អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

បុព្វហេតុ​នៃ​ការ​បង្ក​ជំងឺ Allergie មាន​កាន់​តែ​ច្រើន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទន្ទឹម​នឹង​ការ​វិវត្តន៍​នៃ​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​ នៅ​លើ​ពិភពលោក​ ការ​បំពុល​បរិស្ថាន​ត្រូវ​បាន​គេ​ចង្អុល​មុខ​ថា​ជា​ប្រភព​បង្ក​ឲ្យ​មាន​ជំងឺ ​ Allergie កាន់​តែ​ច្រើន​ឡើងៗ។ តើ Allergie ​ជា​ជំងឺ​អ្វី ? ជន​ណា​ខ្លះ​ដែល​ងាយ​ទទួល​រង​ជំងឺ​នេះ​ជាង​គេ ?​ វា​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ដល់​ជីវិត​ដែរឬទេ ? និ​ងអ្វី​ខ្លះ​ជា​សញ្ញា​គ្រោះ​ថ្នាក់​ខ្លាំង​ ?

ស្បែក​​ឡើង​រោល​កន្ទួល​ក្រហម​ដោយ​សារ​ទាស់​ចំណី​អាហារ
ស្បែក​​ឡើង​រោល​កន្ទួល​ក្រហម​ដោយ​សារ​ទាស់​ចំណី​អាហារ រូបថត ៖ សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

វិទ្យាសាស្ត្រ​កាន់​តែ​រីក​ចម្រើន ប៉ុន្តែ​ការ​ទប់​ស្កាត់​ និង​កំចាត់​ជំងឺ​ Allergie ហាក់​ដូច​ជា​មិន​ងាយ​នឹង​ធ្វើ​បាន​ណាស់។ នៅ​ពេល​បច្ចុប្បន្ន​នេះ​ Allergie ដែល​មាន​អាការៈ​ច្រើន​យ៉ាង​ខុសៗ​ប្លែក​គ្នា មាន​ជា​អាទិ៍ ៖ កន្ទួល​ រមាស់​ កន្ទាល​ត្រអាក ​តាអក រលាក​ភ្នែក កន្តាស​ ឬ​អាការៈ​ហឺត ។ល។ Allergie បាន​ក្លាយ​ជា​ជំងឺ ដែល​កើត​ច្រើន​​ និង​ញឹកញាប់​ជាង​គេ ទី​បួន នៅ​លើ​ពិភព​លោក។ នេះ​បើ​តាម​ស្ថិតិ​របស់​អង្គការ​សុខភាព​ពិភពលោក OMS។ ​ ​ហើយ​​ក្នុង​ចំណោម​អ្នក​ជំងឺ​​សរុប​នៅ​លើ​ពិភពលោក ​ពាក់​កណ្តាល​​មាន​ជំងឺ​ Allergie ​ផ្លូវ​ដង្ហើម​។ លើស​ពី​នេះ​ទៅ​ទៀត​ ជំងឺ​ Allergie ផ្លូវ​ដង្ហើម ជា​ជំងឺ​រ៉ាំរ៉ៃ សំខាន់​ចម្បង​មួយ​ ក្នុង​ចំណោម​ជំងឺ​រ៉ាំរ៉ៃសំខាន់​ៗ​ ដែល​កើត​លើ​កុមារ​ និង​ក្មេង​ជំទង់។

ជាក់ ​ស្តែង​ នៅ​ប្រទេស​បារាំង​ ជន​ជាតិ​ម្នាក់​ក្នុង​ចំណោម​បី​នាក់​ មាន​កើត​ជំងឺ​ Allergie នេះ។ កាលពី​៤០​ឆ្នាំ​មុន មាន​បណ្តាជន​បារាំង​មិន​ដល់​​៤ ភាគ​រយ​ផង​ដែល​ស្គាល់​ជំងឺ​នេះ។ រីឯ​អាការៈ​ហៀ​សំបោរ​វិញ​ កាលពី​ដើម​សតវត្សរ៍​ទី ២០ ក្នុង​ចំណោម​មនុស្ស​១០០​នាក់​ មាន​មិន​ដល់​ម្នាក់​ផង ដែល​កើត​អាការៈ​នេះ តែ​ឥឡូវ​សឹង​និយាយ​បាន​ថា​គ្រួសារ​ណា​ក៏​មាន​សមាជិក​យ៉ាង​ហោច​ណាស់​ម្នាក់​ កើត​ជំងឺ​ហៀ​សំបោរ​ជាប់​ជា​ប្រចាំ មិន​សូវ​ស្វាង​ដែរ (១លើ​៥​នាក់ មាន​ជម្ងឺ​ Allergie )។

ប្រទេស​កម្ពុជា​​ក៏​មិន​បាន​គេច​រួច​ពី​ បាតុភាព​នេះ​ដែរ ប៉ុន្តែ​បណ្តា​ជន​ជា​ទូទៅ​មិន​សូវ​ចាប់​អារម្មណ៍​ និង​ដោយសារ​មាន​​ការ​យល់​ដឹង​តិច​តួច​ ជា​ពិសេស​គួប​ផ្សំ​នឹង​​កត្តា​ជីវភាព​ផង​ យើង​តែ​គិត​ថា​វា​ជំងឺ​ធម្មតា ផ្តាសាយ ហៀសំបោរ អេះ ឬ​រមាស់ បន្តិច​ទៅ​វា​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​មេរោគ​អស់​អំណាច អស់​ឥទ្ធិពល ឬ​ក៏​ថា​អាការៈទាំង​អំបាល​មាន​នេះ​ ​ស្តែង​ឡើង​បណ្តាល​​មក​ពី​ទាស់​ចំណី​អាហារ​បន្តិច​បន្តួច។

ជំងឺ​នេះ​កើត​ឡើង​នៅ​ពេល​ណា ?

ជា ​ញឹកញាប់​ បាតុភូត​នៃ​ជំងឺ​Allergie តែ​លេច​ឡើង​ចំពោះ​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ តាម​រូបភាព​ប្លែកៗ​គ្នា​ ដូច​ជា​ ៖ រលាក​ច្រមុះ​ ហៀ​សំបោរ​ផ្តាសាយ រមាស់​កន្តួល​នៅ​លើ ស្បែក តាអក កន្ទាល​ត្រអាក ហឺត​ ... ។ ហេតុ​អ្វី​បាន​ជា​មាន​អាការៈ​ទាំង​នេះ​លេច​ចេញ​ឡើង ?! នេះ​គឺ​បណ្តាល​មក​ពី​មាន​ប្រព័ន្ធ​ការពារ​ខ្លួន​ Immunoglobulines ដែល​មាន​ភារៈ​ប្រឆាំង​នឹង​សារធាតុ​Allergie​ផ្តើម​មាន​វត្តមាន​នៅ​ក្នុង​ សរីរាង្គកាយ​មនុស្ស​យើង។

ម្យ៉ាង​វិញ​ទៀត​នោះ សញ្ញា​Allergie វា​ប្រែប្រួល​ និង​វិវត្តិ​ទៅ​តាម​ពេល​វេលា។ ឧទាហរណ៍​ជាក់​ស្តែង ទារក​អាច​មាន​Allergie ​ជា​បឋម​ជាមួយ​នឹង​ទឹក​ដោះ​គោ​ម្សៅ ឬ​ជាមួយ​ពង​មាន់​ពង​ទា។​ ដល់​ធំ​បន្តិច​ ដល់​វ័យ​ចូល​សាលា កុមារ​អាច​Allergie នឹង​រោម​សត្វ​ឆ្មា លំអង​ធូលី។ allergie នឹង​លំអង​ផ្កា ឬ​ជាមួយ​ផ្សែង​ ហៀសំបោរ​ ច្រើន​តែ​លេច​ចេញ​ឡើង​ ចំពោះ​កុមារ​ធំ ឬ​មនុស្ស​វ័យ​ជំទង់​យ៉ាង​យូរ​បំផុត។

លក្ខណៈ​ធ្ងន់ធ្ងរ

បច្ចុប្បន្ន ​ចំនួន​មនុស្ស​កើត​រោគ​Allergie មាន​កាន់តែ​ច្រើន​ និង​កាន់​តែ​ញឹកញាប់ នេះ​ក៏​ព្រោះ​តែ​ពិភពលោក​មាន​ការ​ប្តូរ​ផ្លាស់។ ការ​ប្តូរ​ផ្លាស់​របៀបរបប​រស់​នៅ​ក្នុង​សង្គម ការ​បំពុល​បរិស្ថាន មិន​ត្រឹម​តែ​រំខាន​ និង​បំផ្លាញ​ធម្មជាតិ​ទេ តែ​សុខភាព​របស់​មនុស្ស​ក៏​ទទួល​ផល​ប៉ះពាល់​ មិន​តិច​ដែរ។

ហៀរ​សំបោរ ឬ​ស្កៀប​រមាស់​ កន្លួត​នៅ​លើ​ស្បែក​ពិត​ជា​មិន​មាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​រត់​រក​គ្រូ​ ពេទ្យ​ជួយ​សង្គ្រោះ​ទេ ប៉ុន្តែ​ជំងឺ​Allergie ពេល​ខ្លះ​ត្រូវ​តែ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ទើប​បាន។

កន្ទួល​រមាស់ កន្ទាល​ត្រអាក ជា​អាការៈ​ស្រាល

Allergie នៅ​លើ​ស្បែក​ដែល​គេ​ជួប​ញឹកញាប់ និង​មិន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​គឺ​កន្ទាល​ត្រអាក។ លោក​អ្នក​ប្រាកដ​ជា​ធ្លាប់​បាន​ជួប​ ឬ​ក៏​បាន​ឃើញ​សមាជិក​ក្រុម​គ្រួសារ​ឬ​មិត្ត​ភ័ក្ត្រ​ណា​ម្នាក់​មាន​ស្បែក​ ឡើង​ក្រហម ហើម​ដោយ​កន្លែង ​ហើយ​រមាស់ បន្ទាប់​ពី​បាន​បរិភោគ​គ្រឿង​សមុទ្រ ត្រី ឬ ក៏​ផ្លែ​ឈើ ... នេះ​ជា​អាការៈ​Allergie ដែល​មិនមាន​លក្ខណៈ​ធ្ងន់ធ្ងរ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទេ ពីព្រោះ​យើង​អាច​បញ្ជៀស​បញ្ហា​នេះ​បាន​ដោយ​សាក​ល្បង​នៅ​ឲ្យ​ឆ្ងាយ ឬ​លែង​បរិភោគ​ចំណី​អាហារ​ទាំង​នោះ​ជា​ការ​ស្រេច។ ក្នុង​ករណី​មិន​ដឹង​ជា​មុន លោក​អ្នកនាង​បរិភោគ​ចំណី​អាហារ​ណាមួយ ហើយ​មាន​ប្រតិកម្ម​នៅ​លើ​ស្បែក ដើម្បី​បំបាត់​រោគ​សញ្ញា​កន្ទួល​រមាស់ ស្បែក​ឡើង​ក្រហម លោក​អ្នក​នាង​អាច​ប្រើ​ពពួក​ថ្នាំ​Antihistaminique ឬ​បើ​ថ្នាំ​នេះ​ពុំ​សូវ​មាន​ប្រសិទ្ធភាព​ គេ​អាច​រក​ជំនួយ​ពី​សំណាក់​ពពួក​ថ្នាំ​Corticoïde ។

ប៉ុន្តែ​សូម​ មេត្តា​ប្រុង​ប្រយ័ត្ន​ផង​ដែរ ព្រោះ​អាការៈ​កន្ទាល​ត្រអាក​មិន​មែន​សុទ្ធ​តែ​រោគ​សញ្ញា​របស់​Allergie ទេ។ មាន​មូល​ហេតុ​ផ្សេង​ទៀត​ដែល​បង្ក​ឲ្យ​កើត​កន្ទាល​ត្រអាក ឬ រមាស់​លើ​ស្បែក​ដែរ​នោះ​គឺ​ដោយ​សារ​មាន​មេរោគ ដោយ​ការ​ប៉ះ​កកិត (អាកាស​ធាតុ​ក្តៅ​ខ្លាំង​ ត្រូវ​កំដៅ​ព្រះអាទិត្យ ឬ​សម្លៀកបំពាក់​តឹង​រឹត​រួត) និង​ដោយ​ការ​ប៉ះ​សត្វ​ដង្កូវ​រមាស់​ជា​ដើម។

ហើម​បំពង់​ក​ជា​គ្រោះ​ថ្នាក់​ធ្ងន់

ពេល ​មាន​Allergie នឹង​អ្វី​មួយ ​កន្ទាល​ត្រអាក​នឹង​ស្តែង​ឡើង​ភ្លាម​មួយ​រំពេច ៖ ស្បែក​ឡើង​ប៉ោង ហើម និង​រមាស់។ ការ​ហើម​ប៉ោង​នេះ​អាច​នឹង​មាន​គ្រោះ​ថ្នាក់ ដល់​ជីវិត ប្រសិន​បើ​វា​កើត​នៅ​ត្រង់​ចំណុច​បំពង់​ក ចន្លោះ​រវាង​បំពង់​ខ្យល់​និង​បំពង់​អាហារ ព្រោះ​វា​នឹង​ទៅ​រំខាន​ក៦​ដក​ដង្ហើម។ ម្យ៉ាង​វិញ​ទៀត​វា​នឹង​បណ្តាល​ឲ្យ​សាច់​ដុំ​កន្ត្រាក់ ដោយ​មិន​ដឹង​ខ្លួន ចេញ​ទឹក​មាត់​ច្រាវៗ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ស្លាក់​ឈ្លក់ លេប​មិន​ទាន់​ឬ​លេប​ចូល​ខុស​ផ្លូវ​ទៅ​ចូល​តាម​បំពង់​ផ្លូវ​ដង្ហើម។ ក្នុង​ករណី​ដ៏​បន្ទាន់ និង​គ្រោះ​ថ្នាក់​នេះ​ ត្រូវ​បញ្ជូន​អ្នក​ជំងឺ​ទៅ​មន្ទីរ​សង្គ្រោះ​បន្ទាន់​ឲ្យ​បាន​ឆាប់​រហ័យ​ជា​ ទី​បំផុត​ទើប​ប្រសើរ។

ករណី​ដែល​មិន​ត្រូវ​ធ្វេស​ប្រហែស

ជំងឺ ​ហឺត​ភាគ​ច្រើន​ជា​ជំងឺ​Allergie ។ នៅ​ប្រទេស​បារាំង ជំងឺ​ហឺត​របស់​កុមារ​ប្រមាណ​ជិត ៩៩% ​ជា​ហឺត​Allergie ។ ដូច្នេះ​បើ​កុមារ​នោះ ​ដក​ដង្ហើម​ស្រូប​យក​សារធាតុ​Allergène​ចូល​ក្នុង​សរីរាង្គ​កាយ​កាលណា​ ទង​សួត​របស់​កុមារ​នឹង​កន្ត្រាក់​ភ្លាម ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កុមារ​មិន​អាច​ដក​ដង្ហើម​បាន។ សូម​ប្រុង​ប្រយ័ត្ន ត្បិត​ករណី​​ប្រតិកម្ម​បែប​នេះ​មិនមែន​ជា​ប្រតិកម្ម​សាមញ្ញ​ធម្មតា​ឡើង រហូត​មក​ទល់​បច្ចុប្បន្ន​Allergie ក៏​ជា​មូលហេតុ​សំខាន់​មួយ​នៃ​ការ​ស្លាប់​របស់​កុមារ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ