អានតួអត្ថបទ
កម្ពុជា-ថៃ

សង្គ្រាម​ជំរុញ​អោយ​ឥណ្ឌូណេស៊ី​និង​កម្ពុជា​ចុះ​ហត្ថលេខា​លើ​ការ​បញ្ជូន​អ្នក​សង្កេតការណ៍

ប្រធាន​អាស៊ាន គឺ​លោក​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី​ នឹង​មក​ជួប​ប្រមុខ​ការទូត​កម្ពុជា​ លោក​ហោ ណាំហុង ​នៅព្រឹក​ថ្ងៃចន្ទ​ទី​២៥​ស្អែក​នេះ ដើម្បី​ចុះហត្ថលេខា​លើ​លក្ខខណ្ឌ​ប្រតិបត្តិ​​ការងារ​​នៃ​អ្នក​សង្កេត​ការណ៍​ឥណ្ឌូណេស៊ី​នៅតាម​ព្រំដែន លើ​ទឹកដី​កម្ពុជា។ ការ​សម្រេច​ចុះហត្ថលេខា​រវាង​ប្រធាន​អាស៊ាន និង​កម្ពុជា​ត្រូវ​ធ្វើឡើង​ភ្លាម ​នៅពេល​ដែល​កម្ពុជា​កំពុង​ទប់ទល់នឹង​ការ​វាយប្រហារ​របស់​ទាហាន​ថៃ​ នៅ​ព្រំដែន​ប្រាសាទ​តាក្របី និង​ប្រជុំ​ប្រាសាទ​តាមាន់​នៅថ្ងៃ​អាទិត្យនេះ​ទៀត។

រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា (ស្តាំ) និង​រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌូណេស៊ី
រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា (ស្តាំ) និង​រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌូណេស៊ី ©ស៊ីវ ចាន់ណា/RFI
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី លោក Marty Natalegawa ដែល​ជា​ប្រធាន​អាស៊ាន នឹង​មក​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃចន្ទ​ទី​២៥​ស្អែក​នេះ ដើម្បី​ជួប​ជាមួយ​លោក​ហោ ណាំហុង​ ប្រមុខ​ការទូត​កម្ពុជា។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ​លោក​កុយ គួង​ បាន​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ ​នៅថ្ងៃ​អាទិត្យ​នេះ​ថា ប្រធាន​អាស៊ាន និង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា នឹង​ចុះហត្ថលេខា​ជាមួយគ្នាលើ​លក្ខខណ្ឌ​ការងារ​ នៃ​ក្រុម​អ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី​ នៅលើ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ លើ​ទឹកដី​កម្ពុជា។

គម្រោង​ចុះហត្ថលេខា​ លើ​ឯកសារ​ស្តីពី​ប្រតិបត្តិការ​ការងារ​អាច​នឹង​ត្រូវ​ធ្វើ​ឡើង​ជា​ការប្រញាប់ នៅពេល​ដែល​ថៃ​មិន​បាន​គោរព​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ និង​ការ​សម្រេច​របស់​អាស៊ាន ហើយ​បាន​បញ្ជូន​កងទ័ព​វាយប្រហារ​មកលើ​កងទ័ព​កម្ពុជា​នោះ។ កងទ័ព​ថៃ​បានចូល​ឈ្លានពាន​ ​វាយ​ឆ្មក់​​លើ​កងទ័ព​ខ្មែរ នៅ​ព្រំដែន​ប្រាសាទ​តាក្របី និង​ប្រជុំ​ប្រាសាទ​តាមាន់​ រយៈពេល​៣ថ្ងៃ​ជាប់​គ្នាមក​ហើយ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ជាក់​ថា ក្រោយ​ពី​ការ​ចុះ​ហត្ថលេខា​ជាមួយ​កម្ពុជា ដោយ​ភ្ជាប់​ជាមួយនឹង​ការ​ធ្វើសន្និសីទកាសែត​ផងនោះ លោករដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូណេស៊ី នឹង​ចេញដំណើរ​ភា្លម ទៅជួប​ជាមួយ​លោក​កាស៊ីត ភិរម្យ រដ្ឋមន្ត្រី​ការបរទេស​ថៃ ក្នុង​ទីក្រុង​បាងកក។ បេសកកម្ម​របស់​ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី​នៅពេលនេះ ត្រូវ​បាន​គេជឿ​ថា ជា​បេសកកម្ម​​​ថ្មីមួយ​ទៀត​ ដើម្បី​​ធ្វើ​​អន្តរាគមន៍​បញ្ឈប់​ការបាញ់គ្នា​ជា​បន្ទាន់ ​រវាង​កងទ័ព​ថៃ និង​កម្ពុជា ​នៅ​ព្រំដែន។ តាម​ពិត ឥណ្ឌូណេស៊ី ក្នុងនាម​ជា​ប្រធាន​អាស៊ាន បាន​ចេញ​ធ្វើ​​អន្តរាគមន៍​​មួយ​ជំហាន​ធំ​រួចហើយ រហូត​ឈាន​ដល់​ការ​សម្រេច​ព្រមព្រៀង​អោយ​មាន​បទឈប់​បាញ់​ជា​អចិន្ត្រៃយ៍ ​រវាងកម្ពុជា​និងថៃ​ កាល​ពីថ្ងៃទី២២កុម្ភៈ នៅ​ទីក្រុង​ហ្សាការតា។

ក្រោយ​ពី​ពេលនោះ​មក ឥណ្ឌូណេស៊ី​បាន​ធ្វើ​សេចក្តីព្រាង​នៃ​បែបបទ​ការងារ​ជា​ហូរហែ សម្រាប់​ការ​ឈរជើង​នៃ​អ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី​ នៅលើ​ទឹកដីកម្ពុជា ដែល​ក្នុង​នោះ​ក៏​មាន​ការ​កែប្រែ​ខ្លឹមសារមួយ​ចំនួន​ផង។ កម្ពុជា​បាន​យល់ស្រប​លើ​រាល់សំណើ​របស់​ឥណ្ឌូណេស៊ី។ ចុងក្រោយនេះ បើគ្មាន​ការ​ប្រែប្រួល​អ្វីទៀត​នោះ កម្ពុជា​នឹង​ត្រូវ​ទទួល​យកអ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី​ចំនួន​១៥​រូប ​ដែល​ត្រូវ​ឈរជើង​នៅ​សមរភូមិ​៣​កន្លែង គឺ​តាសឹម ចាក់ច្រែង និង តំបន់​៥មករា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ