អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ​ហាម​ឃាត់​រថយន្ត​ដឹក​ជញ្ជូន​ធុន​ធ្ងន់​ឆ្លង​កាត់​ស្ពាន​ជ្រោយ​ចង្វារ​

នៅ​ក្នុង​​សេចក្ដី​ប្រកាស​​ព័ត៌មាន​​ចុះ​​ថ្ងៃ​ទី​១​ខែ​សី​ហា ​សាលា​​រាជធានី​ភ្នំពេញ ​បា​ន​ប្រកាស​​ហាម​ឃាត់​រ​ថ​យន្ត​​ដឹក​ជញ្ជូន​​ធុន​​ធ្ងន់ ​មិន​​ឲ្យ​​ឆ្លង​កាត់​​ស្ពាន​​ជ្រោយ​ចង្វារ​​ទេ​។​ មិន​​ឲ្យ​​ឆ្លង​កាត់​ ដោយ​សារ​តែ​​ស្ពាន​​នេះ ​មាន​​ស្ថានភាព​​ទ្រុឌ​ទ្រោម​​ខ្លាំង​​ផ្នែក​​កំណល់​​នៃ​​ទម្រ​​ស្ពាន​។​

ស្ពានជ្រោយចង្វារ។
ស្ពានជ្រោយចង្វារ។ @Google
ផ្សាយពាណិជ្ជកម្ម

នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ក្រុមបច្ចេកទេស​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​សាលា​រាជធានី​ភ្នំពេញ បាន​ពិនិត្យឃើញ​ពី​ស្ថានភាព​ទ្រុឌទ្រោម​ខ្លាំង ផ្នែក​កំណល់​នៃ​ទម្រ​ស្ពាន​មិត្តភាព​កម្ពុជា​ជប៉ុន ឬ​ស្ពាន​ជ្រោយចង្វារ។ ស្ថានភាព​ទ្រុឌទ្រោម​ខ្លាំង​នេះ ពុំ​អាច​ឲ្យ​រថយន្ត​ធុន​ធ្ងន់ ធ្វើចរាចរ​ឆ្លងកាត់​បា​ន​ទេ។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​សាលា​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃទី១ខែសីហា។

ដូច្នេះ ដើម្បី​ថែរក្សា​ការពារ និង​អាច​ប្រើប្រាស់​ស្ពាន​បានជា​បណ្ដោះអាសន្ន កុំ​ឲ្យ​បង្ក​ការគ្រោះថ្នាក់​ជាយថាហេតុ​នោះ សាលា​រាជធានី​ភ្នំពេញ​សម្រេច​ធ្វើការ​ហាមឃាត់ មិន​អនុញ្ញាត​ឲ្យ​រថយន្ត​ធុន​ធ្ងន់ ធ្វើចរាចរ​ឆ្លងកាត់​ស្ពាន​ជ្រោយចង្វារ ចាប់ពីពេលនេះ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី។

ប្រជាពលរដ្ឋ​ជា​ម្ចាស់​រថយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ ត្រូវបាន​អាជ្ញាធរ ណែនាំ​ឲ្យ​បង្វែរ​ការដឹកជញ្ជូនរ​បស់​ខ្លួន ទៅ​ឆ្លងកាត់​ស្ពាន​ព្រែក​ព្នៅ​ជា​បណ្ដោះអាសន្ន​វិញ។ ស្ពាន​ព្រែក​ព្នៅ ឬ​ស្ពាន​លី​យ៉ុង​ផាត់ ដែល​តម្រូវ​ឲ្យ​បង់ប្រាក់ សម្រាប់​ការធ្វើដំណើរ​ឆ្លងកាត់រ​បស់​រថយន្ត​គ្រប់​ប្រភេទ។

គួររម្លឹកថា ស្ពាន​ជ្រោយចង្វារ​ចាស់ បាន​សាងសង់​តាំងពី​ឆ្នាំ១៩៦៦ និង​ក្រោយមក​ត្រូវបាន​កាត់ផ្ដាច់​នៅក្នុង​របប​ខ្មែរក្រហម។ នៅ​ឆ្នាំ១៩៩៥ ស្ពាន​ជ្រោយចង្វារ ឬ​ស្ពាន​មិត្តភាព​កម្ពុជា​ជប៉ុន ត្រូវបាន​ជួសជុល និង​ភ្ជាប់​ឡើងវិញ ដោយមាន​ជំនួយ​ពី​ប្រទេស​ជប៉ុន។

ស្ថានភាព​ទ្រុឌទ្រោម​របស់​ស្ពាន​ជ្រោយចង្វារ​ចាស់​នេះ បាន​ស្ដែងឡើង​ស្រប​ពេលដែល​ស្ពាន​ជ្រោយចង្វារ​ថ្មី ត្រូវបាន​ស្ថាបនា​ជិត​រួចរាល់​ហើយ។ ស្ពាន​ជ្រោយចង្វារ​ថ្មី ត្រូវបាន​សាងសង់ឡើង​ស្របគ្នា​នឹង​ស្ពាន​ជ្រោយចង្វារ​ចាស់ ដោយ​ប្រាក់កម្ចី​របស់​រដ្ឋាភិបាល​ចិន​ចំនួន២៧លាន៥សែន​ដុល្លារ៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ