អានតួអត្ថបទ
កម្ពុជា

ព្រឹទ្ធសភា​បដិសេធ​ព័ត៌មាន​អំពី​មរណភាព​របស់​លោក​ជា ស៊ីម

នៅ​ថ្ងៃ​ចន្ទ​នេះ មន្ត្រីជាន់ខ្ពស់កម្ពុជា​បាន​បដិសេធ​នឹង​ការលើកឡើង​ថា លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានព្រឹទ្ធសភា​បាន​ទទួល​មរណភាព។ យោងតាម លោក អ៊ុំ សារិទ្ធ អគ្គលេខាធិការ​ព្រឹទ្ធសភា នៅពេល​សព្វថ្ងៃនេះ លោក​ជា​ ស៊ីម ដែល​មាន​អាយុ ៧៩ឆ្នាំ មាន​សុខភាព​ល្អ និង​កំពុង​បំពេញ​តួនាទី​ជា​ប្រមុខរដ្ឋស្តីទី ជំនួស​ព្រះមហាក្សត្រ។​

ព័ត៌មាន​ស្តីពី​មរណភាព​របស់​លោក​ជា ស៊ីម ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក
ព័ត៌មាន​ស្តីពី​មរណភាព​របស់​លោក​ជា ស៊ីម ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក RFI
ផ្សាយពាណិជ្ជកម្ម

លោក អ៊ុំ សារិទ្ធ អគ្គលេខាធិការ​ព្រឹទ្ធសភា បាន​ប្រាប់​អ្នកកាសែត នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​៦ ខែ​សីហា ឆ្នាំ​២០១២​​នេះ​ថា ​ការ​​លេចឮ​ព័ត៌មាន​ថា លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានព្រឹទ្ធសភា បាន​ទទួលមរណភាព គឺជា​រឿង​មិន​ពិត​ ហើយ​ថា បច្ចុប្បន្ន​នេះ ​លោក​ជា ​ស៊ីម ដែល​មាន​អាយុ ៧៩ ឆ្នាំ មាន​សុខភាព​ល្អ និង​កំពុង​ប្រតិបត្តិ​មុខងារ ជា​ប្រមុខរដ្ឋ​ស្តីទី​។​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បានចាត់ទុក​ដំណឹងមរណភាពរបស់លោកជា ស៊ីម ថាជា​​ការ​ប្រឌិត ​ដែល​គេ​បង្កើតឡើង ដើម្បី​ធ្វើឲ្យ​សាធារណ​មតិ​ច្របូកច្របល់​ប៉ុណ្ណោះ​។​

​សេចក្តីប្រកាស​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​ខណៈ​ដែល​មាន​ការចុះ​ផ្សាយដំណឹង​តាម​ហ្វេសប៊ុក នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​លើកឡើង​ថា លោក ជា ស៊ីម បាន​ទទួលមរណភាព ខណៈ​ដែល​ក្នុង​រយៈពេល​ចុងក្រោយ​នេះ គេ​ឃើញ​លោក ជាស៊ីម មាន​បញ្ហា​សុខភាព និង​អវត្តមាន​ច្រើន នៅក្នុង​ពិធី​សាធារណ​ធំៗ​មួយចំនួន ដូចជា ថ្ងៃ​ខួប​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃ​ទី​២៨​មិថុនា​។​

​យ៉ាងណាក៏ដោយ ប្រភព​ស្និទ្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា បានឲ្យដឹងថា លោក​ជា ​ស៊ីម បាន​ទៅ​ព្យាបាល​ជា​ប្រចាំ នៅ​ប្រទេស​សិង្ហ​បុរី ដោយ​ត្រូវ​លាង​ឈាម​ផងដែរ​។​

​កាលពី​ចុងខែ​មុន ក៏​ធ្លាប់​​មាន​ដំណឹង​ពី​បញ្ហា​សុខភាព​មិន​ល្អ​របស់​​មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​ម្នាក់​ដែរ គឺ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ក៏​ប៉ុន្តែ​រដ្ឋាភិបាល បាន​ចេញប្រកាស​ច្រានចោល​នូវ​ដំណឹង​នេះ ហើយ​ថា លោក​សុខ ​អាន បាន​ជាសះស្បើយ​​វិញ​ហើយ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ