អានតួអត្ថបទ

ខ្មែរក្រហម៖ មន្ត្រី​កម្ពុជា​ទៅ​ញូវយ៉ក​ដើម្បី​ស្វែងរក​ថវិកា​ឆ្នាំ ២០១៣ និង ២០១៤

នៅ​ចុង​សប្តាហ៍​នេះ ​ឬ​ដើម​សប្តាហ៍​ក្រោយ​ តំណាង​រដ្ឋាភិបាល​កម្ពុជា​ និងមន្ត្រី​​សាលាក្តី​ខ្មែរក្រហម​​នឹង​​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ញូវយ៉ក​ដើម្បី​ចូលរួម​ប្រជុំ​ស្វែងរក​ថវិកា។​ តំណាង​អង្គការ​សហប្រជាជាតិ ​រដ្ឋាភិបាល​កម្ពុជា​ និង​បណ្តា​ប្រទេស​ជាមិត្ត​របស់​សាលាក្តី​ខ្មែរក្រហម​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី៧​វិច្ឆិកា​នៅឯ​ញូវយ៉ក​ដើម្បី​អនុម័ត​ថវិកា​សម្រាប់​ដំណើរការ​សាលាក្តី​នេះ​ក្នុង​ឆ្នាំ២០១៤ ​និង ​២០១៥ ។​

អង្គសវនាការនៃសាលាក្តីខ្មែរក្រហម
អង្គសវនាការនៃសាលាក្តីខ្មែរក្រហម Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​សវនាការ​សំណុំ​រឿង​ ០០២​ វគ្គទី១​ បាន​បិទ​បញ្ចប់​ ឥឡូវ​នេះ​គឺជា​ពេល​វេលា​ដែល​សាលាក្តី​ខ្មែរក្រហម​ត្រូវ​ស្វែង​រក​ថវិកា​សម្រាប់​ដំណើរការ​បន្ត។​ ភាគី​កម្ពុជា​ដែល​តំណាង​ដោយ​លោក​ កែវ រ៉េមី​ រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ និង​មន្ត្រី​រដ្ឋបាលសាលាក្តី​តំណាង​ដោយ​លោក​ ក្រាញ់ តូនី​ ប្រធាន​រដ្ឋបាល​ស្តីទី​នៃ​សាលាក្តី​ខ្មែរក្រហម​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ញូវយ៉ក​នៅ​ដើម​សប្តាហ៍​ក្រោយ​នេះ​ដើម្បី​ចូល​រួម​កិច្ចប្រជុំ​អនុម័ត​ថវិកា។ ​នេះ​បើ​យោង​តាម​លោក​ ឌឹម សុវណ្ណារុំ ​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈនៃ​សាលាក្តី​ខ្មែរក្រហម​ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សៅរ៍​នេះ។

 
បើ​យោង​តាម​ លោក​ ឌឹម សុណ្ណារុំ ​កិច្ចប្រជុំ​រវាង​តំណាង​រដ្ឋាភិបាល​កម្ពុជា ​អង្គការ​សហប្រជា​ជាតិ ​និង​បណ្តា​ប្រទេស​ជាមិត្ត​របស់​សាលាក្តី​គ្រោង​បើក​ធ្វើ​នៅ​ថ្ងៃ​ទី៧​វិច្ឆិកា​នៅ​ឯទីក្រុង​ញូវយ៉ក​។​ នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ ភាគី​កម្ពុជា​ និង​សហប្រជាជាតិ​នឹង​ដាក់​សំណើស្តីពី​គម្រោង​ថវិកា​សម្រាប់​ឆ្នាំ ២០១៤​ និង ​២០១៥​ ដើម្បី​សុំការ​គាំទ្រ​ពីម្ចាស់​ជំនួយ។

កញ្ចប់​ថវិកា​សម្រាប់​ដំណើរការ​ពីរ​ឆ្នាំ​ខាង​មុខ​នេះ​នៅ​មិនទាន់​ត្រូវ​បាន​គេ​បង្ហើប​ឲ្យ​ដឹងនៅ​ឡើយ​ទេ​ ប៉ុន្តែ ​បើ​យោង​តាម​ប្រធាន​កិច្ចការ​សាធារណៈ​នៃ​សាលាក្តី ​ការចំណាយ​នឹង​ថយចុះ​ជាង​កាលពី​ឆ្នាំ ​២០១២​ និង​ ២០១៣ ​ ពីព្រោះតែ​ការងារ​របស់​សាលាក្តី​នេះ​ត្រូវ​បាន​កាត់បន្ថយ​ជាងមុន។ ​កាលពី​ឆ្នាំ​ ២០១២​ និង​ ២០១៣​ សាលាក្តី​ខ្មែរក្រហម​បានចំណាយ​ក្នុង​រង្វង់​ ៩០​ លាន​ដុល្លារ​អាមេរិក​ គិត​ទាំង​ភាគី​ជាតិ​ និង​អន្តរជាតិ។

គួររម្លឹក​ថា ​សវនាការ​សំណុំរឿង​ ០០២​ វគ្គទី១​ បាន​ដល់​ទី​បញ្ចប់​ហើយ​កាល​ពី​ថ្ងៃព្រហស្បតិ៍​ទី​ ៣១​ តុលា។ ​ឥឡូវ​នេះ​គឺជា​ពេល​វេលា​ដែល​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ត្រូវសរសេរ​សាលក្រម​ដែល​គេគ្រោង​នឹង​ប្រកាស​នៅ​ដើម​ឆ្នាំ ​២០១៤​ មុន​នឹង​បន្ត​សវនាការ​សំណុំរឿង​ ០០២​ វគ្គទី២ ។
បញ្ហា​ថវិកា​សម្រាប់​ឆ្នាំ ២០១៣​ នេះ​ត្រូវ​បាន​ដោះស្រាយ​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​បាន​យល់​ព្រម​បង់ប្រាក់​បដិភាគ ​១,៨​ លាន​ដុល្លារ​សម្រាប់​បើក​ប្រាក់ខែ​ជូន​បុគ្គលិក​ជាតិ។ ការយល់​ព្រម​បង់ប្រាក់​បដិភាគ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​ជំនួប​រវាង​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ជាមួយ​លោក ​បាន គីមូន​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​នៅ​ឯប្រទេស​ប៊្រុយណេ​កាលពី​ខែ​តុលា​កន្លង​ទៅ​នេះ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ