អានតួអត្ថបទ
កម្ពុជា

ហ៊ុន​ សែន​៖ ​កម្ពុជា​ថៃ​កំពុង​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​ពលក​រ​

ក្នុង​ឱកាស​​ទិវា​​អន្តរជាតិ​​ប្រយុទ្ធ​ប្រឆាំង​​គ្រឿង​​ញៀន​​ដែល​​ប្រារព្ធ​​ឡើង​​នៅ​​ថ្ងៃ​​​ព្រហស្បតិ៍​​​នេះ​​នៅ​ឯ​​កោះ​​ពេជ្រ​ លោក​​នាយក​​រដ្ឋ​​មន្ត្រី​ ហ៊ុន​ សែន ​បាន​​ប្រាប់​​ឲ្យ​​ដឹង​ថា ​ទោះ​ជា​​ភាគី​​ថៃ​​ចាប់​បញ្ជូន​​ពលករ​​ខ្មែរ​​ដោយ​​មិន​​ប្រាប់​​មុន​​ក៏​ដោយ ​ក៏​​កិច្ច​សហការ​​ដោះ​ស្រាយ​​បញ្ហា​​ពលករ​​នៅ​តែ​​បន្ត​ធ្វើ​ ។​ ​បើ​តាម​​លោក​នាយក​​រដ្ឋ​មន្ត្រី​ ភាគី​​ទាំង​ពីរ​​កំពុង​​ខិត​ខំ​​ធ្វើ​យ៉ាង​ណា​​ឲ្យ​​ពលករ​​ខ្មែរ​​ទាំង​អស់​​ដែល​​ឆ្លង​ដែន​​ទៅ​ធ្វើ​ការ​​ក្នុង​ប្រទេស​​ថៃ​​ជា​​ពលករ​​ស្រប​ច្បាប់​។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។
លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។ RFI/Ly Meng Hour
ផ្សាយពាណិជ្ជកម្ម

ការចាប់​បញ្ជូន​ពលក​រ​ខ្មែរ​ខុសច្បាប់​នៅលើ​ទឹកដី​ថៃ​ឲ្យ​ត្រឡប់មក​ប្រទេស​វិញ​នៅតែ​ជា​បញ្ហា​ក្តៅគគុក​នៅឡើយ​សម្រាប់​ទំ​នាក់​ទំនង​ទ្វេភាគី​កម្ពុជា​ថៃ។ ថ្លែង​ជា​សាធារណៈ​លើកដំបូង​អំពី​បញ្ហា​ពលករ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ហៅ​ការចាប់​បញ្ជូន​ពលករ​ខ្មែរ​ដោយ​តក់ក្រហល់​និង​ដោយ​មិនបាន​ជូនដំណឹង​ជាមុន​ថា​ជា​កត្តា​ចៃដន្យ​ដ៏​ធំធេង​មួយ​ដែល​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ដោះស្រាយ។

លោកនាយក​រដ្ឋមន្ត្រី​បាន​កោតសរសើរ​ដល់​អាជ្ញាធរ​ទាំងអស់​រួមទាំង​សង្គម​ស៊ីវិល​និង​សម្បុរ​សជន​នានា​រាប់ទាំង​បក្សនយោបាយ​ផង​ដែល​បានរួម​ចំណែក​ដោះស្រាយ​កត្តា​ចៃដន្យ​ដ៏​ធំធេង​នេះ​បាន​ជោគជ័យ។ យ៉ាងណាក៏ដោយ​លោក​អះអាងថា កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​នៅតែ​បន្តធ្វើ​ដើម្បី​ដោះស្រាយ​បញ្ហា​ពលករ។ កិច្ចសហប្រតិបត្តិការ​នេះ​មានន័យ​ធ្វើយ៉ាងណា​ឲ្យ​ពលករ​ខ្មែរ​ទាំងអស់​ដែល​ឆ្លងដែន​ចូលទៅ​ធ្វើការ​ក្នុង​ទឹកដី​ថៃ​ក្លាយជា​ពលករ​ស្របច្បាប់។ ក្នុងន័យនេះ ភាគី​ថៃ​នឹង​បិទ​មិន​ឲ្យ​មាន​ក្រុមហ៊ុន​នាំ​ពលករ​ទៅធ្វើ​ការ​ដោយ​ខុសច្បាប់​ទៀតឡើយ។

ចំណែក​ភាគី​កម្ពុជា​វិញ​កំពុង​ជួយ​សម្រួល​ឲ្យ​ពលករ​របស់ខ្លួន​បានទទួល​ឯកសារ​ស្របច្បាប់​ដោយ​ងាយស្រួល ឆាប់រហ័ស​និង​ក្នុង​តម្លៃថោក។ ក្នុងន័យនេះ លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​ក្រសួងមហាផ្ទៃ​ពង្រាយ​ការិយាល័យ​ធ្វើលិខិត​ឆ្លងដែន​នៅក្នុង​ខេត្តសំខាន់ៗ និង​ឈានទៅ​បើក​ការិយាល័យ​ធ្វើលិខិត​ឆ្លងដែន​គ្រប់​ខេត្ត​តែម្តង​ក្នុងពេល​ខាងមុខនេះ។ លិខិតឆ្លងដែន​ដែលមាន​តម្លៃ​ត្រឹម៤ដុល្លា​ប៉ុណ្ណោះ​សម្រាប់​ថ្លៃ​រូបថត។

យ៉ាងណាក៏ដោយ លោកនាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​ពលករ​ទាំងអស់​គួរតែ​ស្វែងរក​ការងារ​ក្នុងស្រុក​ប្រសើរ​ជាង​ទៅ​ក្រៅប្រទេស។ ឆ្លើយតប​នឹង​ការរិះគន់​អំពី​បរាជ័យ​របស់​រដ្ឋាភិបាល​ក្នុងការ​ផ្តល់​ការងារ​ជូន​ពលករ​របស់ខ្លួន ប្រមុខ​រដ្ឋាភិបាល​បក្ស​កាន់អំណាច​បាន​ពន្យល់ថា​ប្រទេស​ជាច្រើន​ក្នុង​អាស៊ាន​ក៏បាន​បញ្ជូន​ពលករ​ទៅ​ធ្វើការ​ក្រៅប្រទេស​ដូជ​កម្ពុជា​ដែរ។

សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ​មាន​ពលករ​ខ្មែរ​ជាង ២៥ ម៉ឺន​នាក់​ហើយ​ដែល​ថៃ​ចាប់បញ្ជូន​ឲ្យ​ត្រឡប់មកវិញ​ក្នុងនោះ​ពលករ​មួយចំនួន​គ្មាន​ដី​ធ្វើស្រែ​នោះទេ។ ពលករ១០នាក់​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ពីបទ​ប្រើប្រាស់​ត្រា​ក្លែងក្លាយ។ ប៉ុ​នៅ​ចំពោះមុខ​មន្ត្រី​ស្ថានទូត​ថៃ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាលយោធា​ថៃ​ដោះលែង​ពួកគេ​ត្រឡប់មកវិញ​ពីព្រោះ​ពលករ​ទាំងនោះ​គ្រាន់តែ​ចាញ់បោក​គេ​តែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ