អានតួអត្ថបទ
កម្ពុជា

កម្ពុជា​នឹង​ធ្វើ​សមយុទ្ធ​២​ទៀត​ជាមួយ​កងទ័ព​អាមេរិក

យោធា​កម្ពុជា​កំពុង​ត្រៀម​រៀបចំ​សមយុទ្ធ​ចំនួន​២​ទៀត​ជាមួយ​កងទ័ព​ សហរដ្ឋអាមេរិក ដែល​សមយុទ្ធ​ទី​មួយ​នេះ​នឹង​ចាប់ផ្តើម​នៅ​ចុង​សប្តាហ៍​នេះ​ ហើយ​សមយុទ្ធ​ទី​២ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ខែ​ឧសភា។ អ្នកនាំ​ពាក្យ​ក្រសួង​ការពារជាតិ លោក​ឧត្តមសេនីយឯក​ឈុំ សុជាតិ​បាន​បញ្ជាក់​ថា សមយុទ្ធ​ទាំង​ពីរ​លើក​នៅ​ពេល​ខាងមុខ ដែល​មួយ​លើកៗ​មាន​យោធា​សរុប​៥០០​នាក់​នោះ គឺ​ជា​សមយុទ្ធ​ផ្នែក​មនុស្សធម៌។

ផ្សាយពាណិជ្ជកម្ម
02:09

សេចក្តីរាយការណ៍​របស់ លាង​​ ដឺលុច ពីទីក្រុងភ្នំពេញ

ក្រុម​យោធា​កម្ពុជា​និង​ធ្វើ​សមយុទ្ធ​ជាមួយ​កងទ័ព​អាមេរិក​ចំនួន​២លើក នៅ​ក្នុង​ពេល​ខាង​មុខ​នេះ។ សមយុទ្ធ​មួយ​លើកៗ​នឹង​មាន​យោធា​សរុប​នៃ​ប្រទេស​ទាំង​២​ចូលរួម​ចំនួន​៥០០នាក់ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ឧត្តមសេនីយ​ឯក ឈុំ សុជាតិ អ្នកនាំពាក្យ​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា។ លោក ឈុំ សុជាតិ​បញ្ជាក់​ថា សមយុទ្ធ​ទាំងពីរ​លើក​នេះ គឺ​ជា​សមយុទ្ធ​ហ្វឹកហាត់​បែប​ជួយ​សង្គ្រោះ ឬ​សមយុទ្ធ​ផ្នែក​មនុស្សធម៌។

អ្នកនាំពាក្យ​យោធា​រូបនេះ​បាន​បន្ត​ថា សមយុទ្ធ​ទី​មួយ​នឹង​ចាប់​ផ្តើម​នៅ​ចុង​សប្តាហ៍​នេះ​ហើយ ចាប់ពី​ថ្ងៃ​ទី​២៧​កុម្ភៈ ដល់​ថ្ងៃ​ទី​២​មីនា។ សមយុទ្ធ​នេះ​នឹង​មាន​ការ​ចូលរួម​ពី​កំលាំង​យោធា​កម្ពុជា​៤​ក្រុម​មក​ពី​កងពល​លេខ​៣១ កងរាជ​អាវុធ​ហត្ថ កង​រក្សា​សន្តិភាព និង​កងទ័ព​ជើងទឹក។ សមយុទ្ធ​រយៈពេល​៤​ថ្ងៃនេះ​នឹង​ត្រូវ​រៀបចំ​ធ្វើ​នៅ​ទីបញ្ជាការ​កងទ័ព​ជើង​ទឹក រាម ខេត្ត​ព្រះសីហនុ នៅ​តំបន់​ពេជនិល នៅ​ទីបញ្ជាការដ្ឋាន​ទ័ព​ព្រៃ និង​នៅ​ទីបញ្ជាការដ្ឋាន​ A C O។ លោក​ឧត្តមសេនីយ​ឈុំ សុជាតិ​ថ្លែង​ថា ក្នុង​សមយុទ្ធ​នេះ កង​កំលាំង​កម្ពុជា​នឹង​ហ្វឹកហាត់​ជាមួយ​កង​ម៉ារីន​របស់​អាមេរិក។

ចំណែកឯ​សមយុទ្ធ​លើក​ទី​២​នោះ​គឺ​ជា​សមយុទ្ធ​ដែល​មាន​ឈ្មោះ​ថា ឆ្មាំអង្គរ ដែល​កម្ពុជា​និង​អាមេរិក​បាន​រៀបចំ​ធ្វើ​ទ្រង់ទ្រាយ​ធំ​កាលពី​ឆ្នាំ​កន្លង​ទៅ​រួច​ម្តង​ហើយ ហើយ​ដែល​កាលណោះ​មាន​ប្រទេស​ចូលរួម​មិន​តិច​ជាង​២០​ប្រទេស​នោះទេ។ សមយុទ្ធ​ឆ្មាំអង្គរ​២០១១​នេះ គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១៦​ដល់​ថ្ងៃ​ទី​២៧​ខែ​ឧសភា ដោយ​មាន​ការ​ចូលរួម​ពី​យោធា​នៃ​ប្រទេស​ម៉ុងហ្គោលី និង​ឥណ្ឌូនេស៊ី។ អ្នកនាំពាក្យ​យោធា​កម្ពុជា​បាន​ប្រាប់​អោយ​ដឹងថា សមយុទ្ធ​មួយ​នេះ យោធា​កម្ពុជា​នឹង​ហ្វឹកហាត់​ជាមួយ​កងទ័ព​ជើង​គោក​អាមេរិក​មក​ពី​រដ្ឋ​ហាវ៉ៃ ហើយ​ដែល​កម្មវិធី​ហ្វឹកហាត់​មាន​ផ្នែក​វិស្វកម្ម ការ​ជួយ​សង្គ្រោះ ការ​ដឹកជញ្ជូន​ជាដើម។

លោក​ឧត្តមសេនីយឯក​ឈុំ សុជាតិ​បាន​បញ្ជាក់​ថា បើទោះជា​សមយុទ្ធ​នៅ​កម្ពុជា​ទាំងពីរ​លើក​នេះ ប្រព្រឹត្ត​ទៅ​ក្រោយ​ការ​ធ្វើ​សមយុទ្ធ​គ្រាប់​ពិត​រវាង​អាមេរិក​និង​ថៃ​ក្នុង​ពេល​ថ្មីៗ​នេះ​ក៏ដោយ សមយុទ្ធ​នៅ​កម្ពុជា​គឺ​ជា​សមយុទ្ធ​ហ្វឹកហាត់​រក្សា​សន្តិភាព ហើយ​ថា​វា​មិន​មាន​ពាក់ព័ន្ធ​អ្វី​នឹង​សមយុទ្ធ​ពស់វែក​មាស​របស់​ថៃ និង​ភាពតានតឹង​នៅ​ព្រំដែន​កម្ពុជា​ថៃ​នោះ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ