អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

គ.ជ.ប ​​ព្រមាន​​បណ្តេញ​​ចេញ​​ពី​​ការិយាល័យ​​បោះ​​ឆ្នោត ​​បើ​​ជន​​ណា​​បង្ក​​ការ​​រំខាន​​ដល់​​ការ​​រាប់​​សន្លឹក​​ឆ្នោត​​

ការ​បោះ​ឆ្នោត​ជាតិ​​ជ្រើស​តាំង​​តំណាង​រាស្ត្រ ​នឹង​​ចាប់​ផ្តើម​​នៅ​​ព្រឹក​​ថ្ងៃ​អាទិត្យ ​ទី​២៩ ​កក្កដា ​ខណៈ​ដែល​​គណៈ​កម្មាធិកា​រ​​ជាតិ​​រៀប​ចំ​ការ​បោះឆ្នោត ​ហៅ​​កាត់​​ថា ​គជប ​បាន​ចេញ​​សេចក្តី​​ណែនាំ​​បន្ថែម​​មួយ ​ស្តីពី ​ការ​ផ្តល់​​សុពលភាព​​លើ​​គំនូស ​សញ្ញា​​គាំទ្រ ​លើ​​សន្លឹក​ឆ្នោត​។សេចក្តី​ណែនាំ​​បន្ថែម​​នេះ ​គឺ​​ក្នុង​​គោល​បំណង​​ធ្វើ​​ឲ្យ​​ការ​បោះឆ្នោត ​និង​​រាប់​​សន្លឹក​ឆ្នោត​​នៅ​​ថ្ងៃ​អាទិត្យ ​ទី​២៩ ​កក្កដា ​ប្រព្រឹត្ត​​ទៅ​ដោយ​​រលូន​។ ​អ្វី​ដែល​​ធ្ងន់ធ្ងរ​​ជាង​​នេះ ​គ.ជ.ប ​បាន​​ព្រមាន​​ថា ​នឹង​​បណ្តេញ​​ចេញ​ពី​​ការិយាល័យ​​បោះ​ឆ្នោត ​បើ​​ជន​​ណា​​បង្ក​​ការ​រំខាន​​ដល់​​ការ​រាប់​​សន្លឹក​ឆ្នោត ​រួម​ទាំង​​ការ​ពិន័យ​​ជា​​ប្រាក់​​ផង​។ 

រូបភាព​ចាស់៖​​ ការ​ប្រកាស​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ ​និង​បញ្ជី​ឈ្មោះ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោតនា​ពេល​កន្លង​មក
រូបភាព​ចាស់៖​​ ការ​ប្រកាស​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ ​និង​បញ្ជី​ឈ្មោះ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោតនា​ពេល​កន្លង​មក @សហការី
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ណែនាំ​​នេះ ​បាន​សម្រេច​​ផ្តល់​សិទ្ធិ​និង​សមត្ថកិច្ច​ដល់​ប្រធាន​គណៈកម្មការ​រាប់​សន្លឹក​​ឆ្នោត (គ.ក.រ) ឲ្យ​បណ្តេញ​ជន​ទាំងឡាយណា ដែល​បង្ក​ការអុកឡុក ឬ​រំខាន​ដល់​ដំណើរ​ការ​នៃ​ការរាប់​សន្លឹកឆ្នោត។ ក្រៅពី​ការបណ្តេញចេញ ជន​នោះ ក៏ត្រូវ​ប្រឈម​នឹង​ការ​ផាកពិន័យ​ជា​ប្រាក់​ពី៥លាន​រៀល ដល់២០លាន​រៀល ដោយ​ពុំទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត។ នេះ​បើ​យោងតាម​សេចក្តីណែនាំ​បន្ថែម​របស់ គជប ចុះ​ថ្ងៃទី ២៨ កក្កដា ​នេះ។ ការសម្រេច​​ផ្តល់​សុពល​ភាពជា​សន្លឹកឆ្នោត​បានការ ឬ​មិនបានការ គឺជា​សិទ្ធិ​ និង​ជា​សមត្ថកិច្ច​របស់​ប្រធាន​គណៈកម្មការ​រាប់​សន្លឹក​ឆ្នោត (គ.ក.រ)។

សេចក្តីណែនាំ​នេះ បាន​លើកឡើងថា ជន​គ្រប់រូប​ដែលមាន​វត្តមាន​នៅក្នុង​ការិយាល័យ​រាប់​សន្លឹកឆ្នោត និង​នៅក្នុង​បរិវេណ​ខាងក្នុង​ការិយាល័យ គឺ​ស្ថិតនៅក្រោម​ការគ្រប់គ្រង និង​ការត្រួតពិនិត្យ​របស់​ប្រធាន​គណៈកម្មការ​រាប់​សន្លឹក​ឆ្នោត (គ.ក.រ)។ ក្នុងករណី​មាន​ជន​ណាប​ង្ក​ការអុកឡុក ឬ​រំខាន​មិន​ឲ្យ​ដំណើរការ​រាប់​សន្លឹកឆ្នោត​បាន ប្រធាន​គណៈកម្មការ​រាប់​សន្លឹកឆ្នោត (គ.ក.រ) ត្រូវ​ចាត់វិធានការ​បណ្តេញ​ជ​ន​នោះ ចេញពី​ការិយាល័យ​ភ្លាម និង​ធ្វើ​របាយការណ៍​អំពី​ករណីនេះ ជូនទៅ​គណៈកម្មការ​រៀបចំ​ការ​បើ​ឆ្នោត​ឃុំ/សង្កាត់។ ប៉ុន្តែ​យ៉ាងណាក៏ដោយ សេចក្តីណែនាំ​បន្ថែម​នេះ បានផ្តល់​ចន្លោះ​តូច​មួយ​សម្រាប់​ការតវ៉ា​ថា ជន​ណា​ដែល​មិន​យល់​ស្របតាម​ការសម្រេច​របស់​ប្រធាន​គណៈកម្មការ​រាប់​សន្លឹក​ឆ្នោត (គ.ក.រ) អាច​តវ៉ា ឬ ជំទាស់​ចំពោះ​ករណីនេះ ទៅកាន់​គណៈកម្មការ​ឃុំ/សង្កាត់​រៀបចំ​ការបោះឆ្នោត យ៉ាងយូរ​ត្រឹម​ម៉ោង១១និង៣០នាទី នៃ​ថ្ងៃ​បន្ទាប់​នៃ​ការបោះឆ្នោត។

គួរ​ជំរាបជូន​ថា កន្លងមក​មាន​គណបក្ស​នយោបាយ​មួយ​បាន​តវ៉ា អំពី​យន្តការ​នៃ​ការ​គូ​សន្លឹកឆ្នោត​នេះ ដោយ​តម្រូវ​ឲ្យ​គូស​តែ​សញ្ញា​ធិ​ក (Tick) នៅក្នុង​ប្រអប់៤ជ្រុង​តូច នៃ​គណបក្សនយោបាយនីមួយ។ លោក ហង់ ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​អះអាងថា គជប បាន​លើកទឹកចិត្ត​ឲ្យ​អ្នកបោះឆ្នោត​គូសសញ្ញា​ធិ​ក​នៅក្នុង​ប្រអប់៤ជ្រុង​ទ្រវែង ក៏ប៉ុន្តែ ការ​គូសសញ្ញាផ្សេងៗទៀត ក៏​អាច​យក​ជា​បានការ​ដែរ កុំ​ឲ្យ​តែ​សញ្ញា​នោះ បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​អ្នកបោះឆ្នោត ដូចជា ស​ញ្ញេ ឬ ការសរសេរ​ជា​អក្សរ​ជាដើម។

សូមបញ្ជាក់ថា បើ​គ្មាន​ការប្រែប្រួល​ទេ ប្រជាពលរដ្ឋ​កម្ពុ​ជាជាង៨លាន​នាក់ នឹង​ចេញ​ទៅកាន់​ការិយាល័យ​បោះឆ្នោត នៅ​ថ្ងៃ អាទិត្យ ទី២៩ កក្កដា ចាប់ពី​វេលា​ម៉ោង៧ព្រឹក ដល់​​ម៉ោង​ ៣រសៀល។ ​ហើយ​ការរាប់​សន្លឹកឆ្នោត នឹងធ្វើ​ឡើង​នៅពេល​បន្ទាប់ នៃ​ថ្ងៃ​ដ​ដែល​​នោះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ