អានតួអត្ថបទ
កម្ពជា

កម្ពុជា ប្រឈម​បញ្ហា​កង្វះ​និស្សិត​ជំនាញ​បច្ចេកទេស​និង​វិទ្យាសាស្រ្តពិត ខណៈ​សមាហរណកម្ម​អាស៊ានជិត​ឈាន​មក​ដល់

នៅ​ក្នុង​សន្និបាត​អប់រំ​របស់​សមាគម​អតីត​និស្សិត​អាហារ​រូបករណ៍​សហរដ្ឋអាមេរិក(FUSAAC) មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ យុវជន​និង​កីឡាបាន​ថ្លែង​ពី​សារៈ​សំខាន់​នៅ​ក្នុង​ការ​សិក្សា​ជំនាញ​វិទ្យា​សាស្ត្រ ស្របពេល​ដែល​កម្ពុជា​នឹង​ឈាន​ចូល​សមាហរណកម្ម​អាស៊ាន​ដ៏​ខ្លី​ខាង​មុខ។ទន្ទឹម​គ្នានេះ​ ស្ថិតិ​ចុង​ក្រោយ​បំផុតបង្ហាញថា ចំនួន​និស្សិត​ដែល​សិក្សា​មុខ​ជំនាញ​វិទ្យាសាស្ត្រ ដូចជា​ជំនាញ​បច្ចេក​ទេស វិស្វកម្ម​ជា​ដើម​នោះ មាន​ចំនួន​តែ​៥ % ប៉ុណ្ណោះ។ (អត្ថ​បទ​ដោយ សរ ពិសី) 

​កម្ពុជា​​ទទួល​​ធ្វើ​ម្ចាស់​​ផ្ទះ​​កិច្ច​ប្រជុំ​​អាស៊ាន​​ដែល​នឹង​​ចាប់​ដំណើរ​​ការ​​ពី​ចុង​​ខែ​មីនា​​នេះ​​តទៅ​
​កម្ពុជា​​ទទួល​​ធ្វើ​ម្ចាស់​​ផ្ទះ​​កិច្ច​ប្រជុំ​​អាស៊ាន​​ដែល​នឹង​​ចាប់​ដំណើរ​​ការ​​ពី​ចុង​​ខែ​មីនា​​នេះ​​តទៅ​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

រដ្ឋ​លេខា​ធិការ ក្រសួង​អប់រំ​យុវជន​និង​កីឡា លោក យក់ ង៉ុយ នៅ​ក្នុង​សន្និបាត​អប់​រំ​នៃ​សមាគម FUSSAC លើក​ឡើង​ថា បញ្ហា​ប្រឈម​ចំបង​របស់​កម្ពុជា សម្រាប់​សមាហរណកម្ម​អាស៊ាន​ខាង​មុខ​នេះ មាន​ចំនួន​ពីរ។ ទីមួយ គុណ​ភាព​នៃ​ការ​អប់​រំ​នៅ​មាន​កម្រិត​បើ​ទោះ​បី​ជា​មាន​ការ​ប្រសើរ​ឡើង​ច្រើន​ក៏ដោយ និង ទីពីរ បញ្ហា​មិន​ស្រប​គ្នា រវាង​ការ​បណ្តុះ​បណ្តាល​នឹង​តម្រូវ​ការ​ទីផ្សារ។

លោក សង្កត់​ធ្ងន់​ថា នៅ​ពេល​សមាហរណកម្ម​អាស៊ាន​ឈាន​មក​ដល់ បរិបទ​សង្គម​នឹង​ផ្លាស់​ប្តូរ​ច្រើន ដែល​តម្រូវ​ឲ្យ​និស្សិត ត្រូវ​ចេះ​ជំនាញ​បច្ចេកទេស ឬ វិទ្យាសាស្រ្ត​ពិត​ច្រើន។​ ផ្ទុយ​មក​វិញ បច្ចុប្បន្ន​និស្សិតកម្ពុជា​ភាគ​ច្រើន​សិក្សា​តែ​មុខ​ជំនាញ​វិទ្យាសាស្រ្ត​សង្គម ឬ ធុរកិច្ច ទៅវិញ។

ស្ថិតិ​ចុង​ក្រោយ​នៅ​ក្នុង​ឆ្នាំ ២០១៤ បង្ហាញ​ថា​និស្សិត​កម្ពុជា​បាន​សិក្សា រួម​មាន និស្សិត​ដែល​សិក្សាជំនាញ វិទ្យាសាស្រ្តមាន ៥% កសិកម្ម មាន៣% ព័ត៌មានវិទ្យា ៧% វិស្វកម្ម ៧% ទេសចរណ៍ ១% ច្បាប់ ១០% សុខាភិបាល ៤% ភាសា ១០% ដោយឡែក សេដ្ឋកិច្ច និង អាជីវកម្ម មានរហូតទៅដល់ ៤០% និង ជំនាញផ្សេងៗទៀត ចំនួន ២២%។

មិន​ខុស​គ្នា​ប៉ុន្មាន​ពី លោក យក់ ង៉ុយ លោក​អគ្គរាជ​ទូត​សហរដ្ឋ​អាមេរិក លោក​វីល្លីម ហៃដ្ត៍ បាន​បញ្ជាក់ថា ប្រទេសកម្ពុជា ពិត​ជា​ប្រឈម​មុខ​នឹង​បញ្ហា​កង្វះ​និស្សិត​ដែល​មាន​ជំនាញ​ទាក់​ទង​នឹង​វិទ្យាសាស្រ្ត​មែន ហើយ លោក ថា និស្សិត​កម្ពុជា គួរ​តែ​ងាក​មក​ចាប់​អារម្មណ៍​លើ​ការ​សិក្សា​ជំនាញ​បច្ចេក​ទេស ឬ វិទ្យាសាស្រ្ត​ពិត​វិញ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទីផ្សារ​នា​ពេល​អនាគត។

គួរជម្រាបជូនថា កាលពី​ដំណាច់​ឆ្នាំ​ ២០១៤​ កន្លង​ទៅ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ ស្ដីពី​ការ​ផ្អាក​ផ្ដល់​អាជ្ញាប័ណ្ណ​ថ្មី​ដល់​គ្រឹះស្ថាន​ឧត្តមសិក្សា​ក្នុង ​ការ​បើក​បង្រៀន​ជំនាញ​គ្រប់គ្រង គណនេយ្យ ធនាគារ និង​ហិរញ្ញវត្ថុ។

សេចក្ដី​ជូនដំណឹង​ បាន​​បញ្ជាក់​ថា ការ​ផ្អាក​ជា​បណ្ដោះអាសន្ន​នេះ​គឺ​ធ្វើឡើង ដើម្បី​ជំរុញ​ការ​អនុវត្ត​កំណែទម្រង់​នៅ​ថ្នាក់​ឧត្តមសិក្សា ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​ការងារ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នាពេលបច្ចុប្បន្ន។ និង​ដោយសារ​តែ​ក្រសួង​បាន​កត់សម្គាល់​ឃើញ​ថា «ការ​ចុះ​ឈ្មោះ​ចូលរៀន​របស់​និស្សិត​នៅ​ថ្នាក់​ឧត្តមសិក្សា​ភាគច្រើន​លើសលប់ ​តែងតែ​ផ្ដោត​លើ​វិស័យ​ធុរកិច្ច»។

យ៉ាងណាក៏ដោយ លោក យក់ ង៉ុយ បានអះអាងថា បច្ចុប្បន្ននេះ ក្រសួង​អប់រំ កំពុង​បន្ត​ផ្សព្វផ្សាយ​ដល់​សិស្សនិស្សិត ឱ្យ​ងាក​មក​សិក្សា​មុខជំនាញ​បច្ចេកទេស​ដែល​ទីផ្សារ​បច្ចុប្បន្ន​កំពុង​ ត្រូវការ ដោយរំពឹងថា នៅក្នុង ​៤ ទៅ ​៥ ​ឆ្នាំ​ខាង​មុខ​នេះ កម្ពុជា​នឹង​អាច​ពង្រឹង​គុណភាព​អប់រំ​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​ជំនាញ​ បច្ចេកទេស និង​វិទ្យាសាស្ត្រ​ពិត និង​អាច​បណ្តុះបណ្តាល​ធនធាន​ស្រប​តាម​តម្រូវការ​ទីផ្សារ​តាមរយៈ​ការ​ផ្តោត​ លើ​ការ​បង្រៀន​មុខវិជ្ជា​វិទ្យាសាស្ត្រ​តាំងពី​នៅ​មធ្យមសិក្សា​បន្ត​ពង្រឹង​ សមត្ថភាព​គ្រូបង្រៀន និង​កម្មវិធីសិក្សា៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ