អានតួអត្ថបទ
កម្ពុជា

យុទ្ធ​នាការ​ជួយ​ពលករ​នៅ​ប៉ោយ​ប៉ែត​ បិទ​បញ្ចប់​នៅ​ថ្ងៃ​នេះ​ហើយ​

យុទ្ធនា​ការ​ជួយ​​ពលករ​​ទ្រង់​ទ្រាយ​​ធំ​​របស់​​រដ្ឋា​ភិបាល​​កម្ពុ​​ជា​ប្រចាំ​​ខេត្ត​បន្ទាយ​មាន​ជ័យ​ នៅ​​ថ្ងៃ​ទី​២៧ ​មិថុនា​​នេះ ​បាន​​បិទ​​បញ្ចប់​​ហើយ​។ ​បិទ​​បញ្ចប់​​ព្រោះ​ថា ​ចំនួន​​ពលករ​​ចំណាក​ស្រុក​​ពី​​ប្រទេស​​ថៃ​​បាន​​ថយ​ចុះ​​នៅ​សល់​​ត្រឹ​ម​តែ​១​ពាន់​​នាក់​ ក្នុង​​មួយ​ថ្ងៃ​​តែ​ប៉ុណ្ណោះ​។ ​បើ​តាម​​អភិបាល​ខេត្ត​​បន្ទាយ​មាន​ជ័យ​ ការ​ចំណាយ​​លើ​​សម្រាប់​​ការ​ជួយ​​ពលករ​ មាន​​ប្រមាណ​​ជាង​៦​លាន​​ដុល្លារ​​សម្រាប់​​អំឡុង​ពេល​​ជាង​​កន្លះ​​ខែ​​នេះ​។

ពលករខ្មែរខុសច្បាប់នៅពេលអាជ្ញាធរយោធាថៃបញ្ជួនមកដល់ច្រកប៉ោយប៉ែត។
ពលករខ្មែរខុសច្បាប់នៅពេលអាជ្ញាធរយោធាថៃបញ្ជួនមកដល់ច្រកប៉ោយប៉ែត។ @Facebook
ផ្សាយពាណិជ្ជកម្ម

បញ្ចប់​ហើយ យុទ្ធនា​ការជួយ​ពលករ​ចំណាកស្រុក​ទ្រង់ទ្រាយ​ធំ​របស់​រដ្ឋាភិបាល​កម្ពុ​ជា​ដែល​បានចាប់ផ្តើម​តាំងពីដើម​ខែមិថុនា​នេះ​មក។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក គោស៊ុំ ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​ដែល​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​សុក្រ​នេះ។ លោក​អភិបាល​បាន​បញ្ជាក់ថា​កងកម្លាំង​គ្រប់​លំដាប់ថ្នាក់របស់ជាតិ នឹង​វិល​ទៅកាន់​មូលដ្ឋានរៀងៗខ្លួន​វិញ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ​តែម្តង។ ពោលគឺ​នៅសល់តែ​កម្លាំង​របស់​ខេត្តបន្ទាយមានជ័យ​តែប៉ុណ្ណោះ​ដែល​នៅ​រ៉ាប់រង​ចំពោះ​ពលករ​ដែល​បន្ត​ហូរ​ចូល​ត្រឹមតែ​ជា១ពាន់​នាក់​ក្នុង​មួយថ្ងៃ​តែប៉ុណ្ណោះ។

សូមបញ្ជាក់​ជូន​ថា កងកម្លាំង​គ្រប់​ប្រភេទ​របស់​រដ្ឋាភិបាល ប្រមាណ៣ពាន់​នាក់ រថយន្ត​ជាង៣០០គ្រឿង បាន​ប្រតិ​ប​ត្តិការ​ជួយ​ពលករ​ខ្មែរ​ខុសច្បាប់​ដែល​រដ្ឋាភិបាលយោធា​ថៃ​បញ្ជូន​ត្រឡប់មកវិញ​យ៉ាងគំហុក ទៅកាន់​មូលដ្ឋាន​ស្រុកកំណើត។ តាំងពីដើម​ខែមិថុនា​នេះមក ​មាន​ពលករ​ខ្មែរ​ចំណាកស្រុក​ប្រមាណ​ជាង២៥ម៉ឺន​នាក់​ត្រូវបាន​អាជ្ញាធរ​ថៃ​បញ្ជូន​មកកាន់​កម្ពុជា​វិញ។ បើតាម​ការបញ្ជាក់​ពី​លោក​អភិបាលខេត្ត​ដដែល រដ្ឋាភិបាល​បាន​ចំណាយ​ទឹកប្រាក់​លើ​ការដឹកជញ្ជូន ម្ហូបអាហារ មាន​ប្រមាណ​ជាង៦លាន​ដុល្លារ​អាមេរិក។

ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក​គោស៊ុំ ​សារឿ​ត បានឱ្យដឹងថា ខេត្តបន្ទាយមានជ័យ​នឹង​ចាប់ផ្តើម​ដាក់​ដំណើរការ​ផ្តល់​លិខិត​ឆ្លង​ដែនដល់​ពលករ​ដែលមាន​បំណង​ធ្វើការ​ស្របច្បាប់​នៅ​ប្រទេស​ថៃ​ដើម​សប្តាហ៍​ក្រោយ។ ទាក់ទង​នឹង​ការផ្តល់​លិខិតឆ្លងដែន​នេះ មន្ត្រី​អង្គការ​លី​ដូ​ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ចាន់គា បានស្នើឱ្យ​រដ្ឋាភិបាល​ពិនិត្យ​ការផ្តល់​លិខិតឆ្លងដែន​ដល់​ពលរដ្ឋ​គ្រប់គ្នា​ក្នុងតម្លៃ៤៩ដុល្លារ​ដែល​រដ្ឋាភិបាល​បានកំណត់។ អ្នក​ចំណាក់ស្រុក​មាន​បី​ប្រភេទ គឺ​តាមរយៈ​ក្រុមហ៊ុន តាមរយៈ​មេខ្យល់ និង​តាមរយៈ​ខ្លួនឯង​ផ្ទាល់។

មន្ត្រី​អង្គការ​លីកាដូ​ប្រចាំខេត្តបន្ទាយមានជ័យរូបនេះបាន​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​ការផ្តល់សេវា​ជួយ​ដល់​ពលករ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​នេះ ព្រោះថា​វា​ជា​កាតព្វកិច្ច​របស់​រដ្ឋ​ចំពោះ​ប្រជាជន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ