អានតួអត្ថបទ
កម្ពុជា-ថៃ

កម្ពុជា​ផ្ញើឯកសារ​ជនភៀសសឹក​​ទៅតុលាការ​ឡាអេ​

ក្រោយ​ពី​បាន​ស្តាប់​ទឡ្ហីករណ៍​របស់​ភាគី​ជម្លោះ​ទាំងពីរ តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​ស្នើ​អោយ​ភាគី​ទាំងពីរ​ផ្ញើ​ឯកសារ​បន្ថែម​ទៅ​អោយ​ក្រុម​ចៅក្រម។ កម្ពុជា​បាន​ផ្ញើ​ឯកសារ​បន្ថែម​ស្តី​អំពី​ស្ថានភាព​ជនភៀសសឹក​នៅពេល​ដែល​ទ័ព​ទាំងពីរ​កំពុង​ប្រយុទ្ធគ្នា កាល​ពី​ចុង​ខែ​មេសា។មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី នៅ​អំឡុងពេល​ដែល​ត្រូវ​រង់ចាំ​សេចក្តី​សម្រេច​របស់​តុលាការ​នោះទេ។

តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់
តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ © RFI
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក​កុយ គួង​បាន​អះអាង​អោយ​ដឹង​ថា កម្ពុជា​បាន​ផ្ញើ​ឯកសារ​បន្ថែម​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ឡាអេ​រួចហើយ​កាល​ពី​ថ្ងៃ​ទី​៧​មិថុនា​ម្សិលមិញ។​ នេះ​ជា​ការ​អនុវត្តន៍​តាម​សំណើ​របស់​តុលាការ​អន្តរជាតិ​មួយ​នេះ ដែល​បាន​ស្នើ​អោយ​កម្ពុជា​ផ្ញើ​ឯកសារ​ដែល​បង្ហាញ​អំពី​ស្ថានភាព​នៃ​ជនភៀសសឹក ក្នុង​ខណៈ​ពេល​ដែល​កងទ័ព​ទាំងពីរ​កំពុង​ផ្ទុះ​អាវុធ​ដាក់គ្នា​លើក​ចុងក្រោយ​កាល​ពី​ចុង​ខែ​មេសា​នោះ។

 
អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ជាក់​ថា តុលាការ​អន្តរជាតិ​ក្រុងឡាអេ​ចង់​ដឹង​ថា​ជន​ភៀសសឹក​កម្ពុជា​ទាំងនោះបាន​ផ្លាស់ទី​ ពីទីណា​ដល់​ទីណា ហើយថា​ប្រជាជន​ភៀសសឹក​ទាំងនោះ​ដែល​រស់​នៅ​ទីតាំង​ដើម​នោះ​ ពួកគេ​បាន​រស់​នៅ​តាំង​ពី​ពេល​ណា?

ទោះ​យ៉ាងណា​ក្តី​ លោក​កុយ គួង​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ផ្សេង​ពីនេះ ​ក្នុង​ខណៈ​ពេល​ដែល​ភាគី​ទាំងពីរ កម្ពុជា​ថៃ កំពុង​រង់ចាំ​សេចក្តី​សម្រេច​របស់​តុលាការ​ឡាអេ​នោះ​ឡើយ។​ គួរបញ្ជាក់​ថា តុលាការ​យុត្តិធម៌​អន្តរជាតិ​កំពុងពិចារណាលើ​បណ្តឹង​មួយ​របស់​កម្ពុជាដែល​ទាមទារ​អោយ​ថៃ​ដក​កងទ័ព​ខ្លួន​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ។ តុលាការនេះ​បាន​បើក​សវនាការ​ជាសាធារណៈ​ដើម្បីស្តាប់​ទឡ្ហីករណ៍​ផ្ទាល់មាត់​របស់​ភាគី​កម្ពុជា​ជាដើម​បណ្តឹង ​និង​របស់​រដ្ឋាភិបាល​ថៃ។

លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ហ៊ុន សែន​ទើបតែ​បាន​ប្រកាស​មិន​អោយ​មន្ត្រី​របស់​លោក​ធ្វើ​អត្ថាធិប្បាយ​ទាក់ទងនឹង​សំណុំរឿង​ដែល​នៅក្នុង​យុត្តាធិការ​តុលាការ​ឡាអេ​នេះទេ។ ប៉ុន្តែ​ប្រមុខ​យោធា​ថៃ​វិញ បាន​សម្តែងមតិ​ប្រឆាំង​តុលាការ​ឡាអេ​រួចហើយ។ រដ្ឋមន្ត្រី​ការពារជាតិ​ថៃ លោកប្រាវីត វុងស៊ូវុន​បាន​និយាយ​ថា តុលាការ​យុត្តិធម៌​អន្តរជាតិ​ គ្មាន​អំណាច​ដើម្បី​ចេញ​បញ្ជា​អោយ​ថៃ​ដក​កងទ័ព​ចេញ​ពី​តំបន់​ព្រំដែន ក្បែរ​ប្រាសាទ​ព្រះវិហារ​នោះទេ។ ​ហើយ​ថា ប្រទេស​ថៃ​ក៏​នឹង​មិន​ធ្វើ​តាមនោះ​ដែរ ប្រសិនបើ​មាន​សេចក្តី​សម្រេច​បែប​នោះ​មែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ