អានតួអត្ថបទ
កម្ពជា

លោក​ សម រង្ស៊ី សង្ឃឹម​ឈ្នះ៦២កៅអីតែ​បក្ស​កាន់អំណាច​ចំអក​ថា កំពុង​យល់សប្តិ

ពី​ក្រៅប្រទេស និង តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ល្ងាចម្សិលមិញ លោក​សម រង្ស៊ី ប្រធាន​គណបក្ស​គណបក្ស​សង្គ្រោះ​ជាតិ បានបង្ហាញ​ពី​ក្តី​រំពឹង​របស់ខ្លួន​ច្បាស់​ជាង​រាល់ដង​ថា គណបក្សប្រឆាំង​របស់​លោក​នឹង​ឈ្នះ​ការបោះឆ្នោត​យ៉ាងតិច៦២កៅអី​នៅក្នុង​រដ្ឋសភា។ ក៏ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្សកាន់អំណាច បាន​ចាត់ទុកថា វា​គ្រាន់តែ​ការយល់​សុ​ប្តិ​របស់​ប្រមុខ​គណបក្សប្រឆាំង​មុន​ការបោះឆ្នោត​តែប៉ុណ្ណោះ។

លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកចូលរួមនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃដំបូងនៅភ្នំពេញ កាលពីថ្ងៃទី២ឧសភាឆ្នាំ២០១៤
លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកចូលរួមនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃដំបូងនៅភ្នំពេញ កាលពីថ្ងៃទី២ឧសភាឆ្នាំ២០១៤ RFI/Channa
ផ្សាយពាណិជ្ជកម្ម

“បើ គ.ជ.ប. ត្រឹមត្រូវ​ជាង​មុន យ៉ាងតិច ៦២ នាក់ ជា​សមាជិក​គណបក្ស​ស​ង្គ្រោះ​ជាតិ ដើម្បី​នាំមក​នូវ​ការផ្លាស់ប្តូរ​ដែល​ប្រជារាស្ត្រ​ខ្មែរ​ចង់បាន។ នេះ​គឺជា​ការរំពឹងទុក​រប​ស់លោក​សម រង្ស៊ី សម្រាប់​ការបោះឆ្នោត​នៅក្នុង​អាណត្តិ​ទី៦ ដែល​លោក​បាន​បញ្ចេញ​ឲ្យ​ដឹង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​កាលពី​ថ្ងៃទី១៨ ធ្នូ។

 
លោក​សម រង្ស៊ី ក៏បាន​បង្ហាញ​ពី​ការកើនឡើង​ជា​លំដាប់​នៃ​ចំនួន​តំណាងរាស្ត្រ​ប្រឆាំង​របប​ផ្តាច់ការ​នៅក្នុង​រដ្ឋសភា​ខ្មែរ​តាំងពី​អាណត្តិ​ទី១ ដល់​អាណត្តិ​ទី៥នេះ​ផងដែរ។ កំណើន​តំណាង រាស្ត្រ​ប្រឆាំង​នៅក្នុង​រដ្ឋសភា​ជា​បន្តបន្ទាប់​នេះ បាន​ជំរុញ​ឲ្យ​លោក​សម រង្ស៊ី មានជំនឿថា គណបក្ស​លោក​នឹង​កើន​ចំនួន​តំណាងរាស្ត្រ​បន្ថែមទៀត​នៅ​អាណត្តិ​ក្រោយនេះ។

ជាមួយគ្នានេះ ប្រមុខ​គណបក្សប្រឆាំង​កម្ពុជា ក៏​មិន​ភ្លេច​លើកឡើង​នូវ​ការបណ្តេញ​លោក​ចេញពី​រដ្ឋសភា​ខ្មែរ​ចំនួន៤លើក​គឺ​នៅក្នុង​ឆ្នាំ១៩៩៥ នៅ​ឆ្នាំ២០០៥ ឆ្នាំ២០១១ និង នៅក្នុង​ឆ្នាំ២០១៥នេះ​តែម្តង។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥសាន បាន​ប្រៀបធៀប​ក្តី​រំពឹង​របស់លោក​សម រង្ស៊ី ទៅនឹង​ការ​យល់សប្តិ និង ជា​ការទស្សទាយ​មុន​ការបោះឆ្នោត​តែប៉ុណ្ណោះ។ សម្រាប់​អ្នកនាំពាក្យ​រូបនេះ វា​មិនមែនជា​រឿង​ថ្មី​នោះទេ ដែល​លោក​សម រង្ស៊ី បានប្រកាស​ពី​ជ័យជម្នះ​មុន​ការបោះឆ្នោត​មកដល់​នោះ ព្រោះថា កន្លងមក​លោក សម រង្ស៊ី តែងតែ​ប្រកាស​បែបនេះ មិនដែល​ខាន។

បើទោះបី​គណបក្សប្រឆាំង​តែងតែ​ធ្វើបែបនេះ​ក្តី ប៉ុន្តែ​សម្រាប់​គណបក្សកាន់អំណាច​វិញ លោក​សុខ ឥសាន បាន​គូសបញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា​ផ្តោត​សំខាន់​តែ​លើ​ការកសាង​គុណ​ស​ម្ប​តិ្ត ស្នាដៃ និង អំពើ​ល្អ​ដល់​ប្រជាពលរដ្ឋ ដើម្បី​ប្តូរ​នឹង​សន្លឹកឆ្នោត​សម្រាប់​ការបោះឆ្នោត​នាពេលខាងមុខ។

យ៉ាងណាក៏ដោយ លោក​មាស នី អ្នកសិក្សា​ស្រាវជ្រាវ ដើម្បី​ការអភិវឌ្ឍ​សង្គម និង​ជា​អ្នក តាមដាន​ស្ថាន​ការ​នយោបាយ​កម្ពុជា យល់ថា ដើម្បី​សម្រេចបាន​ដូច​អ្វីដែល​ខ្លួន​បាន​រំពឹងទុក​នោះ លោក​សម រង្ស៊ី ក៏​ដូច​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវធ្វើ​កិច្ចការ​ជាច្រើន​បន្ថែមទៀត ដូចជា​ការពង្រឹង​ប្រព័ន្ធគ្រប់គ្រង​គណបក្ស និង ការពារ​ការបំបែកបំបាក់​ពី​គូរ​ប្រកួត​ជាដើម។ បន្ថែម​លើ​នេះ លោក​ក៏​មើលឃើញថា វត្តមាន​របស់លោក​ស​ម រង្ស៊ី មក​ដឹកនាំ​គណបក្ស​វិញ នឹង​ជា​កត្តា​ល្អ​បន្ថែមទៀត​សម្រាប់​ឈាន​រក​ការសម្រេច​ក្តី​រំពឹង​នោះ។

លោក​សម រង្ស៊ី ដែល​កំពុងស្ថិត​នៅឯ​ប្រទេស​បារាំង បន្ទាប់ពី​រង​ដីកាចាប់ខ្លួន និង ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​ជា​បន្ត​បន្ទាប់ពី​តុលាការក្រុង​ភ្នំពេញ​នោះ បាន​ប្រាប់​បណ្តេញ​សារព័ត៌មាន​មួយ​ថា លោក​នឹងមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​វិញ​នៅក្នុង​អំឡុងពេល​នៃ ការឃោសនា បោះឆ្នោត។ លោក​សម រង្ស៊ី បាន​សង្កត់ធ្ងន់​ពី​សារសំខាន់​នៃ​វត្តមាន​របស់លោក​នៅក្នុង​ការបោះឆ្នោត ដោយបាន​បញ្ជាក់ថា បើ​ការបោះឆ្នោត​ដែល​គ្មាន​ប្រធាន​គណបក្សប្រឆាំង​ចូលរួម នោះ​ការបោះឆ្នោត​នឹង​គ្មាន​តម្លៃ អត់​ន័យ និង គ្មាន​អ្នកណា​ទទួលស្គាល់​នោះឡើយ៕

 

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ