អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការដកកងទ័ព​ចេញពី​តំបន់​ជម្លោះ​មិនមែន​ជារឿង​ងាយស្រួល​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ​ បាន​សម្រេច​ចាត់​វិធានការ​បន្ទាន់​ដោយ​បញ្ជា​ឲ្យ​កម្ពុជា​និង​ថៃ​ដក​ទ័ព​ចេញ ​ពី​តំបន់​ជម្លោះ ​ប្រមុខ​ដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​សេចក្តី​ព្រាង​៧​ ចំណុច​ដាក់​ជូន​ទៅ​ភាគី​ថៃ​និង​ឥណ្ឌូនេស៊ី​អនុម័ត​ដើម្បី​ឈាន​ទៅ​ការដក​ កងទ័ព​ចេញ​ពី​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ។ ​គោល​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​គឺ​ការដក​កងទ័ព​នឹង​ត្រូវ​ធ្វើ​នៅ​ពេល​ ណា​ដែល​កិច្ច​ព្រមព្រៀង​ត្រីភាគី​ត្រូវ​បាន​ចុះ​ហត្ថលេខា ​និង​នៅ​ក្រោយ​ពេល​ដែល​អ្នក​សង្កេតការណ៍​ឥណ្ឌូនេស៊ី​មក​ដល់​ព្រំដែន។ ​ប៉ុន្តែ ​ភាគី​ថៃ​បាន​បង្ហាញ​ជំហរ​ផ្ទុយ​ពី​នេះ​ដែល​ធ្វើ​ឲ្យ​នីតិវិធី​ដក​កងទ័ព​ ស្ថិត​ក្នុង​ស្ថានភាព​ស្មុគស្មាញ។

​ជម្លោះព្រំដែនខ្មែរ-ថៃ​ ​នៅ​តំបន់​ប្រាសាទព្រះវិហារ
​ជម្លោះព្រំដែនខ្មែរ-ថៃ​ ​នៅ​តំបន់​ប្រាសាទព្រះវិហារ ©​ វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សន្និសីទ​កាសែត​ដ៏​វែង​មួយ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​បាន​បង្ហាញ​ជា​សាធារណៈ​នូវ​គោល​ជំហរ​របស់​កម្ពុជា​ក្នុង​ការ​ដក​ទ័ព​ចេញ​ពី​តំបន់​ជម្លោះ​ទៅ​តាម​ការ​កំណត់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ។ ​គោល​ជំហរ​របស់​កម្ពុជា​បាន​សម្តែង​ឡើង​តាម​រយៈ​សេចក្តី​ព្រាង​៧​ចំណុច​ដែល​គេ​អាច​សង្ខេប​អត្ថន័យ​សំខាន់​ដូច​ខាង​ក្រោម៖

 
មុន​នឹង​ឈាន​ដល់​ដំណាក់​ការ​ដក​កងទ័ព​ចេញ​ពី​តំបន់​សុវត្ថិភាព ​ភាគី​កម្ពុជា​ចង់​បាន​ការ​ធានា​មួយចំនួន​គឺ​ទី១​ការ​ធានា​ឲ្យ​មាន​ប្រក្រតីភាព​នៃ​សកម្មភាព​មិនមែន​យោធា​នៅ​ក្នុង​តំបន់​ព្រះវិហារ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ​ទី២ ​ធានា​អំពី​ការ​ដក​ទ័ព​ដោយ​យុត្តិធម៌​និង​ស្មើភាព​តាម​រយៈ​ការ​ត្រួត​ពិនិត្យ​របស់​អ្នក​សង្កេតការណ៍​ឥណ្ឌូនេស៊ី ​មាន​ន័យ​ថា ​គេ​អាច​ដក​ទ័ព​បាន​លុះត្រា​តែ​អ្នក​សង្កេតការណ៍​អាស៊ាន​បាន​មក​ដល់​ជា​មុន​សិន ​និង​ទី​៣​ គេ​ត្រូវ​គូស​វាស​ទីតាំង​តំបន់​គ្មាន​យោធា​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ឲ្យ​រួច​រាល់​សិន​ដោយ​មាន​អ្នក​សង្កេត​ការណ៍​ឥណ្ឌូនេស៊ី​ជា​សាក្សី។ ​មាន​ន័យ​ថា​ រាល់​ដំណើការ​ទាំង​នេះ​ត្រូវ​ធ្វើ​ឡើង​ជា​លក្ខណៈ​ត្រីភាគី​គឺ ​កម្ពុជា​ ថៃ និង​ឥណ្ឌូនេស៊ី ​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន។

បើ​ពិនិត្យ​មើល​សេចក្តីព្រាង​នេះ ​រដ្ឋាភិបាល​កម្ពុជា​ហាក់​ដូច​ជា​មាន​ការ​ប្រយ័ត្ន​ប្រយែង​យ៉ាង​ខ្លាំង​មុន​នឹង​ដក​កងទ័ព​ចេញ​ពី​តំបន់​គ្មាន​យោធា​ដែល​តម្រូវ​ដោយ​តុលាការ​ក្រុង​ឡាអេ។ ​មិន​ប្រយ័ត្ន​ម្តេច​នឹង​កើត​បើ​នេះ​ជា​ការ​ដក​កងទ័ព​ចេញ​ពី​ទឹកដី​របស់​ខ្លួន​ឯង​ដែល​មិន​មែន​ជា​ការ​ទន្ទឹង​រង់ចាំ​របស់​កម្ពុជា​ឡើយ។​ ប៉ុន្តែ ​ ​ក្នុង​ឋានៈ​ជា​ដើម​បណ្តឹង ​កម្ពុជាមាន​កា​តព្វកិច្ច​គោរព​សេចក្តី​សម្រេច​របស់​តុលាការ។​ យ៉ាង​ណា​ក៏ដោយ​ចុះ ​តុលាការ​អន្តរជាតិ​មួយ​នេះ​ហាក់​បាន​ថ្លឹង​ថ្លែង​រវាង​ភាគី​ទាំងពីរ​តាមរយៈ​ការកំណត់​តំបន់​គ្មានយោធា​ដែលមាន​ទំហំ​ដល់​ទៅ​ជាង​១៧​គីឡួម៉ែត្រ​ក្រឡា​ពោលគឺ​ហួស​ពី​ទំហំ​ ៤,៦ ​កីឡូម៉ែត្រ​ក្រឡា​ដែល​កំពុង​មាន​ជម្លោះ​នោះ​ទៅ​ទៀត។ ​អ្វី​ដែល​សំខាន់​ត្រង់​ចំណុច​នេះ​គឺ​ មិនមែន​តែ​កម្ពុជា​ទេ​ដែល​ត្រូវ​ដក​ទ័ព​ចេញ​ពី​ទឹកដី​របស់​ខ្លួន​ តែ​ថៃ​ក៏​ត្រូវ​ដក​ទ័ព​ចេញ​ពី​ទឹកដី​របស់​ខ្លួន​ដូច​គ្នា​ដែរ។

ដូច្នេះ ​ការ​ប្រយ័ត្ន​ប្រយែង​ក៏មិន​មែន​មាន​តែ​ភាគី​កម្ពុជា​ដែរ ​តែ​ភាគី​ថៃ​វិញ​ក៏​រិតតែ​ត្រូវ​ប្រយ័ត្ន​ខ្លាំង​ថែម​ទៀត​ពីព្រោះ​ថា​អ្វី​ដែល​ថៃ​ព្រួយ​បារម្ភ​ខ្លាំង​បំផុត​នោះ​គឺ​ការ​បកស្រាយ​ឡើង​វិញ​នូវ​សាល​ក្រម​ឆ្នាំ ​១៩៦២ ​ស្តីពី​បញ្ហា​ព្រះវិហារ។ ​ទីក្រុង​បាងកក​ប្រាកដ​ជា​ដឹង​មុន​ជាស្រេច​ថា ​អំណាច​នៃ​សាលក្រម​នោះ​នឹង​ដាក់​ថៃ​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​ចាញ់​ប្រៀប​កម្ពុជា​យ៉ាង​ពិតប្រាកដ ​ហើយ​ថៃ​អាច​នឹង​គ្មាន​ថ្ងៃ​ចូល​មក​កាន់​ដី​ដែល​ខ្លួន​ធ្លាប់​ឈរ​ជើង​ផង​ក៏​មិន​ដឹង​ប្រសិនបើ​តុលាការ​ឡាអេ​ប្រកាសថា​ដី៤,៦គ.ម​ក្រឡា​គឺជារបស់ខ្មែរ។ ​ក្នុង​បរិបទ​បែប​នេះ​ គ្មាន​អ្វី​ចម្លែក​ទេ​ដែល​រដ្ឋាភិបាល​ចាំ​ផ្ទះ​របស់​លោក​អាភីស៊ីត​ត្រូវ​រារាំង​កិច្ចព្រមព្រៀង​ដក​ទ័ព​ចេញ​ពី​តំបន់​គ្មាន​យោធា​​នោះ។

ជាក់ស្តែង​ ក្រុង​បាងកក​ក៏​បាន​បង្ហាញ​ជំហរ​ដោយដាក់​លក្ខខណ្ឌ​ថា​ កម្ពុជា​ត្រូវ​ដក​ទ័ព​ចេញ​មុន​ទើប​ថៃ​ដក​តាម​ក្រោយ។​ រីឯ​ការ​ដក​នេះ​ទៀត​សោត​ត្រូវ​ធ្វើ​មុន​ការ​មក​ដល់​នៃ​ក្រុម​អ្នក​សង្កេត​ការណ៍​ឥណ្ឌូនេស៊ី។​ លើស​ពី​នេះ ​ទាំង​នាយករ​ដ្ឋមន្ត្រី ​ទាំង​រដ្ឋមន្ត្រី​ការបរទេស​ថៃ​សុទ្ធតែ​បាន​អះអាង​ដូចគ្នា​ថា ​កម្ពុជា​ត្រូវ​សុំ​ចរចា​ជាមួយ​ថៃ​អំពី​បញ្ហា​នេះពី​ព្រោះ​តែ​កម្ពុជា​ជា​អ្នកប្តឹង។ ​ចំណែក​ឯ​ការ​ចរចា​វិញ​ គឺ​ភាគី​ថៃ​មិន​ដែល​បាន​ទទួល​ស្គាល់​ភាគី​ទីបី​ឲ្យ​ចូល​រួម​ឡើយ។​ជំហរ​ ផ្ទុយ​គ្នា​១៨០​អង្សា​នេះ​ជា​សញ្ញា​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​កិច្ចព្រមព្រៀង​ស្តីពី​ការ​ដក​កងទ័ព​បាន​ជាប់​គាំង​បាត់​ទៅ​ហើយ។

វា​គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ឡើយ​ថា ​រដ្ឋាភិបាល​លោក​អាភីស៊ីត​នឹង​ទុក​បញ្ហា​នេះ​ឲ្យ​រដ្ឋាភិបាល​ថ្មី​របស់​លោក​ស្រី​យីងឡាក់ ​ស៊ីណាវ៉ាត្រា​ជា​អ្នកដោះស្រាយ ​ហើយ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​នឹង​ក្លាយជា​បក្ស​ប្រឆាំង​នៅ​ពេល​ខាង​មុខ​នឹង​រង់ចាំ​តែ​បន្ត​រុកកួន​គណបក្ស​ភឿថៃ​អំពី​រឿង​នេះ​។ ​សរុប​មក​វិញ​ ការ​ដក​កងទ័ព​ចេញពី​តំបន់​គ្មាន​យោធា​នឹង​នៅ​តែ​ជា​បញ្ហា​ស្មុគស្មាញ​ ដោយសារ​ភាគី​ថៃ​តែដដែល។ ​ទោះបី​ជា​ គេសង្ឃឹម​ថា ​ស្ថានភាព​នឹង​ធូរ​ស្រាល​នៅពេល​រដ្ឋាភិបាល​ថ្មី​ថៃ​ឡើងកាន់​អំណាច​ក៏ដោយ ​ក៏ប៉ុន្តែ ​បញ្ហា​នេះ​ ទោះតិច​ឬច្រើន​នៅ​តែ​ជា​ចំណុច​រសើប​ដែលគណបក្ស​ភឿថៃ​មិន​អាច​មើល​រំលង​បានឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ