អានតួអត្ថបទ
កម្ពុជា

សហភាព​សហជីព​កម្ពុជា​នឹង​បញ្ចាំង​វីដេអូ​ឯកសារ​ស្តី​ពី​ឃាតកម្ម​លើ​ជា វិជ្ជា

បើ​ទោះ​ជា​អាជ្ញាធរ​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​អោយ​ សហភាព​សហជីព​កម្ពុជា​បញ្ចាំង​វីដេអូ​ឯកសារ រឿង"តើ​អ្នកណា​សម្លាប់​លោក ជា វិជ្ជា” ក៏​ដោយ លោករ៉ុង ឈុន​ប្រធាន​សហភាព​សហជីព​កម្ពុជា​បាន​ថ្លែង នៅ​ថ្ងៃ​ នេះ​ថា លោក​នឹង​នៅតែ​រៀបចំ​ដាក់​បញ្ចាំង​វីដេអូ​ឯកសារ​នេះ​ដដែល។ក្នុង​ឱកាស​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១២៤ នៅ​ ថ្ងៃ​ទី​១​ឧសភា​ស្អែក សហភាព​សហជីព​កម្ពុជា​គ្រោង​នឹង​ដង្ហែរ​ក្បួន​ដាក់​កម្រង​ផ្កា​អោយ​លោក ជា វិជ្ជា​នៅ​ពេល​ព្រឹក ហើយ​ពេល​ល្ងាច​ពួកគេ​នឹង​រៀបចំ​ដាក់​បញ្ចាំង​វីដេអូ​ឯកសារ​ស្តី​ពី​ឃាតកម្ម​ លើ​លោកជា វិជ្ជា​នោះ។

លោក​រុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​លោក​ជា​ មុន្នី(ស្តាំ)​
លោក​រុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​លោក​ជា​ មុន្នី(ស្តាំ)​ ©សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

03:11

បទ​អន្តរាគមន៍​របស់​លាង ដឺលុច​ពី​ទីក្រុង​ភ្នំពេញ

យោង​តាម​ការអះអាង​របស់​លោករ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា លោក និង​សហការី​របស់​លោក​ត្រូវតែ​ដាក់​បញ្ចាំង​វីដេអូ​ឯកសារ​នេះ ដើម្បី​ទី១ អោយ​សាធារណជន​បាន​ដឹង​ពី​ទិដ្ឋភាព​នៃ​ឃាតកម្ម​លើ​លោក ជា វិជ្ជា អតីតមិត្ត​រួម​អាជីព​របស់​លោក។ ទី​២​គឺ ដើម្បី​ជម្រុញ​អោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច បង្កើន​ការស៊ើប​អង្កេត​វែកមុខ​រក​ឃាតករ​ពិត​ប្រាកដ​ដែល​សម្លាប់​លោក ជា វិជ្ជា​នោះ​អោយ​ឃើញ ក៏​ដូច​ជា​បង្កើន​ការស៊ើប​អង្កេត​ទៅ​លើ​ករណី​ឃាតកម្ម​មុនៗផ្សេង​ទៀត​ផងដែរ។

 
លោករ៉ុង ឈុន​បាន​ថ្លែង​យ៉ាង​ច្បាស់ថា លោក​នឹង​មិន​ផ្លាស់ប្តូរ​ជំហរ​ទេ។ បាន​ន័យ​ថា ពេលព្រឹក​លោក​នឹង​ដឹកនាំ​ដង្ហែរ​ក្បួន​បាតុកម្ម​ជាមួយ​មនុស្ស​យ៉ាងតិច​២០០​នាក់ ដើម្បី​អបអរ​ទិវា​ពលកម្ម​អន្តរជាតិ ដោយ​ការដង្ហែរ​ក្បួន​នេះ​នឹង​នាំ​យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា។ ក្នុង​ញត្តិ​នោះ ពួកគេ​ទាមទារ​អោយ​ដំឡើង​ប្រាក់ខែ​កម្មករ លក្ខខណ្ឌ​ការងារ​ប្រសើរ និង​ផ្តល់​ងារ​ជា​វីរៈ​កម្មករ​ដល់​លោក ជា វិជ្ជា។ បន្ទាប់​មក​គឺ​ដង្ហែរ​ក្បួន​ទៅ​ដាក់​កម្រង​ផ្កា​រំលឹក​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា នៅ​កន្លែង​ដែល​លោកជា វិជ្ជា​ត្រូវ​ឃាតករ​បាញ់​សម្លាប់។ គឺ​នៅ​តូប​លក់​កាសែត​មួយ​ក្រោយ​វត្ត​លង្កា។ សូម​បញ្ជាក់​ថា ការដើរ​ក្បួន​នៅ​ពេល​ព្រឹក គឺ​ខាង​អាជ្ញាធរ​បាន​យល់ព្រម​អនុញ្ញាត​ហើយ។

ចំនែក​ឯ​ការរៀបចំ​បញ្ចាំង​ខ្សែ​វីដេអូ​ឯកសារ​ស្តី​ពី​ការសម្លាប់​លោក ជា វិជ្ជា​ដែល​អាជ្ញាធរ​មិន​អនុញ្ញាត​នោះ លោករ៉ុង ឈុន​ត្រូវ​រៀបចំ​ធ្វើ​នៅ​ម៉ោង​ប្រហែល​៥​កន្លះ​ល្ងាចថ្ងៃ សៅរ៍ ទី ១​ឧសភា នៅ​ក្រោយ​វត្ត​លង្កា គឺ​កន្លែង​គេ​សម្លាប់​លោក ជា វិជ្ជា​តែម្តង។ លោក រ៉ុង ឈុន​ថ្លែង​ថា លោក​នឹង​នៅ​តែ​រៀបចំ​បញ្ចាំង​ឯកសារ​នេះ​មិន​ផ្លាស់ប្តូរ​ទេ។ ហើយ​បើ​ប៉ូលីស​បង្ក្រាប​យ៉ាងណា​នោះ ចាំ​មើល​ពេល​នោះ​ជាក់ស្តែង​តែម្តង។
រីឯ ប៉ូលីសក៏​ឆ្លើយ​តប​បែប​ឌឺដង​ទៅ​វិញ​ថា បើ​លោក រ៉ុង ឈុន​រឹង លោករ៉ុង ឈុន​សាក​មើល​ទៅ។ ស្នងការនគរបាលរាជធានី លោកឧត្តមសេនីយ ទូច ណារុថ​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា បើ​លោក រ៉ុង ឈុន​នៅ​តែ​បញ្ចាំង​នោះ គឺ​បាន​ន័យ​ថា លោករ៉ុង ឈុន​ល្មើស​ច្បាប់។ លោក​ស្នងការ​រាជធានី​បាន​លើកយក​ហេតុផល​មក​បញ្ជាក់​ម្តង​ទៀត​ដែល​ថា វីដេអូ​ឯកសារ​នោះ​មិនមាន​ទិដ្ឋាការ​អនុញ្ញាត​ត្រឹមត្រូវ​ទេ។ ដូច្នេះ​លោក​នឹង​មិន​អនុញ្ញាត​ឡើយ។

បើ​ម្ខាងៗ​នៅ​តែ​ច្បាស់លាស់​លើ​ជំហរ​រៀងៗ​ខ្លួន​នោះ វា​ក៏​ច្បាស់លាស់​ដែរ​ដែល​ថា ការប៉ះទង្គិច​គ្នា​នឹង​កើត​មាន​ឡើង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ