អានតួអត្ថបទ
កម្ពុជា

​ស្ថាប័ន​ពាក់ព័ន្ធ​ប្រកាស​​អប់រំ​ណែនាំ​យុវវ័យ​ ​ខណៈ​ពួក​គេ​ត្រៀម​អបអរ​បុណ្យ​ថ្ងៃ​១៤​កុម្ភៈ​​

ស្ថាប័ន​សាធារណៈ និង​អង្គការ​សង្គម​ស៊ីវិល​នានា មានការ​ច្បាប់​អារម្មណ៍​កាន់តែច្រើន​ទាក់​ទង​​ទៅនឹង​ថ្ងៃទី១៤​កុម្ភៈ​​ឆ្នាំ​២០១៥​នេះ​។ ​ក្រសួង​​មន្ទីរ​​ដែល​​ពាក់ព័ន្ធ ​សុទ្ធ​តែ​​បាន​ធ្វើ​​សកម្មភាព​​ផ្សព្វផ្សាយ​​ជាមុន​​ទប់ស្កាត់​ការប្រព្រឹត្តិ​ជ្រុលជ្រួស​ហួស​ប្រពៃណី​របស់​ក្រុម​យុវវ័យ​សម័យថ្មី​ឬក៏​ចេញ​សេចក្តីប្រកាស​មាន​លក្ខណៈ​ជាការ​អប់រំ។ ជាមួយគ្នានេះ​មជ្ឈមណ្ឌល​វប្បធម៌ និង   សីលធម៌​សង្គម ក៏បាន​ប្រាប់​ម្ចាស់ផ្ទះ​សំណាក់​មួយចំនួន ឲ្យ​សហការ​ជាមួយ​ខ្លួន​ក្នុងការ​បដិសេធ​នូវ​សកម្ម​ភាពមិនប្រក្រតីរ​បស់​យុវវ័យ​ពេញ​មួយថ្ងៃ​គឺ​ថ្ងៃទី១៤កុម្ភៈ ដែលជា​ថ្មី​នៃ​សេចក្តីស្រលាញ់។ 

បាច់ផ្កាកូលាបជាច្រើនត្រូវបានដាក់លក់មុនមួយថ្ងៃបុណ្យនៃក្តីស្រលាញ់ថ្ងៃទី១៤ខែកុម្ភៈ២០១៥
បាច់ផ្កាកូលាបជាច្រើនត្រូវបានដាក់លក់មុនមួយថ្ងៃបុណ្យនៃក្តីស្រលាញ់ថ្ងៃទី១៤ខែកុម្ភៈ២០១៥ RFI@channa
ផ្សាយពាណិជ្ជកម្ម

 

មជ្ឈមណ្ឌល​វប្បធម៌​ជាតិ​និង​សីលធម៌​សង្គម​បាន​លើកឡើងថា អង្គការ​មួយ​នេះ​នឹងធ្វើ​សកម្មភាព​​​ពន្យល់​​និង​​ទប់​ស្កាត់​​ដល់​​យុវវ័យ ​ប្រសិន​បើ​ពួកគេ​​បង្ហាញ​​ពី​កាយវិការ​ជ្រុល​ជ្រួស​
​ហួស​​​​ពី​​​ព្រំ​ដែន​​​នៃ​ខ្លឹមសារ​បុណ្យ​នៃ​សេចក្តីស្រលាញ់ ឬ​ប្រឆាំងនឹង​ប្រពៃណី​និង​ទំនៀម​ទំលាប់​ខ្មែរ ដែល​ការធ្វើសកម្មភាព​នេះ​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី១៤​កុម្ភៈ​​ស្អែក​​នេះ។​

លោក ប៉ូ សំណាង ប្រធាន​មជ្ឈមណ្ឌល​ជាតិ និង វប្បធម៌​សង្គម​បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង       អន្តរជាតិ RFI នៅថ្ងៃនេះ​ថា អង្គការ​របស់លោក​បាន​ទាក់ទង​អ្នកគ្រប់គ្រង​ផ្ទះសំណាក់​និង​សណ្ឋាគារ ប្រមាណ​ជិត៣០០ នៅ​ទីក្រុង​ភ្នំពេញ ដោយ​ស្នើសុំ​ឲ្យ​ជួយ​សហការ និង​ទំនាក់​ទំនង​គ្នា​តាម​ខ្សែរ​ទូរស័ព្ទ​នៅពេល​ដែលមាន​ភាពមិន​ប្រក្រតី​ណាមួយ​ទាក់ទង​ទៅនឹង​យុវវ័យ​នៅ​ថ្ងៃទី១៤កុម្ភៈ។​

លោក ប៉ូ សំណាង ប​ញ្ធា​ក់ថា​លោក​បាន​ស្នើសុំ​ឲ្យ​ម្ចាស់​សណ្ឋាគារ និង​ផ្ទះសំណាក់​បដិសេធ
ការសុំ​ជួល​បន្ទប់​ដល់​យុវវ័យ ដែល​មើលទៅ​ទំនងជា​នាំគ្នា​ប្រព្រឹត្តិ​ខុស​គន្លង​ប្រពៃណី ឬក៏​ក្រុមយុវជន​ជា​អនីតិជន ដែល​នេះ​ជាការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​មនុស្ស​ផង​ដែរ​។​ ​ក៏​ប៉ុន្តែ​​ការ​អបអរ​​ចំ​ថ្ងៃ​បុណ្យ​​នេះ ​គឺជា​​សិទ្ធិ​របស់​​យុវវ័យ​​ទាំង​អស់​ ក្រៅ​ពី​ការ​អប់រំ​​លោក​​គ្មាន​​សិទ្ធិ​ឬ​ឥទ្ធិពល​​អ្វី​រំលោភសិទ្ធិ​និង​ការសប្បាយ​របស់​យុវវ័យ​នោះទេ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា លោក ហង្ស ជួនណា​រ៉ុ​ន ក៏បាន​ប្រាប់​វិទ្យុ​RFI កាលពី​ថ្ងៃ​ពុធ​ដែរ​ថា ក្រសួង​អប់រំ​មានតែ​ការពន្យល់​ដល់ក្មេងៗតាមរយៈ​សាលារៀន ដែល​បានធ្វើ​ប៉ុន្មាន​ថ្ងៃ​កន្ល​ទ​ទៅនេះ ហើយ​លោក​មិនមាន​ការបារ​ម្មណ៍​ទេ​ប្រសិនបើ​ពួកគេ​យល់ច្បាស់​ពីថ្ងៃ​នៃ​សេចក្តីស្រលាញ់​ពិតប្រាកដ។ ជាមួយគ្នានេះ​លោក​រដ្ឋមន្ត្រី​ក៏បាន​អំពាវ​នាវ​ដល់​មាតា បិតា ឲ្យ​មានការ​យកចិត្តទុកដាក់​ចំពោះ​កូន ហើយ​សាលារៀន​តម្រូវ​ឲ្យ​ពង្រឹង​អវត្តមាន។​

ទាក់ទង​ទៅនឹង​ប្រធានបទ​នេះដែរ ក្រសួង​វប្បធម៌ ក្រសួង​កិច្ចការនារី និង​ស្ថាប័ន​ពាក់ព័ន្ធ​ឯ​ទៀត ក៏បាន​អំពាវនាវ​ដល់​យុវវ័យ​ផងដែរ កុំ​ឲ្យ​ប្រើប្រាស់​ទិវា​នៃ​ក្តី​ស្រលាញ់​ជា​លេស​ប្រព្រឹត្តិ
នូវ​​​អំពើ​អវិជ្ជមាន​នានា ខុស​គន្លង​ប្រពៃណី​ដ៏​ត្រកាល​របស់​ខ្មែរ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​អនាគត​​និង​កិត្តិយស​របស់ខ្លួន​និង​គ្រួសារ៕​
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ