អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​កម្រើក​ឡើង​វិញ​នៃ​បញ្ហា​ព្រំដែន​ ៖​កម្ពុជា​ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយពី​រដ្ឋប្រហារ​យោធា​នៅ​ប្រទេស​ថៃ មាន​សញ្ញា​ជាច្រើន​ដែល​បង្ហាញថា បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ហាក់ដូចជា​កំពុង​ឈានទៅរក​ភាព​តានតឹង​ជាថ្មី។ បន្លា​លួស​ត្រូវបាន​ទាហាន​ថៃ​ដាក់ពង្រាយ​សារជាថ្មី​នៅ​ពីមុខ​ប្រាសាទព្រះវិហារ​ដែល​ផ្ទុយទៅនឹង​កិច្ច​ព្រំ​ប្រៀង​គ្នា​កាលពី​ឆ្នាំ ២០០០ ។ នៅឯ​ខេត្តបន្ទាយមានជ័យ​ក៏មាន​សេចក្តីរាយការណ៍​អំពី​សកម្មភាព​ភ្ជួរ​ដី​របស់​កសិករ​ថៃ​ក្នុង​តំបន់​ទំនាស់​ផងដែរ។ ទោះជា​មិនទាន់មាន​បញ្ហា​ធំ​កើតឡើង ក៏ប៉ុន្តែ ទាំងនេះ​ជាស​ញ្ញា​មិនល្អ​ឡើយ​ក្នុង​ជម្លោះព្រំដែន​រវាង​ប្រទេស​ទាំងពីរ។ ដូច្នេះ កម្ពុជា​ត្រូវ​ត្រៀមខ្លួន​ឲ្យ​បានល្អ​ដើម្បី​ប្រឈមមុខ​ដោះស្រាយ​បញ្ហា​ជាយថាហេតុ។

ជំនួបមេទ័ពកម្ពុជាថៃនៅព្រះវិហារ​មុនការប្រកាស​សាលដីកា​របស់តុលាការ​ឡាអេ​
ជំនួបមេទ័ពកម្ពុជាថៃនៅព្រះវិហារ​មុនការប្រកាស​សាលដីកា​របស់តុលាការ​ឡាអេ​ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

គ្មានអ្វី​ចម្លែក​ទេ​ដែលថា​រដ្ឋប្រហារ​យោធា​ក្នុងប្រទេស​ថៃ​នឹង​ជះឥទ្ធិពល​អាក្រក់​មកដល់​ព្រំដែន​កម្ពុជា​នោះ។ បញ្ហា​ដ៏​រសើប​មួយ​ក្នុងចំណោម​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​ថៃ​គឺ​សំណុំរឿង​ប្រាសាទព្រះវិហារ។ តាមពិតអ្វីៗត្រូវបាន​គេ​មើលឃើញ​តាំងពី​យូរ​មកហើយ​ថា ភាគី​ថៃ​ជាពិសេស​ពួកយោធា​ដ៏​មាន​ឥទ្ធិពល​ប្រាកដជា​នឹងមិន​ទទួលយក​សេចក្តីសម្រេច​របស់​តុលាការអន្តរជាតិ​ក្រុងឡាអេ​នោះឡើយ។

 

ជាក់ស្តែង ភ្លាមៗក្រោយពី​តុលាការ​ក្រុងឡាអេ​បានប្រកាស​សេចក្តីសម្រេច​កាលពី​ថ្ងៃទី ១១ វិច្ចិកា ឆ្នាំ ២០១៣ ស្តីពី​ការបកស្រាយ​ឡើងវិញ​នូវ​សាលក្រម​ឆ្នាំ ១៩៦២ គណបក្សប្រឆាំង​ថៃ​បានដាក់​សម្ពាធ​យ៉ាងខ្លាំង​ទៅលើ​រដ្ឋាភិបាល​លោកស្រី​យី​ង​ឡាក់​កុំ​ឲ្យ​ទទួលយក​សេចក្តី​សម្រេច​​នេះ​រួចទៅហើយ។ ម្យ៉ាងទៀត សូម​កុំភ្លេចថា ជម្លោះផ្ទៃក្នុង​ប្រទេស​ថៃ​រហូតដល់​មាន​រដ្ឋប្រហារ​យោធា​នៅពេលនេះ​ក៏មាន​ចំណែក​នៃ​បញ្ហា​ជាតិនិយម​ក្នុង​សំណុំរឿង​ព្រះវិហារ​នៅ​លាយឡំ​ជាមួយ​ដែរ។ ដូច្នេះ តើ​រដ្ឋប្រហារ​យោធា​មិនមែនជា​ឱកាសល្អ​ក្នុងការ​បដិសេធ​សាលដីកា​នេះ​ទេ​ឬ?

គួរ​រម្លឹក​ឡើងវិញ​ថា សាលដីកា​តុលាការ​ក្រុងឡាអេ​កាលពី​ថ្ងៃទី ១១ វិច្ឆិកា ឆ្នាំ ២០១៣ មាន​អត្ថន័យ​គ្រប់គ្រាន់​ដែលថា​ថៃ​ត្រូវ​ដក​កងទ័ព​ចេញពី​ដែនដី​ជុំវិញ​ប្រាសាទព្រះវិហារ។ មាន​ចំណុច​សំខាន់​ពីរ​នៅក្នុង​សាលដីកា​នោះ៖ ទី១៖ តុលាការ​បានសម្រេច​ថា​ដែនដី​ជុំវិញ​ប្រាសាទព្រះវិហារ​ជា​របស់​កម្ពុជា និង​ទី២៖ តុលាការ​បាន​ច្រានចោល​ផែនទី​ឯកតោភាគី​របស់​ថៃ ហើយ​វិនិច្ឆ័យ​ដោយ​ផ្អែកលើ​ផែនទី​ឧបសម្ព័ន្ធ១ដែល​ភ្ជាប់​ជាមួយ​សេចក្តីសម្រេច​របស់ខ្លួន​កាលពី​ឆ្នាំ ១៩៦២ ។ នេះ​មានន័យថា​ថៃ​គ្មានអ្វី​ជា​សំអាង​ដើម្បី​ទាមទារ​យក​ផ្ទៃដី​ទំហំ ៤,៦ គីឡូម៉ែត្រ​ក្រឡា​ជុំវិញ​ប្រាសាទព្រះវិហារ​ទៀតឡើយ​ពីព្រោះ​ផ្ទៃដី​ដែល​ខ្លួន​ទាមទារ​នេះ​កើតចេញពី​ផែនទី​ឯកតោភាគី​ដែល​ថៃ​បាន​គូសឡើង​តែម្នាក់ឯង។

ប៉ុន្តែ ភាគី​ទាំងពីរ​បាន​ខកខាន​មិនបាន​អនុវត្តន៍​តាម​សេចក្តីសម្រេច​របស់​តុលាការអន្តរជាតិ​ទេ។ នេះ​ជា​លើក​ទី២ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ដែល​កម្ពុជា​និង​ថៃ​មិនអាច​អនុវត្តតាម​ការ​សម្រេច​របស់​តុលាការអន្តរជាតិ​បាន។ លើក​ទី១ កាលពី​ឆ្នាំ ២០១១ តុលាការ​បានចេញ​បញ្ជា​តាម​បណ្តឹង​របស់​កម្ពុជា​ឲ្យ​បង្កើត​តំបន់​គ្មាន​កងទ័ព​នៅ​ជុំវិញ​ប្រាសាទព្រះវិហារ។ បទបញ្ជា​នេះ​ក៏​មិនអាច​អនុវត្តបាន​រហូត​ដល់​សព្វថ្ងៃ។ មូលហេតុ គឺ​មកពី​ប្រទេស​ថៃ​មាន​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​ដែល​កាន់​ធ្ងន់ធ្ងរ​ឡើងជា​លំដាប់។ រដ្ឋប្រហារ​យោធា​ក្នុងប្រទេស​ថៃ​កាលពី​ខែឧសភា​នេះ​ក៏​អាចជា​ឱកាស​មួយ​ដែរ​សម្រាប់​ក្រុម​យោធា​ក្នុងការ​ធ្វើ​ឲ្យ​សេចក្តីសម្រេច​របស់​តុលាការ​ក្រុងឡាអេ​បរាជ័យ​ជាថ្មី​ម្តងទៀត។

ក្នុង​បរិបទ​នេះ វា​ចាំបាច់​ណាស់​ដែល​កម្ពុជា​ត្រូវ​ត្រៀមខ្លួន​ឲ្យ​បានល្អ​បំផុត​ជាមុន។  ពិត​ហើយ​ថា​កម្ពុជា​ជា​ប្រទេស​ទន់ខ្សោយ​ទាំង​សេដ្ឋកិច្ច​និង​យោធា​ធៀប​នឹង​ប្រទេសជិតខាង ប៉ុន្តែ ទាក់ទង​នឹង​បញ្ហា​ព្រំដែន​កម្ពុ​ជាមាន​សន្លឹក​អាត់​នៅក្នុង​ដៃ​គ្រប់គ្រាន់​ទាំង​ព្រំដែន​ខាងលិច​និង​ខាងកើត។ សន្លឹក​អាត់​នោះ​គឺ​ទឡ្ហីករណ៍​ផ្លូវច្បាប់​ដែល​អន្តរជាតិ​ទទួលស្គាល់​ដូចជា​សាលដីកា​ជា​បន្តបន្ទាប់​របស់​តុលាការអន្តរជាតិ​ក្រុងឡាអេ​ចាប់តាំងពី​ឆ្នាំ ១៩៦២ មក និង​យន្តការ​អន្តរជាតិ​មួយចំនួនទៀត​ដែល​អាច​ធានា​ការពារ​ព្រំដែន​ខ្មែរ​បាន​ដូចជា​កិច្ច​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ឆ្នាំ ១៩៩១ ជាដើម។

ដូច្នេះ បញ្ហា​ដែល​នៅ​សេសសល់​គឺ​កម្ពុជា​ត្រូវ​បញ្ចេញ​សមត្ថភាព​ខ្លួនឯង​ដើម្បី​ឲ្យ​យន្តការ​អន្តរជាតិ​ទាំងនោះ​មាន​ប្រសិទ្ធភាព។ ជាក់ស្តែង ក្នុង​ជម្លោះ​ជាមួយ​ថៃ រដ្ឋាភិបាល​ក្រុងភ្នំពេញ​ត្រូវតែ​បង្ហាញ​ឲ្យ​អន្តរជាតិ​ឃើញថា​សាលដីការ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​មិនត្រូវ​បាន​ប្រទេសជិតខាង​កម្ពុជា​អនុវត្តតាម​ទេ។ ក្នុង​បរិបទ​នេះ តើ​អង្គការសហប្រជាជាតិ​មាន​វិធានការ​អ្វី​ដើម្បី​ការពារ​តម្លៃ​នៃ​សេចក្តីសម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ?

បច្ចុប្បន្ន ទីក្រុង​ភ្នំពេញ​បាន​ប្រើ​នយោបាយ​ការទូត​បែប​ទន់ភ្លន់​ទាំង​ជាមួយ​ប្រទេស​ខាងកើត​និង​ខាងលិច។ នយោបាយ​ការទូត​ទន់ភ្លន់​ត្រូវគេ​ចាត់ទុកថា​ជា​ជម្រើស​សមស្រប ប៉ុន្តែ គ្រាន់​តែ​ថា ភាពទន់ភ្លន់​មិនគួរ​នឹង​ក្លាយទៅជា​ភាព​ទន់ជ្រាយ​ឬ​ជា​ចំណុចខ្សោយ​នៅ​ចំពោះមុខ​គូបដិបក្ខ​ឡើយ។ និយាយ​ជារួម  កម្ពុជា​គួរ​ត្រៀមខ្លួន​ឲ្យ​រួចរាល់​គ្រប់​លទ្ធភាព​ជាពិសេស​លទ្ធភាព​ការទូត​ដោយ​ផ្អែកលើ​ច្បាប់​អន្តរជាតិ​ដើម្បី​ទប់​ទល់នឹង​បញ្ហា​ដែល​អាច​កើតឡើង​ជាយថាហេតុ​នៅ​ព្រំដែន​ខាងលិច​ដោយ​មិន​ភ្លេច​ព្រំដែន​ខាងកើត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ