អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ធ្វើ​យុទ្ធនាការ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម

រដ្ឋាភិបាល និង​វិស័យ​ឯកជន​បាន​ចាប់​ផ្តើម​បើក​យុទ្ធនាការ នៅ​ថ្ងៃ​សុក្រនេះ ប្រឆាំង​នឹង​ជំងឺ​គ្រុនឈាម​។ ក្នុងរយៈពេល​៥ខែដើមឆ្នាំ​២០១៣ ជំងឺគ្រុនឈាម​បាន​សម្លាប់កុមារ​ចំនួន​១៥នាក់។ តួលេខ​នេះ​បង្ហាញ​ពី​ការ​ធ្លាក់ចុះ​នៃ​ករណី​គ្រុនឈាមនៅ​កម្ពុជា​ បើប្រៀបធៀប​នឹង​ឆ្នាំ​មុន។

ទិដ្ឋភាព​នៃ​ការ​ដង្ហែក្បួន ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​គ្រុនឈាម នៅ​កម្ពុជា
ទិដ្ឋភាព​នៃ​ការ​ដង្ហែក្បួន ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​គ្រុនឈាម នៅ​កម្ពុជា RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

កម្ពុជាបាន​រៀបចំ​យុទ្ធនាការប្រឆាំង​នឹងជំងឺ​គ្រុនឈាម ​នៅ​ព្រឹកថ្ងៃ​សុក្រទី​៣១​ឧសភា​នេះ ដោយ​ការ​ដើរ​ដង្ហែ​ក្បួន​របស់​សិស្ស​បឋម​សិក្សា មន្ត្រីរាជការ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ និង​វិស័យ​ឯកជន​ ជាង១០០០​នាក់។ ពួកគេ​បានស្លៀកឯកសណ្ឋានដូចគ្នា ជាមួយ​អាវយឺតខៀវ ដោយសាមាន​សរសេរ​ថា “ទិវា​ប្រយុទ្ធនឹង​ជំងឺ​គ្រុនឈាម” និងបាន​កាន់​បដា​ដែល​មាន​សរសេរ​សារ​អប់រំជាច្រើន។

ក្បួន​ដង្ហែបាន​ចេញដំណើរ​ពី​សាលា​បឋមសិក្សា​ចតុមុខ ហើយ​បាន​បញ្ចប់​ការ​ជួបជុំ​គ្នា​នៅ​មុខ​ទីវាល​វត្ត​បុទុម។ នៅទី​នោះ​ហើយ​ដែល​មាន​ការ​ប្រគុំ​តន្ត្រី និងការ​ថ្លែងការណ៍​ពី​ក្រុម​គ្រូពេទ្យ​ តំណាង​រដ្ឋាភិបាល​ផង​ ស្តីពី​ការ​ប្រយុទ្ធនឹង​ជំងឺ​គ្រុនឈាម។

យោងតាម​​ការ​បញ្ជាក់​របស់​​លោក​វេជ្ជបណ្ឌិត ង៉ាន់ ចាន់ថា ប្រធាន​ផ្នែក​ជំងឺ​គ្រុនឈាម​នៃក្រសួង​សុខាភិបាល នៅ​ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​នេះ មាន​កុមារ​ ២ ៥៤១ នាក់​បានកើត​ជំងឺ​គ្រុនឈាម ហើយថា ក្នុងចំណោមនោះ មាន​កុមារ១៥នាក់បាន​ស្លាប់​។ ប៉ុន្តែ ​ចំនួន​នេះ បាន​ថយចុះ​ ៤៦ % ​ធៀប​នឹង​​រយៈពេល​៥ខែដូចគ្នា ក្នុង​ឆ្នាំ​២០១២​។ នៅ​ពេល​នោះ មាន​កុមារកើត​ជំងឺ​គ្រុនឈាម​ចំនួន ៣ ៦៦៨នាក់ ក្នុងនោះ មាន​ស្លាប់ ១៧​នាក់​។​ លោក​វេជ្ជបណ្ឌិត ង៉ាន់ ចាន់ថា បាន​បន្តថា ក្រសួង​សុខាភិបាល​គ្រោង​ចែកចាយថ្នាំ​អា​ល់បេត​ ​ចំនួន​១៤០ ​តោន ដល់ប្រជាពលរដ្ឋនៅ​ទូទាំងប្រទេស ដើម្បី​​ដាក់នៅ​ក្នុង​ពាង​ និង​អាងទឹក។

​គួរ​រម្លឹកថា កម្ពុជា​បាន​ទទួលរងគ្រោះដោយរលក​ផ្ទុះ​ជំងឺ​គ្រុនឈាម​ខ្លាំង​នៅឆ្នាំ​២០០៧​។ ពេលនោះ​ករណី​​គ្រុនឈាម​មាន​​រហូតដល់៤ ៣៣៤​នាក់​ ក្នុងនោះ ស្លាប់​៥៧ ​នាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ