អ្នកនយោបាយនៅកម្ពុជាមិនអើពើស្ថានការណ៍នយោបាយថៃក្បែរខាង
ខណៈដែលការបោះឆ្នោតរបស់ប្រទេសថៃបានក្លាយជាចំណងជើងធំៗលើទំព័រសារព័ត៌មានអន្តរជាតិ អ្នកនយោបាយនៅកម្ពុជាទាំងគណបក្សកាន់អំណាច និងបក្សប្រឆាំង រួមទាំងរដ្ឋាភិបាលមិនបានចាប់អារម្មណ៍ការវិវឌ្ឍន៍ស្ថានការណ៍នយោបាយដ៏ផុយស្រួយនៅក្នុងប្រទេសថៃនោះទេ។ អ្នកវិភាគនយោបាយ បានរិះគន់ថា អ្នកនយោបាយនៅកម្ពុជាគួរតែត្រូវតាមដានស្ថានការណ៍នៅថៃ ព្រោះថាកម្ពុជា និងថៃជាព្រំដែនជាមួយគ្នា និងមានទំនាក់ទំនងផលប្រយោជន៍ពាណិជ្ជកម្មជាមួយគ្នា។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២៧
អ្នកនយោបាយនៅកម្ពុជាទាំងបក្សកាន់អំណាច និងបក្សប្រឆាំងមិនបានចាប់អារម្មណ៍ការបោះឆ្នោតដ៏ចម្រូងចម្រាស នៅប្រទេសថៃនោះទេ ខណៈដែលប្រទេសថៃក្បែរខាង នៅថ្ងៃទី២កុម្ភៈនេះ បានរៀបចំបោះឆ្នោតមុនអាណត្តិ ដើម្បីបិទបញ្ចប់វិបត្តិនយោបាយរ៉ាំរ៉ៃ។
ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃអាទិត្យនេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា លោកមិនចាប់អារម្មណ៍ចំពោះការបោះឆ្នោតនៅប្រទេសថៃនោះទេ។ លោកលើកឡើងថា កិច្ចការផ្ទៃក្នុងកម្ពុជាដែលមិនទាន់បានដោះស្រាយចេញនោះ មានសារសំខាន់ជាង។
មិនខុសពីលោកយឹម សុវណ្ណនោះទេ មន្ត្រីជាន់ខ្ពស់ការិយាល័យនយោបាយគណបក្សប្រជាជនកម្ពុជាលោក ជាម យៀបវិញ បានវាយតម្លៃថា ការបោះឆ្នោតនៅប្រទេសក្រោយការប្រែប្រួលរវាងក្រុមអាវលឿង និងក្រុមអាវក្រហមដែលឈានដល់ការបោះឆ្នោតនោះ គឺមិនមានអ្វី ជាការចាប់អារម្មណ៍ ជាងស្ថានការណ៍នៅកម្ពុជាផ្ទាល់ខ្លួននោះទេ។ ប៉ុន្តែលោកមិនបដិសេធទេ ក្នុងការតាមដានព័ត៌មានពីលទ្ធផលនៃការបោះឆ្នោតនោះ។
ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួងវិញ បាននិយាយថា ការបោះឆ្នោតនៅប្រទេសថៃ ដែលប្រព្រឹត្តនៅថ្ងៃទី២កុម្ភៈនេះ គឺជាការដោះស្រាយបញ្ហានយោបាយផ្ទៃក្នុងថៃ។ លោកសង្កត់ធ្ងន់ថា “ទុកឱ្យថៃ និងថៃដោះស្រាយគ្នាឯងទៅ”។
សូមរំលឹកថា នៅថ្ងៃទី២កុម្ភៈនេះ ប្រទេសថៃបានរៀបចំបោះឆ្នោតមុនអាណត្តិដើម្បីបិទបញ្ចប់វិបត្តិនយោបាយរវាងក្រុមប្រឆាំងអាវលឿង និងក្រុមគាំទ្ររដ្ឋាភិបាលអាវក្រហម ដែលដឹកនាំដោយលោកស្រីយីងឡាក់ ប្អូនស្រីរបស់លោកថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃដែលត្រូវបានទំលាក់ដោយរដ្ឋប្រហារយោធា។ នៅក្នុងថ្ងៃបោះឆ្នោតដ៏ចម្រូងចម្រាស នៅថ្ងៃ២កុម្ភៈនេះ មានការិយាល័យក្នុងខេត្តចំនួន៩ត្រូវបានបិទទ្វារ។
អ្នកវិភាគនយោបាយ លោកបណ្ឌិតសុខ ទូច បានថ្លែងសោកស្តាយ ខណៈដែលអ្នកនយោបាយគ្រប់និន្នាការ នៅកម្ពុជាមិនបានចាប់អារម្មណ៍លើការវិវឌ្ឍន៍សង្គមនយោបាយថៃព្រោះថា ប្រទេសថៃ និងកម្ពុជាមានព្រំដែនគោក និងទឹកជាមួយគ្នា។ ក្រៅពីព្រំដែនរួមគ្នារាប់គីឡូម៉ែត្រនោះ កម្ពុជា និងថៃមានទំនាក់ទំនងពាណិជ្ជកម្ម និងលំហូរសេដ្ឋកិច្ចក្នុងទឹកប្រាក់សន្ធឹកសន្ធាប់ រួមទាំងលំហូរមនុស្សពីកម្ពុជា ទៅថៃជាច្រើនម៉ឺននាក់ផងដែរ។
លោក បានរិះគន់ទៅលើអ្នកនយោបាយកម្ពុជាថា ការមិនចាប់អារម្មណ៍ពីភូមិសាស្ត្រនយោបាយនៅជិតខាងនេះ គឺនឹងមានភយន្តរាយ នៅពេលថៃមានវិបត្តនយោបាយ ឬស្ថានការវឹកវរធ្ងន់ធ្ថរណាមួយកើតឡើងនោះ។ ស្ថានការណ៍អាក្រក់នោះនឹងរុញច្រានទាំងប្រទេសកម្ពុជា និងអាស៊ានទាំងមូលជួបវិបត្តិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ