អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន​មិន​ទាន់​សម្រេច​ចិត្ត​ចូល​រួម​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ខែ​កក្កដា

គិត​មក​ដល់​ពេល​នេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នៅ​មិន​ទាន់​សម្រេច​ចិត្ត​ចូល​រួម​ការ​បោះ​ឆ្នោត​ជាតិ ថ្ងៃ​ទី២៩​កក្កដា​នៅ​ឡើយ​ទេ។ មិន​ទាន់​សម្រេច​ចិត្ត​ដោយ​សារ​តែ​គណបក្ស​មួយ​នេះ​រង់​ចាំ​មើល​សភាព​ការណ៍​នយោបាយ​សិន​។ នេះ​បើ​តាម​លោក សាម អ៊ិន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ថ្លែង​ប្រាប់​វិទ្យុបារាំង​នៅ​ថ្ងៃ​អាទិត្យ​នេះ​។​  

សមាជជាតិលើកទី១របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ នាទីស្នាក់កាកណ្តាលរបស់គណបក្ស។
សមាជជាតិលើកទី១របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ នាទីស្នាក់កាកណ្តាលរបស់គណបក្ស។ @FB/ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
ផ្សាយពាណិជ្ជកម្ម

លោក សាម អ៊ីន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​គូស​បញ្ជាក់​ថា​គណបក្ស​នឹង​ធ្វើ​សេចក្ដី​សម្រេច​ចុង​ក្រោយ​នៅ​ខែ​ឧសភា​ខាង​មុខ អំពី​លទ្ធភាព​នៃ​ការ​ចូល​រួម​ការ​បោះ​ឆ្នោត​ជាតិ​។ ទោះ​ជា​មិន​ទាន់សម្រេច​ចិត្ត​ចូល​រួម​បោះ​ឆ្នោត​ក៏​ដោយ តែ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ត្រៀម​ខ្លួន​ចូល​រួម​ការ​បោះឆ្នោត​រួច​ហើយ​។

បើ​តាម​លោក សាម អ៊ីន គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន​ចង់​បាន​ការ​បោះ​ឆ្នោត​មួយ ដែល​មាន​ការ​ចូល​រួមសង្កេតការណ៍​ពី​សហគមន៍​អន្តរជាតិ​។ ក្នុង​នោះ វត្ត​មានប្រ​ទេ​ស​ជប៉ុន​ដែល​នៅ​តែ​បន្ត​ជួយ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រជា​ធិប​តេយ្យ​​មូលដ្ឋាន​ពេញ​ចិត្ត​រួច​ទៅ​ហើយ​។ ពេញ​ចិត្ត​ព្រោះ​ថា​ ជប៉ុន​ជា​ប្រទេសដែល​មាន​ស្តង់​ដា​នៃ​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​។ ប៉ុន្តែ​គណបក្ស​នេះ​ចង់​ឃើញ​ការ​ចូល​រួម​របស់​សហគមន៍​​អន្ដរជាតិ​ឲ្យ​កាន់​តែ​កុះ​ករ​បន្ថែម​ទៀត​។

ទន្ទឹម​គ្នា​នេះ​ដែរ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅ​តែ​ព្រួយ​បារម្ភ​ពី​ការ​បាច​ទឹក​ដាក់​គ្នា​រវាង​ស្ថាប័ន​ជាតិរៀប​ចំ​ការ​បោះ​ឆ្នោត​ និង​អតីត​អ្នក​នយោបាយ​នៃ​គណបក្ស​ប្រឆាំង​។ ក្នុង​នោះ​លោក​សម រង្ស៊ី បាន​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​។ ចំណែក​លោក ស៊ិក ប៊ុនហុក ថា ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩​ខែ​កក្កដា​ខាងមុខ​នេះ ​បើ​ទោះ​បីជា​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​បាន​ក្រោម​៣០​ភាគ​រយ​ក៏​ដោយ​ ក៏​គេ​មិន​អាច​បដិសេធ​ចំពោះ​លទ្ធផល​បោះឆ្នោត​ជា​ស​កល​នេះ​បាន​ដែរ​។ ចំណុច​នេះលោក សាម អ៊ីន ថា ជា​ការ​លើក​ឡើង​ផ្ទុយ​ពី​ច្បាប់​បោះ​ឆ្នោត​។

សូម​បញ្ជាក់​ថា​ គជប នឹង​ទទួល​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ​ចូលរួម​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​៣០មេសា រហូត​ដល់​ថ្ងៃ​ទី​១៤​ឧសភា​។ អ្នក​នាំ​ពាក្យ​គណកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គជប បាន​លើក​ឡើង​ថា ការ​ចូលរួម​ឬ​មិន​ចូល​រួម​ការ​បោះឆ្នោត វា​គឺជា​សិទ្ធិ​របស់​គណបក្សនយោបាយ​នីមួយៗ​។​ និង​ថា គជប បើ​ទោះ​បីជា​មាន​គណបក្ស​នយោបាយ​​ចូល​រួម​ច្រើន​ឬ​តិច​ក៏​ដោយ គជប នឹង​នៅ​តែ​បន្ត​ការងារ​របស់​ខ្លួន​ដដែល​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ