អានតួអត្ថបទ
កម្ពុជា

រដ្ឋសភា ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ព្រំដែន​រួម​កម្ពុជា ឡាវ និង​វៀតណាម

នៅ​ព្រឹក​ថ្ងៃ​១៦​មិថុនា​នេះ អ្នក​តំណាងរាស្ត្រ ៨៣ រូប ក្នុង​ចំណោម​អ្នក​តំណាង​រាស្ត្រ ១០០ រូប ដែល​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា បាន​លើក​ដៃ​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់ ស្តីពី​ ការ​អនុម័ត​​យល់ព្រម​លើ​អនុសញ្ញា​រវាង​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម ស្តីពី ការកំណត់​ចំណុច​ប្រសព្វ​នៃ​ខ្សែ​ព្រំដែន​ប្រទេស​ទាំង​បី។

ការ​ប្រជុំ​សភា​ជាតិ​កម្ពុជា (រូបថត​ ៖ សភាជាតិ)
ការ​ប្រជុំ​សភា​ជាតិ​កម្ពុជា (រូបថត​ ៖ សភាជាតិ)
ផ្សាយពាណិជ្ជកម្ម

អនុសញ្ញា ដែល​រដ្ឋាភិបាល​កម្ពុជា វៀតណាម និង​រដ្ឋាភិបាល​ឡាវ បាន​ព្រមព្រៀង​គ្នា កាលពី​ឆ្នាំ​២០០៨ ដើម្បី​បោះ​បង្គោល​ព្រំដែន នៅ​តំបន់​កន្ទុយ​នាគ ក្នុង​ខេត្ត​រតនៈគិរី​ ដើម្បី​ពង្រឹង​បន្ថែម​នូវ​​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំងបី និង​ដើម្បី​រៀបចំ​បង្កើត​តំបន់​ត្រីកោណ​មួយ ​ជា​តំបន់​សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ​យូរ​អង្វែង។​

យ៉ាងណាក៏ដោយ សមាជិក​រដ្ឋសភា​មកពី​គណបក្ស​សមរង្ស៊ី ដែល​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​រដ្ឋ​សភា​​នៅ​ព្រឹក​មិញ មិន​បាន​លើកដៃ​គាំទ្រ​ច្បាប់​នេះ​ទេ។ រីឯ​តំណាងរាស្ត្រ ៣ រូប របស់​គណបក្ស​​សិទ្ធិមនុស្ស បាន​ធ្វើ​ពហិការ មិន​ចូលរួម​ប្រជុំ។

ក្នុង​កិច្ច​ប្រជុំ​នៅ​ព្រឹក​មិញ រដ្ឋសភា​ក៏​បាន​អនុម័ត​លើ​ច្បាប់​ស្តីពី​ការធានា​ទូទាត់​របស់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ក្រុមហ៊ុន Cambodia International Investment Development Group ដើម្បី​សាង​សង់​​រោងចក្រ​ផលិត​អគ្គិសនី ដោយ​ប្រើប្រាស់​ធ្យូងថ្ម នៅ​ខេត្ត​ព្រះសីហនុ។

គម្រោង ដែល​ប្រើប្រាស់​ទឹក​ប្រាក់ ៣៦២​លាន​ដុល្លារ​នោះ មិន​ត្រូវ​បាន​គាំទ្រ​ដោយ​គណបក្ស​សមរង្ស៊ី​ទេ។ អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​នេះ បាន​ដើរ​ចេញ​ពី​កិច្ចប្រជុំ​រដ្ឋសភា ដោយ​សារ​ថា ក្រុមហ៊ុន​ផលិត​អគ្គិសនី​ដោយ​ប្រើ​ធ្យូង​ថ្ម​នេះ ជា​របស់​លោក​ឧកញ៉ា ឡៅ ម៉េងឃិន សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍន៍​នៅ​តំបន់​បឹងកក់​ដ៏​ចម្រូងចម្រាស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ