អានតួអត្ថបទ

លោក​នាយក​រដ្ឋ​មន្ដ្រី​ហ៊ុន សែន៖ ក្រសួង​អប់រំ និង​​សង្គម​កិច្ច ត្រូវ​​ដាក់​​បញ្ចូល​​គ្រូ​​ជន​​ពិការ ទៅ​ក្នុង​ក្របខ័ណ្ឌ​​រដ្ឋ​

នៅ​ថ្ងៃ​ទី​១០​ធ្នូ​នេះ លោក​នាយក​រដ្ឋ​មន្ដ្រី​ហ៊ុន សែន បាន​ប្រកាស​​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រម​ទាំង​ក្រសួង​សង្គម​កិច្ច ដាក់​បញ្ចូល​គ្រូ​ជន​ពិការ ដែល​បង្រៀន​នៅ​តាម​អង្គការ​នានា ទៅ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ។ បើ​តាម​លោក​នាយក​រដ្ឋ​មន្ដ្រី នៅ​ក្នុង​ឆ្នាំ​២០១៤​ខាង​មុខ​នេះ សម្រាប់​គ្រូ​បង្រៀន​ក្របខ័ណ្ឌ​រដ្ឋ ត្រូវ​ជ្រើស​រើស​ចំនួន​៦​ពាន់​នាក់ ច្រើន​ជាង​ឆ្នាំ​មុន​ៗ ដែល​ជ្រើស​រើស​តែ​៥​ពាន់​នាក់​ប៉ុណ្ណោះ។

ពិធី​អបអរ​ទិវា​ជន​ពិការ​អន្ដរជាតិ​លើក​ទី​៣១ និ​ងទិវា​ជន​ពិការ​កម្ពុជា​លើក​ទី​១៥ នៅ​ថ្ងៃ​ទី​១០​ធ្នូ ក្រោម​អធិបតីភាព​លោក​នាយក​រដ្ឋ​មន្ដ្រី​ហ៊ុន សែន
ពិធី​អបអរ​ទិវា​ជន​ពិការ​អន្ដរជាតិ​លើក​ទី​៣១ និ​ងទិវា​ជន​ពិការ​កម្ពុជា​លើក​ទី​១៥ នៅ​ថ្ងៃ​ទី​១០​ធ្នូ ក្រោម​អធិបតីភាព​លោក​នាយក​រដ្ឋ​មន្ដ្រី​ហ៊ុន សែន RFI/Im Rachna
ផ្សាយពាណិជ្ជកម្ម

ទិវា​ជនពិការ​អន្ដរជាតិ និង​ជនពិការ​កម្ពុជា ៣​ធ្នូ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០​ធ្នូ​នេះ ក្រោម​អធិបតីភាព​លោក​នាយក​រដ្ឋ​មន្ដ្រី​ហ៊ុន សែន នៅ​មជ្ឈមណ្ឌល​សន្និបាទ​កោះពេជ្រ។

នៅ​ចំពោះ​មុខ​អ្នក​ចូល​រួម​ជាង​២​ពាន់​នាក់ ដែល​ក្នុង​នោះ​មាន​ជន​ពិការ​ជាង​១​ពាន់​នាក់​ផង​នោះ លោក​នាយក​រដ្ឋ​មន្ដ្រី បាន​ប្រកាស តម្រូវ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​ក្រសួង​សង្គម​កិច្ច ដាក់​បញ្ចូល​គ្រូ​ជន​ពិការ ដែល​បង្រៀន​នៅ​តាម​អង្គការ​នានា ទៅ​ក្នុង​ក្រប​ខ័ណ្ឌ​រដ្ឋ។ ការ​ដាក់​បញ្ចូល​គ្រូ​ជន​ពិការ ទៅ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ នឹង​ជួយ​ឲ្យ​គ្រូ​ជន​ពិការ អាច​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ពី​ខាង​អង្គការ​ផង និង​ពី​រដ្ឋាភិបាល​ផង។

លោក​នាយក​រដ្ឋ​មន្ដ្រី​ឲ្យ​ដឹង​ថា កន្លង​មក ក្រសួង​អប់រំ យុវជន និង​កីឡា ធ្លាប់​បាន​ដាក់​បញ្ចូល​គ្រូ​ជនពិការ ទៅ​ក្នុង​ក្រប​ខ័ណ្ឌ​រដ្ឋ​រួច​ហើយ។ ប៉ុន្តែ​សកម្មភាព​នេះ ត្រូវ​តែ​បន្ត​ធ្វើ​ត​ទៅ​មុខ​ទៀត ពិសេស​សម្រាប់​ឆ្នាំ​២០១៤​ខាង​មុខ។ ឆ្នាំ​២០១៤ ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ត្រូវ​ជ្រើស​រើស​គ្រូ​បង្រៀន​ក្រប​ខ័ណ្ឌ​រដ្ឋ​ចំនួន​៦​ពាន់​នាក់ ច្រើន​ជាង​ឆ្នាំ​មុន​ៗ ដែល​ជ្រើស​រើស​តែ​៥​ពាន់​នាក់​ប៉ុណ្ណោះ។

 
ក្រៅ​ពី​នេះ លោក​នាយក​រដ្ឋ​មន្ដ្រី​ហ៊ុន សែន ក៏​បាន​ជំរុញ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​ក្រសួង​សង្គម​កិច្ច រៀប​ចំ​ចង​ក្រង និង​ដាក់​បញ្ចូល​អក្សរ​ស្ទាប និង​ភាសា​សញ្ញា ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​ក្រសួង​​អប់រំ​ផង​​​ដែរ។

សូម​ជម្រាប​ជូន​ថា ​ទិវា​ជនពិការអន្ដរជាតិលើក​ទី​៣១ និង​ទិវា​ជនពិការ​កម្ពុជា​លើក​ទី​១៥ នៅ​ឆ្នាំ​នេះ ប្រារព្ធ​ឡើង​ក្រោម​ប្រធាន​បទ «ការ​លុប​បំបាត់​ឧបសគ្គ​នានា និង​ការ​ផ្ដល់​ឱកាស​ដល់​ជន ពិការ ដើម្បី​សង្គម​មួយ​សម្រាប់​យើង​ទាំង​អស់​គ្នា»៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ