អានតួអត្ថបទ
កម្ពុជា-ថៃ

កម្ពុជា-ថៃ ព្រមព្រៀង​ចុះពិនិត្យ​បើក​ច្រក​ព្រំដែន​ថ្មី និង​រុករក​បង្គោល​ព្រំដែន

កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះខ័​ណ្ឌ​សីមា​ព្រំដែន​គោក​កម្ពុជា​-​ថៃ ហៅ​កាត់​ថា JBC រយៈពេល​ពីរ​ថ្ងៃ នៅ​ប្រទេស​ថៃ បាន​បិទ​បញ្ចប់ កាលពី​ថ្ងៃ​ទី​១៤​កុម្ភៈ​ម្សិលមិញ​។ ភាគី​កម្ពុជា តំណាង​ដោយ​លោក​ទេសរដ្ឋមន្ត្រី វ៉ា គីម​ហុង បានប្រកាស​ភ្លាម​ពី​លទ្ធផល​កិច្ចប្រជុំ ដោយ​ជោគជ័យ​ជាមួយ​ភាគី​ថៃ​។ នោះ​គឺ​ប្រទេស​ទាំង​ពីរ បាន​ឯកភាព និង​អនុញ្ញាត​ឲ្យ​គណៈកម្មកា​រ​ព្រំដែន ចុះ​អនុវត្ត​លើ​ទីតាំង​ជាក់ស្តែង និង​ធ្វើ​កិច្ចការ​មួយចំនួន ដើម្បី​រុករក​បង្គោល​ព្រំដែន​។ មួយវិញទៀត រាល់​ការព្រមព្រៀង​លើ​បញ្ហា​ព្រំដែន ភាគី​ថៃ លែង​យក​ទៅ​ឆ្លង​រដ្ឋសភា ដូច​មុន​ទៀត​ហើយ​។​

លោក ​វ៉ា ​គឹមហុង​ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​ព្រំដែន​
លោក ​វ៉ា ​គឹមហុង​ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​ព្រំដែន​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅពេល​វិល​ត្រឡប់​មកពី​តុ​ប្រជុំ​ចរចា​រឿង​ព្រំដែន កាលពី​យប់​ថ្ងៃ​១៤​កុម្ភៈ​ម្សិលមិញ នៅ​ព្រលានយន្តហោះ​ភ្នំពេញ លោក​ទេសរដ្ឋមន្ត្រី វ៉ា គីម​ហុង ប្រធាន​គណៈកម្មការ​ចម្រុះខ័​ណ្ឌ​សីមា​ព្រំដែន​គោក​កម្ពុជា​-​ថៃ JBC បាន​ប្រកាស​ពី​ចំណុច​វិជ្ជមាន​នៃ​កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​ នៅទីក្រុងបាងកក។ នោះ​គឺ​កំណត់ហេតុ​ទាំងបី ដែល​ភាគី​ថៃ និង​កម្ពុជា ព្រមព្រៀង​ជាមួយ​គ្នា​កន្លងមក​នោះ លែង​មាន​បញ្ហា​ទៀតហើយ​។ ភាគី​ថៃ ហ៊ាន​ចុះហត្ថលេខា ដោយ​មិន​ចាំបាច់​ឆ្លងកាត់​រដ្ឋសភា​ថៃ ដូច​កាល​មុន​ទៀត​ទេ​។

លោក វ៉ា គីម​ហុង បានបញ្ជាក់​ថា ភាគី​ថៃ​មាន​សិទ្ធិ​សម្រេច​លើ​រាល់​កិច្ចព្រមព្រៀង និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គ្នា នៅក្នុង​កិច្ចប្រជុំ ដោយ​មិន​ចាំបាច់​ឆ្លងកាត់​សភា​ថៃ​ទេ​។ ការព្រមព្រៀង​ជាមួយគ្នា​នោះ អាច​យកមក​អនុវត្ត ដើម្បី​ធ្វើ​កិច្ចការ​ព្រំដែន​គោក​ឲ្យបាន​ឆាប់រហ័ស​។

តាម​លោក វ៉ា គីម​ហុង ភាគី​ទាំងពីរ បាន​ចរចា និង​ទទួលលទ្ធផល​ធំៗ លើ ៣ ចំណុច​។ ទី​១-​ការរុករក​បង្គោលព្រំ​ដែន នៅ​ច្រក​ជាំ​ស្រ​ងាំ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ពី​បង្គោល​លេខ​១ ដល់​បង្គោល​លេខ ២៣ ជិត​ប្រាសាទ​តា​មាន់​។ ភាគី​ទាំងពីរ​បាន​ឯកភាពគ្នា ហើយ​ក្រុម​កិច្ចការ​ជំនាញ​ចម្រុះ ចុះ​ទៅ​ធ្វើ​កិច្ចការ​នេះ បន្ទាប់​ពី​ភាគី​ទាំងពីរ ធ្វើ​កិច្ចការ​នៅ​ច្រក​ស្ទឹង​បត់​។ ការបើក​ច្រកព្រំដែន​ស្ទឹង​បត់ ក្នុង​ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​ភាគី​ទាំងពីរ យល់ព្រម​បញ្ជូន​អ្នកបច្ចេកទេស​ចម្រុះ ដើម្បី​ពិនិត្យ​ទីតាំង​ជាក់ស្តែង នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១២​។​

ចំណុច​២ កម្ពុជា​-​ថៃ បាន​ឯកភាព​គ្នា​រក​ប្រទេស​ទី​៣ ថត​រូបភាព​ពីលើ​អាកាស សម្រាប់​ធ្វើ​ផែនទី​ខ្នាត​ធំ លើ​តំបន់​ព្រំដែន​។ រីឯ​ចំណុច​៣ កម្ពុជា​-​ថៃ បាន​ឯកភាព​ពិនិត្យ​លើ​ឯកសារ​ទាំងឡាយ ដែល​ភាគី​ទាំងពីរ បាន​រកឃើញ​បង្គោល​ចំនួន ៤៨ បង្គោល ក្នុងចំណោម ៧៣ បង្គោល​។​

ជា​ការកត់សម្គាល់ ក្រុមការងារ​ព្រំដែន​កម្ពុជា​-​ថៃ ប្រជុំ​ព្រមព្រៀង​លើ​បញ្ហា​ព្រំដែន​ពេល​នេះ មិន​បាន​ពាក់ព័ន្ធ​នឹង​ព្រំដែន​តំបន់​ប្រាសាទ​ព្រះវិហារ និង​មិន​បាន​និយាយ​ដល់​ការដក​កងទ័ព​ឡើយ​។ បញ្ហា​ដកទ័ព និង​បញ្ហា​ព្រំដែន​ប្រាសាទ​ព្រះវិហារ ភាគី​ទាំងពីរ​បាន​ឯកភាពគ្នា ទុកឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដោះស្រាយ តាម​ការស្នើសុំ​ឲ្យ​ភាគី​កម្ពុជា ចំពោះ​ការបកស្រាយ​សាលដីកា​ឆ្នាំ​១៩៦២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ