អានតួអត្ថបទ
កម្ពុជា-ថៃ

កម្ពុជា​ផ្ញើសេចក្តី​ព្រាងស្តីពី​ភារកិច្ច​អ្នក​សង្កេតការណ៍​ទៅប្រធាន​អាស៊ាន​

កម្ពុជា​បាន​តាក់តែង​និង​ផ្ញើ​សេចក្តី​ព្រាង​កិច្ចព្រមព្រៀង​ទី២​ទៅ​ ប្រធាន​អាស៊ាន ​គឺ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​ទី២៧​កក្កដា​ម្សិលមិញ។​ កិច្ចព្រមព្រៀង​ទី២​នេះ គឺជា​ការងារ​បន្ត​ពី​សេចក្តី​ព្រាង​កិច្ចព្រមព្រៀង​ទី១​ ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​កាលពី​សប្តាហ៍មុន​ មាន៧​ចំនុច​ ស្តីពី​ការ​អនុវត្តន៍​វិធាន​ការ​ដកទ័ព​ចេញពី​តំបន់​ប្រាសាទ​ព្រះវិហារ​ ស្របតាម​បញ្ជា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក​ កុយ គួង
អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក​ កុយ គួង © វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

កិច្ច​ព្រមព្រៀង​ទី​២​នេះ គឺ​ជា​ការងារ​ដែល​ត្រូវ​ធ្វើ​បន្ត​ពី​កិច្ចព្រមព្រៀង​ទី​១។ ​កិច្ច​ព្រមព្រៀង​ទី​១​ស្តី​ពី​ការ​អនុវត្តន៍​សាលក្រម​តុលាការ​ឡាអេ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ហ៊ុន សែន​បង្ហាញ​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​សប្តាហ៍​កន្លងទៅ​នោះ មាន៧​ចំនុច។​ ហើយ​ចំនុច​ទី​៧​នោះ​បាន​សរសេរ​ថា "ការ​កំណត់​ភារកិច្ច ការ​ទទួលខុសត្រូវ និង​លក្ខខណ្ឌ​ប្រតិបត្តិ​របស់​ក្រុម​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន និង​ការ​ទទួលខុសត្រូវ​របស់​កម្ពុជា និង​ថៃ ​ក្នុង​ការ​រៀបចំ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​បេសកម្ម​របស់​ក្រុម​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី ត្រូវ​ធ្វើឡើង​ក្នុង​រូបភាព​ជា​កិច្ចព្រមព្រៀង​ដោយឡែក​មួយ​រវាង កម្ពុជា ថៃ​ និង​ឥណ្ឌូនេស៊ី"។

 
អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក​កុយ គួង​បាន​បញ្ជាក់​ថា កិច្ចព្រមព្រៀង​ទី​២​ដែល​កម្ពុជា​ទើបតែ​បាន​ផ្ញើ​ទៅ​ប្រធាន​អាស៊ាន គឺ​ជា​អ្វី​ដែល​មាន​ចែង​នៅក្នុង​ចំនុច​ទី​៧​ក្នុង​កិច្ចព្រមព្រៀង​ទី១​នោះ​ហើយ។​ សេចក្តីព្រាង​កិច្ចព្រមព្រៀង​ទី២​នេះ ក៏​ត្រូវ​បាន​កម្ពុជា​ផ្ញើ​ទៅ​រដ្ឋាភិបាល​ថៃ​ដូចគ្នា។

នៅក្នុង​លិខិត​ផ្ញើ​ទៅ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី ​ដែល​ជា​ប្រធាន​អាស៊ាន លោកហោ ណាំហុង​ប្រមុខ​ការទូត​កម្ពុជា​បាន​ស្នើ​អោយ​រដ្ឋមន្ត្រី​ការបទេស​ឥណ្ឌូនេស៊ី​ពិចារណា ហើយ​ឆ្លើយតប​ចំពោះ​កិច្ចព្រមព្រៀង​នេះ​អោយ​បាន​ឆាប់។ កម្ពុជា​មិន​បាន​បង្ហាញ​សេចក្តីព្រាង​កិច្ចព្រមព្រៀង​ទី២​នេះ​ជា​សាធារណៈ​នោះទេ ​ប៉ុន្តែ​បាន​បញ្ជាក់ថា ​គោលបំណង​នៃ​កិច្ចព្រមព្រៀង​ថ្មី​នេះ​សំដៅ​អនុវត្តន៍​ការ​ដាក់ពង្រាយ​ក្រុម​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី​ដើម្បី​កំណត់​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន​នៅលើ​ដី​ជាក់ស្តែង និង​មាន​បំណង​តាមដាន​ការ​ដក​កងទ័ព​ប្រកប​ដោយ​ប្រសិទ្ធភាព។

នៅតែ​មិន​ទាន់​មាន​ប្រតិកម្ម ឬ​ការ​ឆ្លើយតប​ណាមួយ​ពី​ភាគី​ថៃ​នៅឡើយទេ ​ចំពោះ​សេចក្តីព្រាង​កិច្ចព្រមព្រៀង​ស្តីពី​ការ​អនុវត្តន៍​សាលក្រម​ឡាអេ​ដែល​តាក់តែង​ឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា​នោះ។ ប៉ុន្តែ​បើ​យោងតាម​ការអះអាង​របស់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា រហូត​ដល់​ពេល​នេះ​ហើយ វា​មាន​លទ្ធភាព​ច្រើន​ ថា​កម្ពុជា​នៅរង់ចាំ​រដ្ឋាភិបាល​ថ្មី​របស់​ថៃ​តែ​ម្តង ​ដែល​ជាមួយ​រដ្ឋាភិបាល​ថ្មីនេះ កម្ពុជា​មាន​ក្តីសង្ឃឹម​ច្រើន​ក្នុង​ការងារ​ដោះស្រាយ​វិបត្តិ​ព្រំដែន​ជាមួយថៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ