អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អតីត​ប្រធានធិបតី​ប្រេស៊ីល​កំពុងជាប់​ពន្ធនាគារ ឈរ​ឈ្មោះ​បោះឆ្នោត និងចង់​តស៊ូមតិ​លើ​កញ្ចក់​ទូរទស្សន៍​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​យប់ថ្ងៃទី​៩ឈាន​ចូល​ទី​១០សីហា​នេះ  TV Bandeirantes ទូរទស្សន៍​មួយ​ដ៏​ល្បី​នៅ​ទីក្រុង​សៅប៉ូឡូ (São Paulo) បាន​រៀប​ចំ​ការ​ជជែក​តស៊ូមតិ ថ្ងៃ​ទី១ ​រវាង​បេក្ខជន​ប្រធានាធិបតី​ នៅ​ប្រេស៊ីល​។​ ក៏ប៉ុន្តែ ការ​ជជែក​ពិភាក្សា​នេះ​ គ្មាន​វត្តមាន​បេក្ខជន​មក​ពី​គណបក្ស​ការងារ គឺ​លោក Luiz Inácio Lula da Silva (គេ​ច្រើន​ហៅ លូឡា) នោះទេ។ ដ្បិត​ថា​លោក​​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​សារ​សំណុំ​រឿង​ពុក​រលួយ​។ ​លោក លូឡា បាន​ទាមទារ​ឲ្យ​គេ​រៀបចំ​ឲ្យ​គាត់និយាយ​​តស៊ូមតិ​តាម​វី​ដេអូ​ពី​ក្នុង​គុក​ តែ​ទីបំផុត ​តុលាការ​បដិសេធ។​ តើ​គណបក្ស​ការងារ​ប្រេស៊ីល មាន​ប្រតិកម្ម​ដូចម្តេច​ទៅ?​

លោកអតីតប្រមុខរដ្ឋប្រេស៊ីល Luiz Inácio Lula da Silva កាលពី​ធ្វើ​មេទ្ទីញ​កន្លងមក
លោកអតីតប្រមុខរដ្ឋប្រេស៊ីល Luiz Inácio Lula da Silva កាលពី​ធ្វើ​មេទ្ទីញ​កន្លងមក MAURO PIMENTEL / AFP
ផ្សាយពាណិជ្ជកម្ម

គណបក្ស​ការងារ​របស់​លោក លូឡា បាន​ចាត់ទុក​ថា ដំណើរ​ការបោះឆ្នោត​ និង​ការ​តស៊ូមតិ​នេះ ​គ្មាន​ភាព​សេរី ​និង​ស្មើភាព​គ្នា​ទេ សោភ័ណ​។ បើ​ការ​បោះឆ្នោត​ ល្អ​  ស្មើភាព​គ្នា ប្រកប​ដោយ​ប្រជាធិបតេយ្យ​ ពិ​ត​មែន គឺគួរតែ​ឲ្យ​បេក្ខជន​ប្រធានាធិបតី​ពីគ្រប់​បក្ស​នយោបាយ​ អាច​ចូលរួម​តស៊ូមតិ ជជែក​​ដេញ​ដោល​មតិ​គ្នា។ នេះ​ជា​ជំហរ​របស់​បក្ស​ការងារ ដែល​បាន​បង្កើត​ឡើងដោយ​​លោក លូឡា។  ​លោក លូឡា ខ្លួន​ឯង បាន​សរសរសេរ​លិខិត​ចេញ​ពីគុក ដោយ​ចាត់ទុកថា សេចក្តី​សម្រេច​របស់​តុលាការ ហាម​មិន​ឲ្យ​លោក​បង្ហាញ​មុខតាម​ទូរទស្សន៍ ​សម្រាប់​​ជជែក​តស៊ូមតិ​នេះ​ គឺជា​ការ​រំលោភព​លើ​សិទ្ធ​ពលរដ្ឋ​ប្រេស៊ីល។

សូម​បញ្ជាក់ថា បួន​ប្រាំ​ខែ​មុន​ការ​បោះឆ្នោះ លោកអតីត​ប្រធានធិបតី​ លូឡា ត្រូវ​តុលាកា​រ​ប្រេស៊ីល​ចាប់​ដាក់​គុក ពីបទ​ចោទថា​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ និងបទ​​លាង​លុយ​កខ្វក់។ រហូត​មកដល់​ពេល​នេះ អ្នក​នយោបាយ​ចាស់​វស្សា​រូបនេះ បាន​ជាប់​ឃុំ​ជាង​១០០ថ្ងៃហើយ។​  ​សាលា​ដំបូង បាន​​កាត់ទោស​ឲ្យ​ជាប់​គុក ៩ឆ្នាំកន្លះ តែ​ដល់​ពេល​លោក​ប្តឹង​ឧទ្ធរណ៍ តុលាការ​ឧទ្ធរណ៍​បាន​កាត់ក្តី​ដាក់​​ទោស​រូប​លោក​បន្ថែម​ទៀត។​ ជា​សរុប​លោក លូឡា ត្រូវ​ជាប់​គុក​រហូត​ដល់​១២ឆ្នាំ​និង​មួយ​ខែ។

លោក លូឡា ជាប់​ពន្ធនាគារ​ទៅហើយ តើ​ហេតុអ្វី​បាន​ជា​ត្រូវគណបក្សរបស់លោក នៅតែ​ជម្នះជ្រើសតាំងរូប​លោក​ជាបេក្ខជនប្រធានាធិបតីទៀត? តើ​ហេតុអ្វី​លោក លូឡា ​មាន​សក្កានុពល​ម្ល៉េះ?​

​ការ​តែងតាំង​លោក លូឡា ជា​បេក្ខភាព​ប្រធានាធិបតី​ពី​គណ​បក្ស​ការងារ ​ ពីព្រោះ បច្ចុប្បន្ន​ អតីត​ប្រធានាធិបតីរូប​នេះ កំពុង​តែ​​មាន​ប្រជាប្រិយភាព​នៅឡើយ នៅ​ក្នុងចំណោម​​បណ្តាជន​ប្រេស៊ីល។ តាម​ការ​ស្ទង់​មតិ​ចុងក្រោយ សម្រាប់​ការ​បោះឆ្នោត​ជុំទី១​​ គឺ​អាច​នឹង​មាន​អ្ន​កបោះឆ្នោត​ឲ្យ​រូប​លោក ពី​៣០ ទៅ​៤០ភាគរយ។ ចំនួន​នេះ​គឺ​​អាច​អនុញ្ញាត​ឲ្យ​រូប​លោក ឈាន​ចូល​ទៅ​ការ​បោះឆ្នោត​ប្រធានាធិបតី​ជុំទី២ បាន​ដោយ​ងាយ​ស្រួល​។

គួរ​តែ​បញ្ជាក់​ថា លោក លូឡា ធ្លាប់​ជាប់​ឆ្នោត​ធ្វើ​ជាប្រធានាធិបតីពីរអាណត្តិរួចមកហើយ។ លោក​បា​នដឹកនាំប្រទេស ពីឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០១១។ លោក​ត្រូវ​ឈប់​មួយ​រយៈ​សិន ព្រោះ​រដ្ឋធម្មនុញ្ញ​ប្រេស៊ីល​មិន​អនុញ្ញាតឲ្យ​ធ្វើ​ប្រធានាធិបតី​ជាប់ៗគ្នា​៣អាណត្តិ​នោះទេ។​ លោកក៏​​បាន​ផ្ទេរ​តំណែង​ឲ្យ​មនុស្ស​ជំនិត​របស់​គាត់​។​

នៅ​ក្នុង​ជីវិត​នយោបាយ​របស់​អតីត​ប្រមុខ​រដ្ឋ​រូបនេះ​ គឺ​លោក លូឡា ជា​និមិត្ត​រូប​នេះ​បណ្តាជន​ក្រីក្រ​នៅ​ប្រេស៊ីល រហូត​ដល់​គេ​ប្រសិទ្ធនាម​ឲ្យ​ថា បិតា​នៃពួក​អ្នក​ក្រ។ នៅ​ក្នុង​អាណត្តិ​ដឹកនាំ​របស់​គាត់​ យ៉ាងហោច​មាន​ប្រជាជន​ប្រេស៊ីល​ ៣៦លាន​នាក់ បាន​រំដោះ​ខ្លួន​រួច​ពី​ភាព​ក្រីក្រ។

មួយ​វិញទៀត! មូលហេតុ​ដែល​អ្ន​កក្រ​ស្រឡាញ់​គាំទ្រ​រូប​លោក លូឡា ពី​ព្រោះថា​ គាត់​មាន​ប្រវត្តិ​ជី​វិត​ជា​កូន​អ្ន​កក្រដែរ។ កើត​ក្នុង​គ្រួសារ​ដែល​មាន​ឪពុក​ជាអ្នក​ស្រែ មាន​កូន​ដល់ទៅ​៨នាក់។ លោក លូឡា ធ្លាប់​ធ្វើ​ជា​កម្មករ ផ្នែក​ឧស្សាហកម្ម​លោហធាតុ​  ហើយលោក​បាន​​បង្កើត​ជា​សហជីព​តំណាង​ឲ្យ​កម្មករ រាប់​លាន​នាក់​​ មុន​នឹង​បង្កើត​គណបក្ស​នយោបាយ​។ គោល​នយោបាយ​សំខាន់​របស់​លោក គឺ​លុប​បំបាត់ភាព​អត់​ឃ្លាត។ កន្លង​មក លោកបាន​លើកឡើង​ថា ក្រោម​ការ​កាន់​អំណាច​របស់​លោក ពលរដ្ឋ​ប្រេស៊ីល​ត្រូវ​មាន​អាហារ​បី​ពេល​សម្រាប់​ទទួល​ទាន​រៀង​រាល់​ថ្ងៃ។​

ទោះបី​លោក លូឡា ខ្លាំង​ពូកែ​យ៉ាងណា​ក៏ដោយ ក៏​ទំនង​ជា​មិន​អាច​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ ជា​ថ្មីទេ។​ ពីព្រោះថា តុលាការ​ច្បាស់​ជា​មិន​អាច​ដោះលែង​រូប​លោកឲ្យ​ចេញពីគុក​នោះឡើយ​។ មិន​ថា​អ៊ីចឹង​ហ្អេ?

បើ​តាម​ច្បាប់​ព្រហ្មទណ្ឌ​របស់​ប្រេស៊ីល មា​ត្រា​មួយ​ចែង​ថា បើ​ពិរុទ្ធជន​ត្រូវ​តុលាការ​ឧទ្ធរណ៍​កាត់ទោស​ថា​មាន​ទោស​ឧក្រិដ្ឋ​ហើយ គឺ​ពុំ​អាច​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​បាន​នោះទេ។ ករណី​នេះ គឺវា​ត្រូវ​​ចំលើ​​សំណុំ​រឿង​របស់​លោក លូឡា​ តែម្តង។ យ៉ាងណា​ក៏ដោយ តុលាការ​ជាន់​ខ្ពស់​ទទួល​បន្ទុក​កិច្ច​ការ​បោះឆ្នោត នឹង​វិនិច្ឆ័យ​សម្រេច​ពីករណី​បេក្ខភាព​ប្រធានាធិបតី​របស់​អ្នក​ទោសនយោបាយ​រូបនេះ នៅ​ថ្ងៃទី​១៥សីហា​ ខាងមុខ។​

សេចក្តី​សម្រេច​នោះ គឺត្រូវ​គេ​មើល​ឃើញថា ទំនង​ជា​គ្មាន​ផ្លូវ​វិជ្ជមាន​សម្រាប់​រូប​លោក​ លូឡា​នោះឡើយ។ ក៏ប៉ុន្តែ​ មហាជន​ដែល​នៅ​ស្រឡាញ់​គាំទ្រ​លោក លូឡា នៅតែ​ចង់​ឲ្យ​សាលា​ជម្រះ​ក្តី​ដោះលែង​រូប​លោក​ដដែល។ គេ​នៅ​មិន​ដឹង​នៅ​ឡើយ​ថា នឹង​មា​នបាតុកម្មដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​អ្នក​នយោបាយ​រូប​នេះ ឬ​យ៉ាង​​ណា​ខ្លះ​នោះទេ។

លោក លូឡា មាន​អាយុ​៧៣ឆ្នាំ គឺ​វ័យ​ចាស់វស្សា​​ដែរ​​ហើយ តើ​ក្នុង​បក្ស​របស់​លោក គ្មាន​បុគ្គល​ណា​គ្រាន់​បើ​សម្រាប់​ជំនួស​រូប​លោកទេឬ? ហើយ​ក្នុង​​ការ​បោះឆ្នោត​ប្រធានាធិបតី​ប្រេស៊ីល​លើកនេះ តើ​បក្ស​ណា​ទំនង​ជា​ឈ្នះ?

ប្រសិន​បើ​តុលាការជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបោះឆ្នោត សម្រេច​នៅ​៥ថ្ងៃទៀត ថា​មិន​ឲ្យ​រូប​លោកឈរ​ឈ្មោះ​នោះ​ទេ​ នោះ​គណបក្ស​ការងារ​ នឹង​ដាក់​បេក្ខភាពថ្មី ដែលជា​​អនុប្រធាន​របស់​លោក លូឡា។ អ្នក​ថ្មីនេះ គឺជា​អតីត​អភិបាល​ក្រុង​សៅប៉ូឡូ ក៏ប៉ុន្តែ​​គេ​មិន​សូវ​ស្គាល់គាត់​​ប៉ុន្មាន​ទេ នៅក្រៅ​ពី​ក្រុង​សៅប៉ូឡូ​របស់​គាត់។

ចំណែក​បក្ស​នយោបាយផ្សេងទៀត​ ​ដែល​កំពុង​មាន​សន្ទុះ​ខ្លាំង​សម្រាប់​ការ​បោះឆ្នោត​លើកនេះ គឺ​គេ​រំពឹង​ទៅលើលោក Jair Bolsonaro ដែល​មាន​ពី​បក្ស​ស្តាំ​និយម​ជ្រុល។ លោក​នេះ មានក្តី​សង្ឃឹមថា នឹង​លុប​បំបាត់​អំពើ​ពុករលួយ​។ តែបុគ្គលិក​លក្ខណៈ​​របស់​គាត់ ​គឺគេ​​លំបាកនឹង​​ទទួល​យក​បន្តិច។ នយោបាយបក្ស​ស្តាំ​និយម​ជ្រុលរូបនេះ មាន​និន្នាការ​​រើស​អើង​ប្រកាន់​ពូជសាសន៍ ហើយ​ប្រឆាំង​នឹង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា។

តាម​របាយការណ៍​សិក្សា និង​តាម​អ្នក​វិភាគនយោបាយ​ប្រេស៊ីល  គេបាន​បង្ហាញថា មាន​ពលរដ្ឋ​ប្រេស៊ីល​ ប្រមាណ​ជា​៤៥ភាគរយ កំពុង​តែ​អស់​សង្ឃឹម​ចំពោះ​នយោបាយ​ស្រុក​ទេស។ អ្នក​ខ្លះ មិន​ចង់​ទៅ​បោះឆ្នោត​នោះទេ ក៏ប៉ុន្តែ ច្បាប់​ប្រេស៊ីល បាន​កំណត់​ថា កា​របោះឆ្នោត​ គឺជា​កាតព្វកិច្ច។​ ដូច្នេះ ទោះចង់​ឬមិនចង់ក្តី ពលរដ្ឋ​​ប្រេស៊ីល នឹងត្រូវ​ទៅ​​បោះឆ្នោត​ជ្រើស​រើស​ប្រធានធិបតី នៅ​ដើម​ខែ​តុលាខាង​មុខ​នេះ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ