អានតួអត្ថបទ
ថៃ

ក្រុមប្រឆាំង​បន្ត​ធ្វើ​បាតុកម្ម មិន​ខ្វល់​នឹង​ក្រិត្យ​ដាក់​ក្រុង​បាងកក​​ក្នុង​ភាព​អាសន្ន

ក្រុម​អ្នក​ប្រឆាំង​ នៅ​តែ​បន្ត​ចលនា​បាតុកម្ម​របស់​ខ្លួន ទាមទារ​ឱ្យ​លោក​ស្រី​ យីងឡាក់ ស៊ីណាវ៉ាត់​ ចុះ​ចេញពី​តំណែង​ដដែល មិន​រអែង​នឹង​អ្វី​ឡើយ បើ​ទោះ​បី​ជា​ក្រុង​បាងកក និង​ខេត្ត​ជុំ​វិញ ត្រូវ​ប្រកាស​ដាក់​ក្នុង​ស្ថានភាព​អាសន្ន តាំង​ពីល្ងាច​ម្សិលមិញ សម្រាប់​រយៈ​ពេល​៦០​ថ្ងៃ​ក៏ដោយ។ ម្យ៉ាង​វិញ​ទៀត​ សម្ពាធ​អាច​នឹងកាន់​តែ​តឹង​តែង​បន្ថែម​មួយ​កំរិត​ទៀត​ពីលើ​ការ​ដាក់​រដ្ឋធានី​ក្នុង​ភាព​អាសន្ន ដោយ​ហេតុ​តែ​មាន​ករណី​​បាញ់​ប្រហារ​ព្យាបាទ​គ្នា​កើត​មានឡើង​ទៅតាម​ខេត្ត ដោយ​ទំនង​មូលហេតុ​នយោបាយ។

ក្រុម​បាតុករ​អាវ​លឿង​ប្រឆាំង​នឹង​រដ្ឋាភិបាល ប្រមូល​ផ្តុំ​គ្នា​ដើរ​​ពេញ​ទីក្រុងបាងកក​ថ្ងៃ​ទី ២២​មករា ២០១៤
ក្រុម​បាតុករ​អាវ​លឿង​ប្រឆាំង​នឹង​រដ្ឋាភិបាល ប្រមូល​ផ្តុំ​គ្នា​ដើរ​​ពេញ​ទីក្រុងបាងកក​ថ្ងៃ​ទី ២២​មករា ២០១៤ REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

មេ​ដឹកនាំ​ចលនា​អាវក្រហម​ម្នាក់ ដែល​គាំទ្រ​រដ្ឋាភិបាល ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ ​បាញ់​រះ ពី​លើ​ឡាន​ បង្ក​ឱ្យ​រង​របួសដៃ និង​ជើង ក្នុង​ខណៈ​ដែល​លោកក្វាឆៃ ប្រៃប៉ាណា អង្គុយ​លេង​នៅ​មុខ​ផ្ទះ ក្នុង​ខេត្ត​ឧដុង ថានី ភាគ​ឦសាន​ប្រទេស។ ប៉ូលិស​បាន​បើក​អង្កេត​ភ្លាម​ ព្រោះ យល់​ថា​ហេតុការណ៍នេះ​ មាន​ពាក់ព័ន្ធ​​ខ្លាំង​នឹង​នយោបាយ។

ការ​វាយ​ប្រហារ​នេះ​អាច​នឹង​ធ្វើ​ឱ្យ​ភាព​តាន​តឹង​ កាន់​តែ​ប៉ោង​ឡើង​មួយ​កំរិត​ទៀត ​ខណៈ​ដែល​ក្រុង​បាងកក​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្នុង​ភាព​អាសន្ន ចាប់​ពី​ថ្ងៃ​ពុធ​នេះ​ សម្រាប់​រយៈពេល​៦០​ថ្ងៃ។ សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​នេះ ធ្វើ​ឡើង​ក្នុង​បំណង​ទប់​ស្កាត់​ចលនា​បាតុកម្ម​ ដើម្បី​ឱ្យ​ដំណើរការ​បោះឆ្នោត​មុន​អាណត្តិ​ថ្ងៃទី​២​កុម្ភៈ​អាច​ប្រព្រឹត្ត​ទៅ​បាន។

ប៉ុន្តែ​​ក្រុម​បាតុករ​ ជា​អ្នក​រាជានិយម​ មិន​ខ្វល់​នឹង​វិធានការ​របស់​រដ្ឋាភិបាល​​ឡើយ នៅ​ថ្ងៃ​ពុធ​នេះ ពួក​គេ​នៅ​តែ​បន្តប្រមូល​ផ្តុំ​ ស្រែក​ទាមទារ​ឱ្យ​លោកស្រី​នាយក​រដ្ឋមន្ត្រី​ចុះ​ចេញ​ពី​អំណាច និង​ចង់​បិទ​បញ្ចប់​ប្រព័ន្ធ​ដឹក​នាំ “ថាក់ស៊ីន” ព្រោះ​យល់​ថា​អតីត​នាយក​រដ្ឋមន្ត្រី​លោក ថាក់ស៊ីន​ ស៊ីណាវ៉ាត់ ដែល​កំពុង​និរទេស​ខ្លួន​នៅ​បរទេស​បន្ត​ញាក់​ខ្សែ​ដឹកនាំ​ប្រទេស​ពី​ក្រោយ​ខ្នង​ប្អូន​ស្រី។

បើ​តាម​ប៉ូលិស មាន​បាតុករ​ប្រមាណ​៥ពាន់​នាក់​បាន​ប្រមូល​ផ្តុំ តាម​ចំណុច​ផ្សេងៗ​គ្នា​ ប៉ុន្តែ​ចំនួន​មនុស្ស​អាច​នឹង​កើន​ឡើង​នៅ​ពេល​ល្ងាច។ ​រហូត​មក​ទល់​នឹង​ម៉ោង​នេះ ពុំ​ទាន់​ឃើញ​មាន​ការ​បង្ក្រាប​អ្វី​ណាមួយ​ទេ។

រដ្ឋាភិបាល​ លោកស្រី យីងឡាក់ ថ្វី​បើ​​បាន​ប្រកាស​ដាក់​​ ក្រុង​បាងកក​ត្រូវ​ប្រកាស​ដាក់​ក្នុង​ភាព​អាសន្ន ផ្តល់​សិទ្ធិឱ្យ​​​មាន​ការ​ហាម​ឃាត់​បាតុកម្ម​ និង​ឃាត់​ខ្លួនមែន​ ប៉ុន្តែ​ អាជ្ញាធរ​​មិន​បាន​បញ្ជាក់​អំពី​វិធានការដែល​ត្រូវ​អនុវត្ត​ទេ គឺ​ខុស​ពី​វិបត្តិ​ឆ្នាំ​២០១០ ដែល​កាលណោះ​រដ្ឋាភិបាល​លោក​អាភិស៊ីត​បាន​អនុញ្ញាត​ឱ្យ​មានការ​បាញ់​គ្រាប់ពិត​ទៅ​លើ​បាតុករ​ មុន​នឹង​ក្រុមយោធា​បើ​ក​យុទ្ធនាការ​គាស់​បំបែក​បាតុករ រហូត​មក​ស្លាប់​៩០​នាក់​និង​របួស​ជិត​ពីរ​ពាន់​នាក់ រុញ​ច្រាន​ប្រទេស​ឱ្យស្គាល់​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ និង​បែង​ចែកយ៉ាង​ច្បាស់​​រវាង​អ្នក​ក្រុង​ អ្នកការពារ​រាជានិយម​និង​អ្នក​ជនបទ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ