អានតួអត្ថបទ
កម្ពុជា

សកម្មជន​ដីធ្លី​បឹងកក់​យក​ទិវា​សិទ្ធិ​នារី​ដាក់​ញត្តិ​ទៅ​ក្រសួង​កិច្ចការ​នារី

ប្រជា​ពលរដ្ឋ​សហគមន៍​បឹងកក់​ត្រូវ​បាន​រារាំង​ដោយ​កំលាំង​មាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ ខណៈ​ដែល​ពួកគេ​ព្យាយាម​ដង្ហែ​ក្បួន​ចេញ​ពី​សហគមន៍​បឹងកក់ ស្ថិត​នៅ​សង្កាត់​ស្រះចក​ ខ័ណ្ឌ​ដូនពេញ។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ សកម្មជន​ដី​ធ្លី​ទាំង​នេះ បាន​ប្រគល់​ញត្តិ​តាម​បំណង​របស់​ពួកគេ ដល់​ក្រសួង​កិច្ចការ​នារី ដើម្បី​ស្នើ​សុំ​ឲ្យ​ក្រសួង​នេះ​អន្តរគមន៍​ដល់ ការប្រើ​អំពើ​ហិង្សា​របស់​អាជ្ញាធរ​ទៅ​លើ​ស្ត្រី។

ការប្រឈមមុខដាក់គ្នារវាងអ្នកភូមិបឹងកក់និងកម្លាំងសមត្ថកិច្ច នៅថ្ងៃតី០៨ ខែមីនា ឆ្នាំ២០១៤។
ការប្រឈមមុខដាក់គ្នារវាងអ្នកភូមិបឹងកក់និងកម្លាំងសមត្ថកិច្ច នៅថ្ងៃតី០៨ ខែមីនា ឆ្នាំ២០១៤។ ©Somnob
ផ្សាយពាណិជ្ជកម្ម

ក្រុម​ស្ត្រី​សហគមន៍​បឹងកក់ ដោយមាន​ការចូលរួម​ពី​សហគមន៍​បុរី​កីឡា និង​សហគមន៍​ឯទៀត​ត្រូវបាន​អាជ្ញាធរ​រារាំង​មិន​ឲ្យ​ហែ​ក្បួន​ទៅកាន់​ក្រសួង​កិច្ចការនារី បន្ទាប់ពី​ពួកគេ​បាន​ជួបជុំគ្នា​នៅ​ទីតាំង​របស់ខ្លួន​ក្នុង​តំបន់​បឹងកក់ ខ័​ណ្ឌ​ដូនពេញ។ ប៉ូលិស​ជា​ច្រើ​នាក់​បានដាក់​របាំង ត្រង់​ចំណុច​​ផ្លូវចេញចូល​តំបន់​បឹងកក់ ស្ថិត​នៅក្បែរ​សណ្ឋាគារ​ភ្នំពេញ និង​បាន​បំបែក​រាល់​ការជួប​ជុំគ្នា​របស់​ប្រជាជន​សហគមន៍​ទាំងនោះ​នៅលើ​កំណាត់​ផ្លូវ​មុនី​វង្ស។

កញ្ញា​សុង ស្រី​លាភ តំណាង​មួយរូប​នៃ​សហគមន៍​បឹងកក់ បាន​ថ្លែងថា ពួកគេ​បានដាក់​ញ្ញាតិ ទៅ​ក្រសួង​កិច្ចការនារី ដើម្បី​ស្នើ​ឲ្យ​ក្រសួង​ដែល​ទាក់ទង​ទៅនឹង​កិច្ចការ​ស្ត្រី​នេះ ជួយ​អន្តរាគមន៍​ ដល់​អាជ្ញាធរ​ក្រុងភ្នំពេញ ដែល​តែងតែ​ប្រើ​អំពើ​​ហិង្សា​​​ទៅលើ​ស្ត្រី រាល់ពេល​ពួកគេ​ធ្វើការ​តវ៉ា​រឿង​ដីធ្លី​ម្តងៗ។ នៅក្នុង​ឱកាស​ន​នៃ​ទិវា​សិទ្ធិ​ស្ត្រី​នាពេលនេះ ក្រុម​សកម្មជន​ដីធ្លី​ក៏បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​គោរព​សិទ្ធិ​ស្ត្រី​ផងដែរ។ទោះយ៉ាងណា​ក៏ដោយ ញត្តិ​របស់​ពួកគេ​កាលពី​ព្រឹក​មិញ​ត្រូវ​បានទទួល​ដោយ​តំណាង​ក្រសួង​កិច្ចការនារី​រួចហើយ។

លោក អំ សំអាត, ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត​របស់​អង្គការ​លីកាដូ បាន​ថ្លែងថា ការរារាំង​របស់​អាជ្ញា​ធរ​មិន​ឲ្យ​ប្រជាជន​សហគមន៍​បឹងកក់​ដង្ហែ​ក្បួន​អបអរសាទរ​នៅក្នុង​ឱកាស​នៃ​ទិវា​បុណ្យ​សិទ្ធិនារី​អន្តរជាតិ ៨មិនា​នេះ គឺជា​ការ​បំបិទ​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ក្នុងការ​អនុវត្ត​ន៍​សិទ្ធិ​របស់ខ្លួន។លោ​កថា​អាជ្ញាធរ​គួរតែ​សម្រួល​ដល់​ពលរដ្ឋ​ក្នុងការ​ប្រតិបត្តិ​ដល់​សិទ្ធិ​របស់​ពួកគេ ជាជាង​ការរំលោភ​សិទ្ធិ​ដែល​នាំ​ឲ្យ​មានការ​រិះគន់​បែបនេះ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​សហគមន៍​បឹងកក់​ដែលមាន​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​​នោះ បានដាក់​លិខិតអញ្ជើញ​អាជ្ញាធរ​ក្រុង រួមមាន​អភិបាលក្រុង និង​អភិបាល​ខ័​ណ្ឌ​ដូនពេញ ព្រមទាំង​អង្គការក្រៅរដ្ឋាភិបាល​និង​តំណាង​ស្ថានទូត​មួយចំនួន​ដើម្បី​ចូលរួម​វេទិការ ស្តីពី​ដីធ្លី នៅក្នុង​ឱកាស​នៃ​ទិវា​សិទ្ធិនារី​អន្តរជាតិ​លើក​ទី១០៣នា​ថ្ងៃនេះ។

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ធ្លាប់បាន​ថ្លែង​ហើយ​ថា នឹងមិន​អនុញ្ញាតិ ឲ្យ​ប្រជាជន​សហគមន៍​ទាំងនេះ ហែរ​ក្បួន​តាម​ទីសាធារណៈ​ឡើយ ដោយ​ហេតុផល​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ។ពោលគឺ​វេទិការ​នេះ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើ​តែ​នៅនឹងកន្លែង ប៉ុណ្ណោះ​ក្នុង​ស្នាក់ការ​សហគមន៍​រប​ស់​ពួកគេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ