អានតួអត្ថបទ
កម្ពុជា

តម្លៃ​អគ្គិសនី​ លុយ​ក្រោម​តុ និង​ពលករ​ខ្វះ​ជំនាញ​ជា​ឧបសគ្គ​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​និង​ធនាគារ​ពិភពលោក​ ទើប​តែ​បាន​ចេញ​របាយ​ការណ៍​រួម​គ្នា​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ​ស្តី​ពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ឆ្នាំ​ ២០១៤។ ​របាយ​ការណ៍​នេះ​បាន​រក​ឃើញ​ថា​ តម្លៃ​អគ្គិសនី​ខ្ពស់ ​ការ​ចាយ​លុយ​ក្រៅ​ផ្លូវ​ការ​ និង​កង្វះ​ពលករ​ជំនាញ​ គឺ​ជា​ឧបសគ្គ​​ធំ​ៗ​បី​សម្រាប់​ការ​វិនិយោគ​នៅ​កម្ពុជា។​ ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ទាំង​ពីរ​នេះ​បាន​ស្នើ​ឲ្យ​កម្ពុជា​លើក​ចេញ​នូវ​ឧបសគ្គ​ទាំង​បី​ដើម្បី​បង្កើត​បរិយាកាស​ថ្មី​សម្រាប់​ការវិនិយោគ។

កម្មករ​កំពុង​តែ​ធ្វើការ​នៅការ​ដ្ឋាន​សំណង់។
កម្មករ​កំពុង​តែ​ធ្វើការ​នៅការ​ដ្ឋាន​សំណង់។ សហការី
ផ្សាយពាណិជ្ជកម្ម

តម្លៃ​អគ្គិសនី​ខ្ពស់ ការចាយវាយ​ក្រៅផ្លូវការ និង​ពលករ​ខ្វះ​ជំនាញ បាន​បង្ក​ឧបសគ្គ​ធ្ងន់ធ្ងរ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងការ​ទាក់ទាញ​វិនិយោគទុន។ នេះ​គឺជា​ខ្លឹមសារ​នៃ​របាយការណ៍​វាយតម្លៃ​អំពី​បរិយាកាស​វិនិយោគ​ឆ្នាំ ២០១៤ របស់​ធនាគារពិភពលោក និង​ធនាគារអភិវឌ្ឍន៍អាស៊ី​​ដែល​​ចេញ​ផ្សាយ​​នៅ​​ថ្ងៃ​​អង្គារ​ទី ២៨តុលា​នេះ។

របាយការណ៍​កត់សម្គាល់ថា អគ្គិសនី​នៅ​កម្ពុជា​មិន​គ្រាន់តែ​មានតម្លៃ​ខ្ពស់ជាង​ប្រទេស​ជិត​ខាង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ថែមទាំង​ផ្គត់ផ្គង់​មិនបាន​ជាប់លាប់​ទៀតផង​ជាពិសេស​នៅក្នុង​តំបន់​សេដ្ឋកិច្ច​​ពិសេស។ ចំណែកឯ​ក្រុមហ៊ុន​ចុះបញ្ជី​ជាច្រើន​បាន​អះអាងថា​ការបង់ប្រាក់​ក្រៅ​ផ្លូវការ​ និង​​កង្វះ​​ពលករ​​​ជំនាញ​​​ក៏​​ជា​​ឧបសគ្គ​​ដ៏​​ធំ​​ចំពោះ​​ការ​ធ្វើ​​អាជីវកម្ម​​នៅ​​កម្ពុជា​​ផង​ដែរ​។

អ្នកសេដ្ឋកិច្ច​ជាន់ខ្ពស់​របស់​ធនាគារ​ពិភពលោក​បានកត់សម្គាល់​ថា តម្លៃ​ពលកម្ម​ថោ​ក​ ការ​អនុគ្រោះ​ពន្ធ​នាំចូល​ទៅកាន់​សហភាព​អឺរ៉ុប និង​កម្មវិធី​បន្ធូរបន្ថយ​ពន្ធ​របស់​រដ្ឋាភិបាល​ជា​ដើម​​គឺជា​កត្តា​ទាក់ទាញ​អ្នកវិនិយោគទុន​បរទេស​ឲ្យ​ចូលមក​កម្ពុជា។ ក៏ប៉ុន្តែ រដ្ឋាភិបាល​ចាំ​បាច់​ត្រូវ​លើក​ចេញ​ឧបសគ្គធំៗដែល​រារាំង​ការវិនិយោគ​របស់​ពួកគេ។

ថ្លែង​ក្នុង ឱកាស​បង្ហាញ​របាយការណ៍​នេះ​នៅឯ​សណ្ឋាគារ Sofitel Phnom Penh លោក អា​ឡា​សាន សូ ប្រធាន​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​បាន​អះអាងថា កម្ពុជា​មានការ​រីកចម្រើន​ជឿនលឿន​ទៅមុខ​យ៉ាងខ្លាំង​ក្នុងការ​បង្កើត​ឲ្យ​មាន​ភាព​ចម្រុះ​នៃ​ផលិតផល​ថ្មី និង​ការទាក់ទាញ​វិ​ន​យោគ​ទុន​ថ្មី។ លោក​សង្ឃឹមថា របាយការណ៍​នេះ​នឹង​ជួយ​ជំរុញ​បរិយាកាស​ធុរកិច្ច​មួយ​ដែលមាន​លក្ខណៈ​ល្អប្រសើរ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ឯកជន​នៅ​កម្ពុជា។

ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ទាំងពីរ​នេះ​បានផ្តល់​អនុសាសន៍​ថា ដើម្បី​ឲ្យ​តម្លៃ​អគ្គិសនី​ថោក កម្ពុជា​​គួរ​សម្លឹងមើល​ការទាញយក​ថាមពល​អ​គ្គិ​ស​នី​ពី​ប្រភព​ផ្សេង និង​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេសជិតខាង។ ក្រៅពីនោះ ការកាត់បន្ថយ​ជំនួប​ដោយផ្ទាល់​រវាង​វិនិយោគិន​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​តា​មរយៈ​ការប្រើ​ប្រព័ន្ធ​បច្ចេកវិជ្ជា​អាំងទែ​ណែ​ត និង​ប្រព័ន្ធ​ទិន្នន័យ​គយ​ស្វ័យប្រវត្តិ​គឺជា​មធ្យោបាយ​កាត់បន្ថយ​ពេលវេលា​និង​ការចំណាយ​របស់​វិនិយោគិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ