អានតួអត្ថបទ
កម្ពុជា

ទស្សនកិច្ច​​លោក​ ហ៊ុន សែន​ នៅ​វៀតណាម​​ សម្រេចបាន​​កិច្ចសហប្រតិបត្តិការ​​វែង​អន្លាយ​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​វិលត្រឡប់​មកដល់​ភ្នំពេញ​វិញ​ហើយ​ បន្ទាប់ពី​បាន​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​វៀតណាម​តាំងពី​ថ្ងៃ​ព្រហស្បតិ៍​មក។ មាន​ឯកសារ​សហប្រតិបត្តិកា​រ​ចំនួន ១០ ត្រូវបាន​ចុះហត្ថលេខា​ក្នុងអំឡុងពេល​ទស្សនកិច្ច​នោះ។ វៀតណាម​ក៏​គ្រោង​បង្កើន​ពាណិជ្ជកម្ម និង​ជាពិសេស ​បង្កើន​ទេសចរ​ឲ្យ​ដល់​មួយ​លាន​នាក់​នៅ​ឆ្នាំ ២០១៤។ ភ្នំពេញ​និង​ហាណូយ​ក៏បាន​សន្យា​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រលានយន្តហោះអន្តរជាតិភ្នំពញ ​ព្រឹកថ្ងៃទី ៨ ខែតុលា ឆ្នាំ២០១៣នេះ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រលានយន្តហោះអន្តរជាតិភ្នំពញ ​ព្រឹកថ្ងៃទី ៨ ខែតុលា ឆ្នាំ២០១៣នេះ។ rfi/siv channa
ផ្សាយពាណិជ្ជកម្ម

ក្នុងចំណោម​កិច្ចសហប្រតិបត្តិការ​ដែល​ទីក្រុង​ភ្នំពេញ​និង​ហាណូយ​បាន​ចុះហត្ថលេខា​ជាមួយគ្នា កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម និង​ទ​សេ​ចរណ៍​ក៏​ជា​រឿង​លេចធ្លោ​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ។ វៀតណាម​គ្រោង​ជំរុញ​ឲ្យ​មាន​អ្នកទេសចរ​របស់ខ្លួន​ចូលមក​កម្ពុជា​ឲ្យ​បាន​មួយ​លាន​នាក់​ក្នុង​ឆ្នាំ ២០១៤ ខាងមុខ។

លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​ក្រុមអ្នកកាសែត​នៅឯ​ព្រលាន យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា ទេសចរ​វៀតណាម​មក​កម្ពុជា​បាន​កើន​ឡើងជា​លំដាប់​ពោលគឺ​កើន​ពី ៧០០.០០០នាក់​ក្នុង​ឆ្នាំ ២០១២ ដល់ ៨០០ ០០០ នាក់​ក្នុង​ឆ្នាំ ២០១៣ ។ ចំនួន​នេះ​នឹង​កើន​ដល់​មួយ​លាន​នាក់​ក្នុ​ង​ឆ្នាំ ២០១៤ ។

វៀតណាម និង​កម្ពុជា​ក៏​គ្រោង​បង្កើន​កិច្ច សហប្រតិបត្តិការ​​ផ្នែក​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​ឡើង​ដល់​ ៥០០០ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៥ តាមរយៈ​ការទាក់ទាញ​អ្នកវិនិយោគទុន​វៀតណាម​ឲ្យ​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន​ថែមទៀត ។

កម្ពុជា​និង​វៀតណាម​ក៏បាន​ពិភាក្សាគ្នា​អំពី​ការបោះបង្គោល​ព្រំដែន​និង​ការប្រើប្រាស់​ទឹក​នៅ​ជាប់​​ព្រំដែន​ជាមួយគ្នា​ផងដែរ។  បើតាម​លោក កៅ គឹមហួន មេដឹកនាំ​ប្រទេស​ទាំង​ពីរបាន​ប្តេជ្ញា​​ពង្រឹង​និង​ពង្រីក កិច្ចសហប្រតិបត្តិការ​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ទាំង​សេដ្ឋកិច្ច​​និង​នយោបាយ។

សូមបញ្ជា​ក់ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្តើម​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃទី ២៦ ធ្នូ តប​តាម​ការអញ្ជើញ​ពី​នាយករដ្ឋមន្ត្រី​វៀតណាម​លោក ង្វៀន តឹង​យុង។ ដំណើរ​ទស្សនកិច្ច​នេះ​បាន​កើតឡើង​ចំពេល​ដែល​ស្ថានភាព​នយោបាយ​ផ្ទៃក្នុង​កម្ពុជា​កំពុង​តានតឹង។

គណបក្ស​ប​សង្គ្រោះ​ជាតិ​បានធ្វើ​បាតុកម្ម​ជា​បន្តបន្ទាប់​ ដើម្បី​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ​ និង​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ចុះ​ចេញពី​តំណែង។ ក្រៅពី ការនាំមក​នូវ​កិច្ចសហប្រតិបត្តិការ​​ដ៏​វែង​អន្លាយ​ជាមួយ​វៀតណាម គេ​នៅ​មិនទាន់​ដឹងថា ស្ថានការណ៍​នយោបាយ​ផ្ទៃក្នុង​កម្ពុជា ​នឹង​ក្លាយទៅជា​យ៉ាងណា​នៅឡើយ​ទេ ​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅក្នុង​ប្រទេស​វៀតណាម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ