អានតួអត្ថបទ
ថៃ

វិបត្តិ​នយោបាយថៃ ៖ ក្រុម​ទីបី អ្នកគាំទ្រ​ការបោះឆ្នោត ​​ផ្តើម​បញ្ចេញ​សំឡេង

ក្រុមសកម្មជន​បក្ស​ប្រឆាំង​និង​ក្រុម​អាវ​លឿង​នៅ​បន្ត​ដង្ហែ​ក្បួន​ធ្វើ​បាតុកម្ម​​នៅទីក្រុង​បាងកក​ទៀត​ថ្ងៃ​សៅរ៍​ទី ១៨​មករា នេះ បើ​ទោះ​បី​ជា​​ម្សិលមិញ​មាន​ការ​បំផ្ទុះគ្រាប់​បែក​កណ្តាល​ហ្វូង​បាតុករ​ បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​និង​របួស​ជា​ច្រើន​នាក់​ក៏​ដោយ។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ត្រូវ​រំខាន ផ្លូវ​ថ្នល់​ត្រូវ​បិទ​ខ្ទប់​ ក្រុង​បាងកក​ត្រូវ​ជាប់​គាំង​ ជា​ច្រើន​ខែ បណ្តា​ជន​ក្រុង​បាងកក​ចាប់​ផ្តើម​ធុនទ្រាន់ សកម្មជន​អ្នកគាំទ្រ​ការ​បោះឆ្នោត​ បាន​រួប​រួម​គ្នា​បង្កើត​ជា​ចលនា​មួយ​ថ្មី​ និង​បាន​ផ្តើម​បញ្ចេញសំឡេង​ ទាមទារ​ឱ្យ​មាន​ការ​គោរព​ឆន្ទៈ​របស់​ពលរដ្ឋ។

សកម្មជនគាំទ្រ​ការ​បោះឆ្នោត​ ជួប​ជុំ​គ្នា​បង្ហោះ​ប៉េងប៉ោង​ ឈប់​គាំទ្រ​បាតុកម្ម​របស់​បក្ស​ប្រឆាំង
សកម្មជនគាំទ្រ​ការ​បោះឆ្នោត​ ជួប​ជុំ​គ្នា​បង្ហោះ​ប៉េងប៉ោង​ ឈប់​គាំទ្រ​បាតុកម្ម​របស់​បក្ស​ប្រឆាំង © Reuters
ផ្សាយពាណិជ្ជកម្ម

ជា​ក្រុម​ថ្មី ពាក់​អាវ​ស ដែល​ចង់​សាក​ល្បង​បង្ហាញ​ជំហរ​​កណ្តាល​និយម ក្នុង​រាជាណាចក្រ​ដែល​បែង​ចែក​ជាពីរ​រវាង​ក្រុមប្រឆាំង អ្នកក្រុង​ អភិជន​ ស្និទ្ធ​នឹង​រាជវង្ស ក្រុម​អាវលឿង និង​ក្រុម​អាវ​ក្រហម​អ្នក​ជនបទ គាំទ្រ​ស្មោះ​ស្ម័គ្រ​នឹង​ត្រកូល​ថាក់ស៊ីន។

​រស់​នៅ​ក្នុង​ក្រុង​បាងកក ជា​សាស្ត្រាចារ្យ ឬ​ជា​អ្នក​មាន​មុខ​មាន​មាត់​ល្បីក្នុង​សង្គម ក្រុម​សកម្មជន​អ្នក​គាំទ្រ​ការ​បោះឆ្នោត​រាប់ពាន់​នាក់ បាន​នាំ​គ្នា​​ដើរ​ចេញ​ពី​ស្ងប់​ស្ងាត់​ ពី​ភាព​អំណត់​កន្លង​មក ដោយ​បាន​រៀប​ចំ​ជា​​ការ​ជួបជុំ​ពេល​រាត្រី បង្ហោះ​​ប៉េងប៉ោង និង​ធ្វើ​យុទ្ធនាការ​តាម​ប្រព័ន្ធ​សង្គម Facebook  ​ទាមទារ​ឱ្យ​មាន​ការ​គោរព​សំឡេង​ និង​ឆន្ទៈ​របស់​ពួក​គេ​ផង ព្រមទាំង​ចង់​បង្ហាញ​ពី​ភាព​មិន​សប្បាយ​ចិត្ត​ផង ចំពោះ​សកម្មភាព​បាតុកម្ម​របស់​ក្រុម​បក្ស​ប្រឆាំង ដែល​មិន​ទទួល​យក​ការ​បោះឆ្នោត​សភា​មុន​អាណត្តិ។

“យើង​ចង់​បោះឆ្នោត នៅ​ថ្ងៃទី ២​កុម្ភៈ” ! សូម​គោរព​សំឡេង​ឆ្នោត​ខ្ញុំ ! ទាំង​នេះ​សុទ្ធ​ជា​ពាក្យ​ស្លោក​ ដែល​មាន​សរសេរបង្ហោះ​តាម​សួន​ច្បារ តាម​ប្រព័ន្ធ​សង្គម។ អ្នក​រៀប​ចំ​កម្មវិធី សូម​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​ហេតុផល​សុវត្ថិភាព បាន​រិះគន់​​បាតុកម្ម​ដែល​អូស​បន្លាយ​តាំង​ពី​ជាង​ពីរ​ខែ​មក និង​បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​សកម្មភាពនេះ ព្រោះ​មាន​តែ​ការ​បោះឆ្នោត​មួយ​ប៉ុណ្ណោះ​ដែល​ជា​ដំណោះស្រាយ​សន្តិវិធី។ ពេលនេះ​មាន​បណ្តា​ជន​ថៃ​ កាន់​តែ​ច្រើន​ឡើង​ៗ ទាំង​នៅ​​បាង​កក នៅ​តាម​ខេត្ត​ បាន​បញ្ចេញ​សំឡេង​មិន​គាំទ្រ​បាតុកម្ម​របស់​បក្ស​ប្រឆាំង។

ចលនា​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល បាន​ផ្ទុះ​ឡើង​តាំង​ពី​ខែ​វិច្ឆកា និង​បាន​ប្រកាន់​ជំហរ​កាន់​តែ​ដាច់​ខាត​ឡើងៗ​ ចង់​បាន​តែ​ម្យ៉ាងគត់​គឺ​ការចុះ​ចេញ​ពី​តំណែង​របស់​លោក​ស្រី​នាយក​រដ្ឋមន្ត្រី​ យីងឡាក់ បិទ​បញ្ចប់​ប្រព័ន្ធ​កាន់​អំណាច​ត្រកូល​ថាក់ស៊ីន ដោយ​ដាក់​ជំនួស​មក​វិញ​នូវ​ក្រុមប្រឹក្សា​ប្រជាជន​សម្រាប់​ដឹកនាំ​ប្រទេស ​ប៉ុន្តែ​ដោយ​មិន​ឆ្លង​កាត់​ការ​បោះឆ្នោត​ឡើយ។

បាតុកម្ម​ដែល​បាន​រុញ​ច្រាន​ប្រទេស​ឱ្យ​ធ្លាក់ក្នុង​វិបត្តិ​ដ៏​ធ្ងន់​ធ្ងរ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោកស្រី​នាយក​រដ្ឋមន្ត្រី​បង្ខំ​ចិត្ត​ រៀប​ចំ​ការ​បោះឆ្នោត​មុន​អាណត្តិ ដើម្បី​ពន្លត់​កំហឹង​អ្នក​ប្រឆាំង ប៉ុន្តែ​ក្រុម​នេះ​​ឬ​ហៅ​ថា​ក្រុម​អាវ​លឿង មិន​ចង់​បាន​ទេ​ការ​បោះឆ្នោត ​ព្រោះ​ដឹង​ថា​គណបក្ស​កាន់​អំណាច​ នឹង​ឈ្នះ​​ជា​ថ្មី​ទៀត ទើប​បក្ស​ប្រឆាំងប្រកាស​​ធ្វើ​ពហិការ​យ៉ាងដូច្នេះ។

ប្រឈម​នឹង​ភាព​ជ្រុល​និយម​នេះ ក្រុម​ទីបី​អាច​នឹង​រីកធំ​ធាត់​ខ្លាំង និង​គ្មាន​អ្វី​ទប់​បា​នទេ ព្រោះ​ពួក​គេ​ស្ថិត​ក្រោម​សម្ពាធ ទ្រាំ​តាំង​ពី​ដើម​មក ដល់​ថ្ងៃ​មួយ​គឺ​ត្រូវ​ធ្លាយ​ ហ៊ាន​និយាយ​ថា​ឈប់​គាំទ្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ