អានតួអត្ថបទ
កម្ពុជា

ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរមអដ្ឋិ​ ព្រះ​បរម​រតនកោដ្ឋ​មាន​មនុស្ស​ជាង​២​ម៉ឺន​នាក់​ចូល​រួម​ដង្ហែ​

នៅ​​ព្រឹក​​ថ្ងៃ​ទី​១១ ​កក្កដា​​នេះ ​គឺ​​ថ្ងៃ​​ដង្ហែ​​ព្រះ​​បរម​​អដ្ឋិ​ ព្រះ​​បរម​​រតន​​កោដ្ឋ​។ ​នៅ​ក្នុង​​ពិធី​​នេះ​ មាន​​អ្នក​ចូល​រួម​​ដង្ហែ​​​តាម​​ផែន​នីមួយៗ​ ២​ពាន់​២​រយ​​នាក់​​និង​​​ប្រជាពលរដ្ឋ​​រួម​ទាំង​​មន្ត្រី​រាជការ ​អម​​សង​ខាង​​ផ្លូវ​​ប្រមាណ​២ម៉ឺន​​នាក់​​ផ្សេង​ទៀត​។ ផែន​​ចូល​រួម​​ក្នុង​​ក្បួន​​ដង្ហែ​ មាន​​ផែន​​សាសនា​ មន្ត្រី​រាជ​ការ​ កង​កម្លាំង​ប្រដាប់​អាវុធ ​យុវជន​​ជា​ដើម​។

ព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ។
ព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅ​ម៉ោង​ប្រមាណ​ជាង ៩ និង ៣០នាទី ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ ព្រះ​បរម​រតន​កោដ្ឋ បាន​ដង្ហែ​ចូលដល់​ព្រះវិហា​រព្រះ​កែវ​មរកត​ក្នុង​ព្រះបរមរាជវាំង​វិញ ក្រោយ​ពិធី​ដង្ហែ​ចេញ​នៅ​ម៉ោង​ប្រមាណ​ជា៧ និង២០នាទី​ព្រឹក។

ក្រោយ​ស្នូរ​កាំភ្លើង១០១ណាត់ ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ចំនួន៣កោដ្ឋ​លើ​ព្រះទីនាំង គុច​ស៊ី បានចាប់ផ្តើម​ដង្ហែ​ចេញយឺតៗដែល​ដឹកមុខ​ដោយ​ក្បួន​ក្រុម​ទ័ព​ត្រែ។ ក្បួន​ដង្ហែ​បានចេញ​ពី​វិថីសម្តេច​សុធារស​ខាងមុខ​ព្រះបរមរាជវាំង បត់​ឆ្វេង​តាមផ្លូវ​ព្រះ​ធម្មលិខិតអ៊ុក​ ជាប់​ព្រះបរមរាជវាំង​ឆ្ពោះទៅកាន់​វិថី​ព្រះ​នរោត្តម​ពី​ជើង​ទៅ​ត្បូង រហូតដល់​វិថី​រោងដំរី។ ក្នុង​ពិធី​ដង្ហែ​នេះ មាន​ផែន​បួនសំខាន់ៗ គឺ​ផែន​កងទ័ព និង​យុវជន ផែន​មន្ត្រីរាជការ​នៃ​អង្គ​នីតិប្រតិបត្តិ រីឯ​ផែន​សាសនា​ព្រាហ្មណ៍ និង​ផែន​ព្រះទីនាំង​តម្កល់​ព្រះ​អដ្ឋិ​ព្រះ​បរមកោដ្ឋ។

ក្រៅពី​ផែន​ដែល​បានរៀបចំ​ដង្ហែ​ក្បួន ដែល​ស្ថិតក្នុង​សំលៀកបំពាក់​ទៅតាម​អង្គភាពនីមួយផ្សេងៗគ្នា​នោះ ប្រជាពលរដ្ឋ​ដែលមាន​ផ្កា​ចម្រុះ​ពណ៌ ទង់ជាតិ​ខ្មែរ ទង់​ព្រះបរមរាជវាំង រួមទាំង​ព្រះ​ឆាយា​ល័​ក្ខណ៍​របស់​សម្តេចឪ ​នរោត្តម​ សីហនុ ក្នុង​ដៃ​បាន​អង្គុយបត់ជើង​លើកដៃ​ប្រណម​សុំ​បួងសួង​យក​សេចក្តីសុខ​ពេល​ក្បួន​ព្រះ​បរម​អដ្ឋិ​បាន​ឆ្លងកាត់។ មនុស្សម្នា​ស្ថិតក្នុង​ទឹកមុខ​ស្រ​ងូត​ស្រងាត់ មិន​ថា​ក្មេង​ចាស់​ប្រុស​ស្រី ដែល​បានកើត​និង​ធំ​ដឹងក្តី​​ទាន់​ព្រះរាជ​បូនីយកិច្ច​របស់​ព្រះ​បរម​រតន​កោដ្ឋ​ក៏ដោយ។  

បើទោះបីជា​មិនសូវមាន​មនុស្ស​ចូលរួម​ច្រើន​ដូច​ថ្ងៃ​ដង្ហែ​ព្រះបរម​សព​ព្រះអង្គ​ពី​ទីក្រុង​ប៉េកាំង​មកកាន់​ព្រះបរមរាជវាំង​នៅ​ភ្នំពេញ​ក៏ដោយ។ ក៏ប៉ុន្តែ​អ្នកចូលរួម​ទាំង​អស់មិ​ន​ក្រោម​ពីរ​ម៉ឺន​នាក់​នោះទេ ។ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉​ង់។

ដោយឡែក​នៅតាម​ដង​វិថី​ដែល​ព្រះ​រាជពិធី​បាន​ឆ្លងកាត់ ទង់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រូប​ព្រះ​ឆា​យា​ល​ក្ខ័ណ៍​របស់​ព្រះ​សម្តេចឪ​ នរោត្តម ​សីហនុ រួមទាំង​ពាក្យស្លោក​ដែល​និយាយ​ពី​ព្រះរាជ​បូនីយកិច្ច​របស់​អតីតព្រះមហាក្សត្រ​ អង្គ​សម្តេចឪ ត្រូវបាន​ដាក់តាំង​អម​សងខាង​ផ្លូវ។

សូមបញ្ជាក់ថា កម្មវិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ ​ព្រះ​បរម​រតន​កោដ្ឋ មាន​រយៈពេល​បី​ថ្ងៃ​គឺ​ចាប់ផ្តើម​ពីថ្ងៃ​ទី១០ដល់​ថ្ងៃទី១២ កក្កដា​ស្អែក​នេះ។ ពិធី​​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ ព្រះ​បរម​រតនកោដ្ឋ​នេះ មានការ​ចូលរួម​ពី​មន្ត្រី​រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ