អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោកស្រី មូរ សុខហួរ​ថា​សមាជិក​សភាអាមេរិក​ពិភាក្សា​ពីការ​បង្កក​ទ្រព្យសម្បត្តិ​របស់​មន្រ្តីកម្ពុជា

សមាជិក​សភា​នៃ​សហរដ្ឋអាមេរិក និង​ជា​ប្រធាន​គណៈកម្មការ​កិច្ច​ការ​បរទេស លោក Ed Royce បាន​ជួប​ជា​មួយមន្រ្តី​ជាន់​ខ្ពស់​អតីត​គណបក្ស​សង្រ្គោះជាតិ នៅវត្តសាមគ្គី ក្នុងទីក្រុង Long Beach រដ្ឋ California កាលពី​ថ្ងៃទី​៥ មករា ២០១៨​។ បើតាម លោកស្រី មូរ សុខហួរ​អនុប្រធាន អតីត​គណបក្ស​សង្រ្គោះជាតិ នៅ​ក្នុង​ជំនួប​នេះ គឺ​មានចំណុច​សំខាន់​ចំនួន៣ ត្រូវ​បាន​លើក​មក​ពិភាក្សា ដែល​ជាការ​វិវដ្តថ្មី​ចុងក្រោយ​នៃការ​តស៊ូមតិ​របស់​ក្រុម​តំណាងរាស្ត្រ​អតីត​គណបក្ស​ប្រឆាំងដ៍​ធំជាង​គេនៅ​កម្ពុជា​នេះ​ ក្នុង​ការរក​អន្តរាគមន៍ពី​សហរដ្ឋអាមេរិក​។

លោក Ed Royce ជួបមន្រ្តីអតីតគណបក្សសង្រ្គោះជាតិ នៅរដ្ឋ California
លោក Ed Royce ជួបមន្រ្តីអតីតគណបក្សសង្រ្គោះជាតិ នៅរដ្ឋ California @មូរ សុខហួរ
ផ្សាយពាណិជ្ជកម្ម

ដោយ អ៊ឹង ប៊ុនថន

ចំណុច​សំខាន់ៗ​ចំនួន៣​ដែល​ត្រូវបាន​លើក​យក​មក​ពិភាក្សា​បន្តនោះ​គឺ៖ ទី១​ការ​បង្កក​ទ្រព្យសម្បត្តិ​របស់អ្នកកាន់អំណាច​ដែល​បានធ្វើ​អោយប៉ះពាល់​ធ្ងន់ធ្ងរ​ទៅលើ​លទ្ធិប្រជាធិបតេយ្យ​អំពើពុករលួយ និង​ការ​រំលាភ​សិទ្ធិមនុស្សនៅ​កម្ពុជា។ ទី២ គឺ​ការ​មិនផ្តល់​ទិដ្ឋាការ​ដល់ជន​ទាំងនោះ​ឲ្យ​ចូលទៅក្នុង​ទឹកដី​សហរដ្ឋអាមេរិក។ ចំណុច​ចុងក្រោយ​គឺជំហរ​របស់​សហរដ្ឋអាមេរិក​ដែល​នៅតែ​ទាមទារ​ឲ្យដោះលែង​លោក កឹម សុខា និង​ជំរុញ​ការ​បោះ​ឆ្នោត ដោយសេរី និងយុត្តិធម៌ នៅកម្ពុជា ក្នុង​ឆ្នាំនេះ។ នេះបើតាម​ទំព័រ​ហ្វេសប៊ុក​របស់ លោកស្រី មូរ សុខហួរ។

គួរ​កត់​សម្គាល់ថា ការពិភាក្សារវាង​លោក Ed Royce និង​មន្ដ្រី​ជាន់​ខ្ពស់​អតីត​គណបក្ស​ប្រឆាំង គឺជាការវិវដ្តថ្មីចុងក្រោយ ​បន្ទាប់ពីក្រុម​មន្រ្តីនៃ​អតីតគណបក្សនេះ ​ស្វះ​ស្វែងរក​អន្តរាគមន៍ពីសភា​អាមេរិកឲ្យដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា ក្រោយ​ពីការរំលាយ​គណបក្សសង្រ្គោះជាតិ។ ​កាលណោះ​សមាជិកសភាអាមេរិក តម្រូវ​ឲ្យ​​ក្រុម​មន្រ្តី​អតីតគណបក្ស​សង្រ្គោះជាតិ ជួយរៀប​ចំ​បញ្ជីឈ្មោះ​ជនទាំងឡាយដែល​គេចាត់​ទុកថា​ ជាអ្នក​ពាក់​ព័ន្ធ​នឹង​ការ​រំលាយ​គណបក្សប្រឆាំង ការរំលោភ​សិទ្ធិមនុស្ស និង​ការ​ប្រព្រឹត្តអំពើពុករលួយ ដើម្បី​ឈាន​ទៅ​បង្កក​ទ្រព្យ​​សម្បត្តិ​របស់ពួកគេ និង​ហាមមិនឲ្យជាន់ទឹកដីអាមេរិក។

កាលពីពាក់កណ្តាលខែមុន នៅក្នុង​ការ​សួរដេញ​ដោល​មួយ​​ ដែល​ដឹកនាំ​ដោយ​សមាជិក​សភា​ម្នាក់​គឺ​លោក​ Ted Yoho ​នៃ​គណបក្ស​សាធារណៈរដ្ឋ​ ក៏បាន​ពិភាក្សា​និង​ពិនិត្យមើល​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ថែមទៀត​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ ដោយ​គិតគូរ​ដល់​ការ​ប្រមូល​បញ្ជី​ឈ្មោះ​បុគ្គល ​បញ្ជីឈ្មោះ​ក្រុមហ៊ុន ​ដើម្បីបង្កក​ទ្រព្យសម្បត្តិ​ និង​ការ​ពិចារណា​រឿង​កូតា​នាំចូល​សម្លៀក​បំពាក់ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក​ជាដើម។

ប៉ុន្តែប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ធ្លាប់បាន​អះអាងថា សភា​អាមេរិក និង​សភា​អឺរ៉ុប មិនអាច​រុញឲ្យ​រដ្ឋាភិបាល​របស់ខ្លួន​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជាបានទេ​។​​ ​លោកថែម​ទាំង​​បាន​ជំរុញបន្ថែមទៀត ឲ្យ​រឹបអូសទ្រព្យ​សម្បត្តិ​របស់​មន្រ្តីរដ្ឋាភិបាល​របស់​លោក ប្រសិន​បើ​ពួកគេ​មានលុយ​រក្សាទុក​នៅធនាគារ​ក្រៅប្រទេសមែននោះ។

កាលពីចុងខែធ្នូ លោក​ប្រធានាធិបតី​អាមេរិក ​Donald Trump ​ក៏បាន​ចេញ​បទ​បញ្ជា​នីតិ​ប្រតិបត្តិ​មួយ​ដែល​មាន​ឈ្មោះ​ថា​​ ច្បាប់​និង​យុត្តិធម៌ ​ដើម្បី​បង្កក​ទ្រព្យ​សម្បត្តិ​របស់​បុគ្គល​ដែល​ជាប់​ទាក់​ទង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ឬ​ជាប់​ទាក់ទង​នឹង​អំពើ​ពុក​រលួយ។ ទោះ​បី​ប្រទេស​កម្ពុជា​មិន​ទាន់​ស្ថិត​នៅ​ក្នុង​បញ្ជី​ឧបសម្ព័ន្ធ​នេះ​ក៏​ដោយ ប៉ុន្តែ​មន្រ្តី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ បាន​ទាញ​ភ្ជាប់​បទ​បញ្ជា​របស់​លោក​ Donald Trump នេះ​ថា ជា​ដំណើរ​ការ​មួយ​ទៅ​កំណត់ ​“បញ្ជី​ខ្មៅ” ដែល​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​រៀប​ចំ​ដោយ​អនុគណៈកម្មការ​កិច្ច​ការ​បរទេស​នៃ​សភា​តំណាង​រាស្រ្ត​សហរដ្ឋ​អាមេរិក ចំពោះបញ្ហាកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ