អានតួអត្ថបទ
កម្ពជា

អភិបាល​ខេត្ត​កំពត៖បុណ្យ​សមុទ្រ​ឆ្នាំ​នេះ​អាជ្ញាធរ​គ្រប់​គ្រង​បាន​ការ​មិន​ឡើង​ថ្លៃ​អាហារនិង​ផ្ទះ​សំណាក់

ពិធី​បុណ្យ​សមុទ្រ​នៅ​ឆ្នាំ​នេះ​អភិបាល​ខេត្ត​កំពត​លោក ខូយ ឃុនហួរ អះ​អាង​ថា ថ្លៃអាហារ​និង​ការ​ស្នាក់​នៅ​ស្ថិត​ក្នុង​តម្លៃ​មួយ​សមរម្យ​ដែល​លោក​ជឿ​ថា​ពលរដ្ឋ​ទូទៅ​អាចទទួល​យក​បាន។ ទន្ទឹម​គ្នា​នេះ​តាម​ការ​រំពឹង​ទុក​សម្រាប់​ថ្ងៃ​ទី​២​នៃ​ពិធី​បុណ្យ​សមុទ្រ​លោកអភិបាល​ខេត្ត​ថា នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​យ៉ាង​តិច​មិន​ក្រោម​១០​ម៉ឺន​នាក់។

@facebook
ផ្សាយពាណិជ្ជកម្ម

ការ​អះ​អាង​របស់ លោក ខូយ ឃុនហួរ អភិបាល​ខេត្ត​កំពត​បន្ទាប់​ពី​លោក​បាន​ចុះ​ទៅដល់​កន្លែង​លក់​ម្ហូប​អាហារ ដោយ​ផ្ទាល់​និង​សួរ​នាំ​បន្ត​ទៅ​កាន់​ភ្ញៀវទេសចរ​អំពី​តម្លៃអាហារ​គឺ​ពួក​គេ​ពេញ​ចិត្ត​តម្លៃ​នេះ​គឺ​អាហារ​មួយ​ពេល​សម្រាប់​មនុស្ស​ម្នាក់​១​ដុល្លារ។ លោក​អភិបាល​ខេត្តចាត់​ទុក​តម្លៃ​អាហារ​មួយ​ពេល​១​ដុល្លារ​ជា​តម្លៃ​មួយ​សមររម្យ​ដូចថ្ងៃ​ធម្មតា ដែល​ពលរដ្ឋ​ទូទៅ​អាច​ទទួល​យក​បាន​នៅ​ក្នុង​ឱកាស​បុណ្យ​សមុទ្រ​រយៈ​ពេលបី​ថ្ងៃ​នេះ។  

ចំពោះ​តម្លៃ​នៃ​កន្លែង​ស្នាក់​នៅ​វិញ​ដូច​ជា​ផ្ទះ​សំណាក់​និង​សណ្ឋាគារ​ជាដើម​នោះ​លោក ខូយ ឃុនហួរ ថា​មាន​ការ​ដំឡើង​ថ្លៃ​តិច​តួច​ប៉ុណ្ណោះ​ចន្លោះ​ពី​១០​ទៅ​២០​ភាគរយ។
បើ​តាម​លោក ខូយ ឃុនហួរ អាជ្ញាធរ​គ្រប់​គ្រង​បាន​ការ​មិន​ដំឡើង​ថ្លៃ​ហួស​ហេតុ​ចំពោះម្ហូប​អាហារ​និង​កន្លែង​ស្នាក់​នៅ។ ម្យ៉ាង​ទៀត​ទាំង​អាហារ​និង​កន្លែង​នៅ​ក៏​បាន​ផ្គត់​ផ្គង់គ្រប់​គ្រាន់​ជូន​ភ្ញៀវ​ដែល​មក​ទស្សនា​ក្នុង​ឱកាស​បុណ្យ​សមុទ្រ​នេះ។

សម្រាប់​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង អន្តរជាតិ​ដែល​មក​កំសាន្ត​ក្នុង​ឱកាស​នេះ​មាន​ចំនួនជិត​១០​ម៉ឺន​នាក់​បើ​គិត​ត្រឹម​ថ្ងៃ​ទី​១០​ដល់​១១​ធ្នូ។ ហើយ​នៅ​ថ្ងៃ​ទី២​នៃ​ពិធី​បុណ្យ​សមុទ្រយ៉ាង​ហោច​ណាស់​ក៏​មាន​ភ្ញៀវទេសចរ​ចូល​រួម​មិន​ក្រោម​១០​ម៉ឺន​នាក់​ដែរ។ ព្រោះ​នៅល្ងាច​ថ្ងៃ​សៅរិ៍​ទី​១២​ធ្នូ​មាន​ការ​បើក​កម្មវិធី​ស្ដីពី​បុណ្យ​សមុទ្រ​លើក​ទី​០៤​ក្រោម​អធិបតីភាព​លោក សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្ដី​ការ​គណៈរដ្ឋមន្រ្តី​និង​ជា​តំណាង​របស់ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។ នេះ​ជា​ការ​បន្ថែម​របស់​លោក​អភិបាល​ខេត្ត។

ជាមួយ​គ្នានេះ​លោក វ៉ាត់ ចំរើន អគ្គ​លេខាជាតិ​អូឡាំពិក​កម្ពុជា​ដែល​កំពុង​មាន​វត្ត​មាននៅ​ទី​នោះ​ស្រាប់​ឲ្យ​ដឹង​ថា ថ្ងៃ​ទី​០២​នៃ​ពិធី​បុណ្យ​សមុទ្រ​នេះ​មាន​កម្មវិធី​កំសាន្ត​ជា​លក្ខណៈ​ប្រកួត​ប្រជែង​ជា​ច្រើន​ដូច​ជា៖ការ​ប្រណាំង​ទូក កីឡា​រត់​ប្រណាំង ការ​បោក​ចំបាប់ ការ​ប្រកួត​ក្បាច់​គុណ​បុរាណ​ខ្មែរ​និង​ការ​ប្រកួត​ស្វែង​រក​ស្ដេច​អុក​ប្រចាំ​ខេត្ត​កំពត​ជាដើម។
សូមបញ្ជាក់ថា នេះ​ជា​ឆ្នាំ​ទី​៤​ហើយ​ដែល​រដ្ឋាភិបាល​រៀប​ចំ​ពិធី​បុណ្យ​សមុទ្រ​នេះឡើង​ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍​របស់​កម្ពុជា​ទៅ​កាន់​ពិភពលោក៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ