅ​ក្នុង​តំបន់​អាស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ