អានតួអត្ថបទ
បារាំង-ប្រេស៊ីល

អំពើ​ពុករលួយ៖​តុលាការ​​បារាំង​​ស៊ើបអង្កេត​​​​​កិច្ចសន្យា​​លក់​​នាវា​មុជទឹក​​បារាំង​​អោយ​​ប្រេស៊ីល​ ​

កាសែត​បារាំង Le Parisien បានចុះ​ផ្សាយ​ថា ​តុលាការ​បារាំង​ស៊ើបអង្កេត​​លើ​កិច្ចសន្យា​​លក់​នាវា​មុជទឹក​​​បារាំង​ទៅអោយ​ប្រេស៊ីល ឆ្នាំ​២០០៨ ក្នុង​អាណត្តិ​លោក​​សាកូហ្ស៊ី។ ជាកិច្ចសន្យា​តម្លៃ​៦៧០០លាន​ដុល្លារ។ ​តុលាការ​បារាំង​សង្ស័យ​​ថា អាច​មាន​ការស៊ីសំណូក​សូកប៉ាន់​ណាមួយ ទើបបារាំង​អាច​​សម្រេច​​កិច្ចសន្យាលក់អាវុធ​ដ៏​ធំធេងមួយនេះ។ ​ 

នាវាមុជទឹកបារាំង
នាវាមុជទឹកបារាំង AFP/MYCHELE DANIAU
ផ្សាយពាណិជ្ជកម្ម

ទាក់ទងការ​សង្ស័យ​ស៊ីសំណូក​​ថវិកា​សាធារណៈ​នៅ​បរទេស ​តុលាការ​បារាំង​បាន​បើក​ការ​ស៊ើប​អង្កេត​​​លើ​​កិច្ចសន្យា​លក់​នាវាមុជទឹក​បារាំង​​អោយ​ប្រេស៊ីល​ តាំង​ពី​ខែតុលា ឆ្នាំ​២០១៦​មក។ យោងតាម​សារព័ត៌មានបារាំង​​ Le Parisien កិច្ចសន្យា​នេះ​មាន​តម្លៃ​តម្លៃ​៦៧០០លាន​​អឺរ៉ូ ​ទាក់ទង​នឹងការ​លក់​នាវាមុជទឹក​បារាំង​៥គ្រឿង​ ទៅ​អោយ​ប្រេស៊ីល ក្នុង​នោះ​មាន​នាវាមុជទឹក​​​ដើរ​ដោយ​​ថាមពល​​នុយក្លេអ៊ែរមួយគ្រឿង។ ​

បារាំង​និង​ប្រេស៊ីល​បាន​​​ចុះហត្ថលេខាលើ​កិច្ចសន្យា​នេះ​​ កាលពី​ខែធ្នូ ​ឆ្នាំ​២០០៨ ពេល​​ប្រធានាធិបតី សាកូហ្ស៊ី បំពេញ​ទស្សនកិច្ច​នៅ​ប្រេស៊ីល​ជួប​ប្រធានាធិបតី​លូឡា។ កិច្ចសន្យា​​នេះ​ក៏​តំរូវ​អោយ​មាន​ការ​ផ្ទេរ​បច្ចេកវិទ្យា​យោធា​មួយចំនួន​ទៅអោយ​ប្រេស៊ីល​ដែរ។ ​តើ​អាច​មានការ​ស៊ីសំណូក​សូកប៉ាន់​ណាមួយទេ ទើបបាន​ជា​​បារាំង​សម្រេច​បាន​​កិច្ចសន្យា​លក់​អាវុធ​មហាសាល​មួយនេះបាន ?

ស្របពេលនេះដែរ ​តុលាការ​បារាំង​​ក៏​​កំពុង​ស៊ើបអង្កេត​លើ​ការសម្រេច​អោយ​ប្រេស៊ីលធ្វើ​ម្ចាស់ផ្ទះ​​រៀបចំ​កីឡា​អូឡាំពិក ឆ្នាំ​២០១៦ ដែរ។ ​គួររំលឹក​ថា ​ជប៉ុន​ដែលបាន​​ដាក់​បេក្ខភាព​រៀបចំកីឡា​អូឡាំពិក ​ឆ្នាំ​២០១៦ដែរនោះ បាន​បរិហារ​ពីការដែល​បារាំង​លំអៀង​ទៅរក​ប្រេស៊ីល។ អ្វី​ដែលគេ​រឹតតែ​ចាប់អារម្មណ៍​និង​សង្ស័យ​ដែរនោះ គឺថា ការ​សម្រេច​អោ​យប្រេស៊ីល​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​កីឡាអូឡាំពិក​នេះ បាន​ធ្វើឡើង​ចំពេល​​​បារាំង​និង​ប្រេស៊ីល​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ទិញលក់​នាវាមុជទឹក​បារាំង​នេះ​តែម្តង។ ក្រុម​ស៊ើប​​អង្កេត​កំពុង​ចោទ​សួរថា តើ​អាច​មាន​ការស៊ីសំណូក​​ណាមួយទាក់ទង​នឹង​ហេតុការណ៍​ទាំង២​នេះ​ដែរទេ?

ទាក់ទង​អំពើ​ពុករលួយ​ក្នុងស្រុក​ប្រេស៊ីល​វិញ​ ថ្ងៃអាទិត្យ​នេះ ក្រុមឆ្វេងនិយម និង​សហជីព ព្រមទាំង​ប្រជាជនប្រេស៊ីល​​​កំពុង​ត្រៀម​បន្តធ្វើ​​បាតុកម្ម​ទាមទារ​អោយប្រធានាធិបតី​មីស្ហែល តេមែរ ចុះពី​តំណែង ទាមទារ​អោយ​​រៀបចំ​ការបោះឆ្នោត​ជាថ្មីទៀត។ ​តុលាការកំពុង​ស៊ើបអង្កេត​លោក​តេមែរ​ពី​បទ​ពុករលួយ។ លោក​តេមែរ​សុំអោយ​តុលាការ​ព្យួរ​ការ​ស៊ើបអង្កេត លោក​លើកឡើង​ថា ភស្តុតាង​ប្រឆាំង​រូបលោក ជារឿងដែល​គេ​​ប្រឌិត​ឡើង​ទាំងស្រុង៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ