អានតួអត្ថបទ
កម្ពុជា-ច្បាប់

ពេញ​មួយ​ឆ្នាំ​២០១៧៖ អ្នក​ទោស​១៥៧​នាក់​ត្រូវ​បាន​លើក​លែង និង​បន្ថូរ​បន្ថយ​ទោស

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហា​ផ្ទៃ​បាន​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការ​ងារ​ឆ្នាំ​២០១៨។ របាយការណ៍​អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​បង្ហាញ​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ អ្នក​ទោស​ចំនួន​១៥៧​នាក់​ក្នុង​នោះ​ស្រី​មាន​ចំនួន​២០​នាក់​ត្រូវ​បាន​លើក​លែង​ទោស និង​បន្ថូរ​បន្ថយ​ទោស។

រូបភាព​ចាស់៖ អ្នក​ទោស​ដែល​​ត្រូវ​បាន​លើក​លែង និង​បន្ថូរ​បន្ថយ​ទោសនា​ពេល​កន្លង​មក
រូបភាព​ចាស់៖ អ្នក​ទោស​ដែល​​ត្រូវ​បាន​លើក​លែង និង​បន្ថូរ​បន្ថយ​ទោសនា​ពេល​កន្លង​មក @សហការី
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៨ របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហា​ផ្ទៃ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា អ្នក​ទោស​ចំនួន​១៥៧​នាក់​ត្រូវ​បាន​លើក​លែង​ទោស និង​បន្ធូរ​បន្ថយ​ទោស​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ពិធិ​បុណ្យ​ពិសាខ​បូជា និង​ពិធី​បុណ្យ​អុំទូក។ ក្នុង​នោះ​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​មាន​ចំនួន​៧២​នាក់ ពិធី​បុណ្យ​ពិសាខ​បូជា​ចំនួន​៣៥​នាក់ និង​ពិធី​បុណ្យ​អុំទូក​មាន​ចំនួន​៥០​នាក់។ ចំណែក​ទណ្ឌិត​ដែល​បាន​លើក​លែង​ទោស​មាន​ចំនួន​៦​នាក់​ក្នុង​មាន​ក៏​មាន​លោក​ហុង សុខហូរ អតីត​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សម រង្ស៊ី​ផង​ដែរ។ រីឯ​ទណ្ឌិត​ត្រូវ​បាន​បន្ធូរ​បន្ថយ​ទោស​មាន​ចំនួន​១៥១​នាក់​ដោយ​បន្ធូរ​បន្ថយ​ទោស​រយៈ​ពេល​១២ ខែ ​៩​ខែ​និង​៦​ខែ។

ដោយ​ឡែក​ចំពោះ​ចំនួន​អ្នក​ទោស​ដែល​ជាប់​ឃុំ​ប្រចាំ​ឆ្នាំ​២០១៧​វិញ មាន​២៨.៤១៤​នាក់ មាន​ស្រី​ចំនួន​២.៤៤៣​នាក់។ ក្នុង​នោះ ជន​ត្រូវ​ចោទ​មាន​ចំនួន​៦.៧៦៣​នាក់ ជន​ជាប់​ចោទ​មាន​ចំនួន​៣.៤៤១​នាក់ ពិរុទ្ធជន​មាន​ចំនួន​១១.០៣៨​នាក់ និង​ទណ្ឌិត​មាន​ចំនួន​៧.១៧២​នាក់ ដោយ​មាន​ជន​បរទេស​ចំនួន​១.១៤៨​នាក់។ នេះ​បើ​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហា​ផ្ទៃ។ របាយការណ៍​ដដែល​ក៏​បាន​បង្ហាញ​ឲ្យ​ដឹង​ដែរ​ថា ជន​ជាប់​ឃុំ​មាន​ការ​ថយ​ចុះ​១១.០៥៥​នាក់ ក្នុង​នោះ​ដោះ​លែង​១០.៩៣៦​នាក់ ធ្វើ​បត្យាប័ន​ចេញ​២​នាក់ លួច​រត់​រួច​១៧​នាក់ និង​ស្លាប់​ក្នុង​ពន្ធនាគារ​១០០​នាក់។

របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក៏​បាន​ឆ្លុះ​បញ្ជាំង​ឲ្យ​ឃើញ​ថា ក្នុង​ចំណោម​ជន​ជាប់​ឃុំ​ទាំង​អស់ មាន​៥១.៧៦​ភាគ​រយ ត្រូវ​បាន​ជាប់​ចោទ​ពី​បទ​ល្មើស​គ្រឿង​ញៀន ១៨.៨៨​ភាគ​រយ ជាប់​ចោទ​ពី​បទ​ប្លន់ និង​លួច​មាន​ស្ថាន​ទម្ងន់​ទោស​ ៧.៩១​ភាគ​រយ ជាប់​ចោទ​ពី​បទ​ឃាតកម្ម និង​មនុស្ស​ឃាត ៧.៦៨​ភាគ​រយ ជាប់​ចោទ​បទ​រំលោភ​សេព​សន្ថវៈ និង​បទ​ល្មើស​ផ្សេងៗ ១៣.៧៧​ភាគ​រយ។

លោក​អំ សំអាត មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​លីកាដូ លើក​ឡើង​ថា ចំនួន​អ្នក​ទោស​នៅ​ក្នុង​ពន្ធនាគារ​នា​ពេល​បច្ចុប្បន្ន​នេះ មាន​ចំនួន​ច្រើន។ ចំនួន​ច្រើន​នេះ លោក​បារម្ភ​ពី​បញ្ហា​សន្តិសុខ សុវត្ថិភាព​នៅ​ក្នុង​ពន្ធនាគារ បញ្ហា​សុខភាព​អ្នក​ទោស និង​បរិយាកាស​រស់​នៅ​ជា​ដើម។​ យ៉ាង​ណា​ក៏​ដោយ អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​ស្នើ​សុំ​ក្រសួង​មហា​ផ្ទៃ​ឲ្យ​សាង​សង់​សាខា​ទី​២​នៅ​មណ្ឌល​អប់​រំ​កែ​ប្រែ​ទី​៤ ជួស​ជុល​មណ្ឌល​អប់​រំ​កែ​ប្រែ​ទី​៣ និង​ស្នើ​សុំ​ឲ្យ​សាង​សង់​ពន្ធនាគារ​បន្ថែម​នៅ​ខេត្ត​កំពង់ចាម ខេត្ត​ស្ទឹងត្រែង និង​ស្នើ​សុំ​បំពាក់​សម្ភារៈ​បច្ចេកទេស​បម្រើ​ដល់​កិច្ចការពារ​សន្តិសុខ​ពន្ធនាគារ​នៅ​តាម​មណ្ឌល​អប់​រំ​កែ​ប្រែ​និង​ពន្ធនាគារ​រាជធានី-ខេត្ត​នានា ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ