អានតួអត្ថបទ
បង់ក្លាដែស

បង់ក្លាដែស៖ ការ​ប៉ះទង្គិច​គ្នា​រវាង​ប៉ូលិស និង​ហ្វូង​បាតុករ​បាន​បណ្តាល​ឲ្យ​ស្លាប់​បាតុករ​ម្នាក់

នៅ​ក្នុង​ប្រទេស​បង់ក្លាដែស ទោះ​បី​ជា​មាន​ការ​ហាម​ឃាត់​ពី​អាជ្ញាធរ​មិន​ឲ្យ​ធ្វើ​បាតុកម្ម​ក៏​ដោយ ក៏​ក្បួនបាតុកម្ម​រៀបចំ​ដោយ​ក្រុម​គណបក្សប្រឆំាង​នៅ​តែ​កើត​មាន​ដូច​ការ​គ្រោង​ទុក​នា​ថ្ងៃ​អាទិត្យ ទី២៩ ធ្នូ​ម្សិលមិញ។ តែ​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​អំពើហិង្សា​រវាង​កម្លំាង​ប៉ូលិស និង​ក្រុមបាតុករ​បាន​ផ្ទុះ​ឡើង​តំាង​ពី​ពេល​ហែរក្បួន​ដំបូង ដោយ​បណ្តាល​ឲ្យ​មាន​ស្លាប់​បាតុករ​ម្នាក់។ សូម​រម្លឹក​ជូន​ថា ក្រុមគណបក្សប្រឆំាង​បាន​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លើក​ថ្ងៃបោះឆ្នោត​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី ៥ មករា​ខាង​មុខ និង​បាន​ទាមទារ​ឲ្យ​លោកស្រី​នាយករដ្ឋមន្រ្តី​ចុះចេញ​ពី​មុខតំណែង។

បង់ក្លាដែស៖ ការ​ប៉ះទង្គិច​គ្នា​រវាង​ប៉ូលិស និង​ហ្វូង​បាតុករ​បាន​បណ្តាល​ឲ្យ​ស្លាប់​បាតុករ​ម្នាក់
បង់ក្លាដែស៖ ការ​ប៉ះទង្គិច​គ្នា​រវាង​ប៉ូលិស និង​ហ្វូង​បាតុករ​បាន​បណ្តាល​ឲ្យ​ស្លាប់​បាតុករ​ម្នាក់ REUTERS/Andrew Biraj
ផ្សាយពាណិជ្ជកម្ម

 

ក្បួនបាតុកម្ម​ថ្មី​នេះ​ត្រូវ​បាន​ក្រុមគណបក្សប្រឆំាង​ឲ្យ​ឈ្មោះ​ថា « ដំណើរ​ស្វែង​រក​លទ្ធិប្រជាធិបតេយ្យ »។ នៅ​ទីបំផុត ក្បួនបាតុកម្ម​ដែល​រដ្ឋអំណាច​ហាម​ឃាត់​បាន​ពើបប្រទះ​នឹង​ភាព​ប្រទូស្ត្រាយ​គ្នា​យ៉ាង​ហិង្សា​រវាង​កម្លំាង​ប៉ូលិស និង​ក្រុមបាតុករ​ដោយ​បាន​បណ្តាល​ឲ្យ​បាតុករ​ស្លាប់​ម្នាក់ និង​របួស​ជា​ច្រើន​នាក់​ផ្សេង​ទៀត។ ក្រុម​ប៉ូលិស និង​កម្លំាង​សន្តិសុខ​ផ្សេង​ទៀត​ដែល​មាន​គ្នា​សរុប​ប្រមាណ​ជា ១១ ០០០នាក់​បាន​អះអាង​ថា ការ​ដែល​ខ្លួន​បាន​ប្រើ​កាណុង​បាញ់ទឹក និង​គ្រាប់កំាភ្លើងពិត​បាញ់​បង្រ្កាប​លើ​ហ្វូងបាតុករ មក​ពី​ពួក​បាតុករ​បាន​ចោល​​គ្រាប់បែក​ឆ្នៃ​ទៅ​លើ​ប៉ូលិស។ អ្វី​ជា​ការ​កត់សម្គាល់ លោកស្រី Khaleda Zia អតីត​នាយករដ្ឋមន្រ្តី និង​ជា​ប្រធាន​គណបក្សប្រឆំាង គឺ​​គណបក្សជាតិនិយម​បង់ក្លាដែស​ត្រូវ​បាន​កម្លំាង​ប៉ូលិស​រារំាង​មិន​ឲ្យ​ចូលរួម​នៅ​ក្នុង​ក្បួនបាតុកម្ម​នោះ​ទេ។ លោកស្រី Zia ដែល​កំពុង​ជាប់​ឃុំឃំាង​នៅ​ក្នុង​គេហដ្ឋាន​របស់​លោកស្រី​ក្នុង​ទីក្រុង​ដាកា។

គួរ​ជម្រាប​ជូន​ថា អស់​រយៈពេល​ជា​ច្រើន​ឆ្នំា​កន្លង​មក​ហើយ ដែល​ប្រទេស​បង់ក្លាដែស​បាន​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ខ្លំាង​រវាង​ស្រ្តី​ពីរ​រូប​ដើម្បី​អំណាច គឺ​លោកស្រី Sheikh Hasina ដែល​បច្ចុប្បន្ន​ជា​នាយរដ្ឋមន្រ្តី និង​ជា​ប្រធាន​គណបក្ស​សម្ព័ន្ធ Awami និង​លោកស្រី Khaleda Zia ដែល​ជា​អតីត​នាយករដ្ឋមន្រ្តី និង​ជា​ប្រធាន​គណបក្សជាតិនិយម​បង់ក្លាដែស។ អ្វី​ដែល​លោកស្រី Zia បាន និង​កំពុង​បន្ត​ទាមទារ​មក​ដល់​សព្វថ្ងៃ គឺ​ការ​លើក​ថ្ងៃ​បោះឆ្នោត​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី៥ មករា​ខាង​មុខ និង​ការ​ចុះចេញ​ពី​អំណាច​របស់​លោកស្រី Hasina។ ជាមួយ​គ្នា​នេះ លោកស្រី Zia ក៏​បាន​ស្នើ​ឲ្យ​បង្កើត​រដ្ឋាភិបាល​មួយ អព្យាក្រឹត និង​បណ្តោះអាសន្ន នៅ​មុន​ការ​រៀបចំ​បោះឆ្នោត។ តែ​លោកស្រី Hasina មិនព្រម។ តំាង​ពី​ពេល​នោះ​មក លោកស្រី Zia ក៏​បាន​រៀបចំ​ក្បួនបាតុកម្ម​ជា​បន្តបន្ទាប់។

គិត​ត្រឹម​មួយ​ឆ្នំា ២០១៣ នេះ អំពើហិង្សា​នៅ​ក្នុង​ក្បួនបាតុកម្ម​នានា​បាន​សម្លាប់​ប្រជាជន​បង់ក្លាដែស​យ៉ាង​តិច ២៧៤នាក់។ គឺ​ជា​តួលេខ​សោកនាដកម្ម​មួយ​យ៉ាង​ខ្ពស់​ដែល​បង់ក្លាដែស​មិន​ធ្លាប់​ប្រទះ​ទេ តំាង​ពី​ប្រទេស​ទទួល​បាន​ឯករាជ្យ​ក្នុង​ឆ្នំា ១៩៧១ មក។ មួយ​វិញ​ទៀត តំាង​ពី​ឆ្នំា ១៩៧១ មក បង់ក្លាដែស​ក៏​បាន​ស្គាល់​រដ្ឋប្រហារ​យោធា​ប្រមាណ​ជា ២០ដង​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ