អានតួអត្ថបទ
កម្ពុជា

កម្ពុ​ជា​តវ៉ា​ចំពោះ​ការ​រាយ​លួស​បន្លា​នៅ​មុខ​ប្រាសាទ​ព្រះ​វិហារ​ដោយ​ទាហាន​ថៃ​

មន្ត្រី​យោធា​ខ្មែរ​នៃ​កា​រិយាល័យ​ទំនាក់​ទំនង​ព្រំ​ដែន​កម្ពុជា​ថៃ ​បាន​បញ្ជូន​លិខិត​មួយ​ច្បាប់​ទៅ​អង្គ​ភាព​ទំនាក់​ទំនង​ព្រំ​ដែន​ប្រ​ចាំ​តំបន់​ទី​១​ខាង​ភាគី​ថៃ ​ដើម្បី​តវ៉ា​ចំពោះ​ការ​ពង្រាយ​លួស​បន្លា​ មុខ​ប្រាសាទ​ព្រះ​វិហារ​ ដោយ​ទាហាន​ថៃ​។ ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៩​ ខែ​ឧសភា​ ឧត្តម​សេនីយ៍​ទោ ​ផាត ​សុផេង​ បាន​ចាត់​ទុក​ទង្វើ​របស់​ទាហាន​ថៃ​ថា ​គ្មាន​ឆន្ទៈ​រក្សា​ភាព​ស្ងប់​ស្ងៀម​ និង​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​តំបន់​ឡើយ ​ហើយ​ទាមទារ​ឱ្យ​ពួក​គេ​រើ​លួស​បន្លា​នោះ​ចេញ​វិញ​។ 

ទាហានថៃ។
ទាហានថៃ។ @Facebook
ផ្សាយពាណិជ្ជកម្ម

ការពង្រាយ​លួស​បន្លា ប្រវែង​ពី១៣០ម៉ែត្រ ទៅ១៥០ម៉ែត្រ ត្រង់ចំណុច​ស្រះ​ត្រាវ នៅមុខ​ប្រាសាទព្រះវិហារ ដោយ​ទាហាន​ថៃ បានកើត​ឡើង តាំងពី​យប់​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​ពី​ទាហាន​ខ្មែរ​ប្រចាំ​នៅ​តំបន់​ប្រា​សាទ​ព្រះវិហារ ដែល​ឱ្យដឹង​បន្ថែមថា លុះដល់​ព្រឹក​ថ្ងៃ​សុក្រទើប​ទាហាន​ការពារ​ព្រំដែន​កម្ពុជា​បានឃើញ​លួស​បន្លា និង​សរសេរ​លិខិតតវ៉ា​បញ្ជូនទៅ​ភាគី​ថៃ។

នៅក្នុង​លិខិត​ចុះ​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤នោះ ឧ​ត្ត​ម​សេនីយ៍​ទោ ផាត សុ​ផេង អនុប្រធាន​ប្រចាំ​សមរភូមិ​ទិស​ទី១ នៃ​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ បាន​គូសបញ្ជាក់ថា ភាគី​ថៃ​មិន​គោរព​តាម​ការ​ឯកភាពគ្នា រវាង​ថ្នាក់ដឹកនាំ​កងទ័ព​គ្រប់​លំដាប់ថ្នាក់​នៃ​ប្រទេស​ទាំងពីរ ដែល​បានសម្រេច​មិន រុលចូល ឬ​មិន​ពង្រីក​ទីតាំង​ឈរជើង។

ឧ​ត្ត​ម​សេនីយ៍​ទោ ផាត សុ​ផេង បានទាមទារ​ឱ្យ​ភាគី​ថៃ រុះរើ លួស​បន្លា​នោះ​ចេញ ដើម្បី​រក្សា​ស្ថានភាព​ដើម មុន​ការ​អនុវត្ដ​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ដែល​ចុះ​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ទាក់ទង​នឹង​បណ្ដឹង​របស់​កម្ពុជា ដែល​ស្នើឱ្យ​តុលាការ​បកស្រាយ​សាលដីកា​ឆ្នាំ១៩។

សកម្មភាព​របស់​ទាហាន​ថៃ​ខាងលើនេះ​បានកើត​ឡើង ក្រោយ​ពេលដែល​យោធា​ថៃ​បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់​របស់ខ្លួន ហើយ​ឡើង​គ្រប់គ្រង​អំណាច​ដោយ​ខ្លួនឯង។ ការណ៍​នេះ​បង្កឱ្យមាន​ក្តីបារម្ភ​ថា នឹងមាន​ភាព​តាង​តឹង​ជាថ្មី​រវាង​កម្ពុជា នឹង​ថៃ ក្នុង​ជម្លោះព្រំដែន ត្បិត​មេដឹកនាំ​រដ្ឋប្រហារ​នោះ​គឺជា​អ្នក​ប្រឆាំងនឹង​កម្ពុជា ដែល​ចុះឈ្មោះ​ប្រាសាទព្រះវិហារ ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ។ ការប្រឆាំង​នោះបាន​បង្កឱ្យមាន​ការផ្ទុះ​អាវុធ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពី កាលពី​ឆ្នាំ២០។

រហូតមកដល់​ព្រឹក​ថ្ងៃអាទិត្យ​នេះ ទាហាន​ថៃ​មិនទាន់បាន​រើ​លួស​បន្លា​របស់ខ្លួន តាម​ការទាមទារ​រប​ស់​កម្ពុជា​នៅឡើយ​ទេ៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ