អានតួអត្ថបទ
កម្ពុជា

ពលករ​​អាច​​រក​ការ​ធ្វើ​នៅ​មជ្ឈមណ្ឌល​ការងារ​ថៃ ​ស្រប​ពេល​អាជ្ញាធរ​ខ្មែរ​​​កំពុង​​សម្រួល​

"បណ្តេញចេញ​ដើមខែ ហៅ​ទៅវិញ​ចុងខែ" នេះ​បើ​យោងតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​​សារព័ត៌មាន​កម្ពុជា AKP ដែល​ប្រាប់​នៅ​ថ្ងៃ​សុក្រ​ថា ខេត្ត​៤​​របស់​ថៃ​បាន​បើក​មជ្ឈមណ្ឌល​​ការងារ​ចំនួន៥ ដើម្បីឱ្យ​ពលករ​កម្ពុជា​អាច​ស្វែងរក​មុខរបរ​លើទឹក​ដី​ថៃ បាន​ស្រួល។ នៅ​ខាង​កម្ពុជា​ឯណេះ​វិញការ​​ជ្រោម​ជ្រែង​​ពលករ​ខ្មែរ ឱ្យ​អាច​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ដោយ​ស្របច្បាប់ ក៏​ប្រព្រឹត្តទៅ​ស្របគ្នា​ដែរ។ ការណ៍​នេះ​កើតឡើង​ក្រោយពី​ការ​បណ្តេញ​ពលករ​ខុសច្បាប់​ចេញ​ទាំង​តក់ក្រហល់​ក្នុង​ខែ​នេះ ធ្វើឱ្យសហគ្រាស​ថៃ​ខ្វះ​កម្មករ​ខ្លាំង។

ពលករខ្មែរខុសច្បាប់ ពេលអាជ្ញាធរយោធាថៃបញ្ជួនមកដល់ច្រកប៉ោយប៉ែត
ពលករខ្មែរខុសច្បាប់ ពេលអាជ្ញាធរយោធាថៃបញ្ជួនមកដល់ច្រកប៉ោយប៉ែត @Facebook
ផ្សាយពាណិជ្ជកម្ម

ខេត្ត​សុរិន្ទ ខេត្ត​ចន្ទ​បុរី ខេត្ត​ស្រះកែវ និង​ខេត្ត​ត្រាត​របស់​ថៃ ដែល​ស្ថិត​នៅជាប់​នឹង​ព្រំដែន​កម្ពុជា បាន​បើក​មជ្ឈមណ្ឌល​ការងារ​ចំនួន៥កន្លែង ដើម្បី​ចុះឈ្មោះ និង​ចងក្រង​ចំណាប់រ​ម្មណ៍​របស់​​​ពល​ករ​​​​កម្ពុជា​ ​ទុកឱ្យ​ថៅកែ​ថៃ​ជ្រើសរើស​ដោយផ្ទាល់។ នេះ​បើតាម​របាយការណ៍​ម្សិលមិញ​​​របស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP ដែល​បាន​ស្រង់​សម្ដី​របស់​អភិបាលខេត្ត​ស្រះកែវ ឈ្មោះ ប៉ាក់កា​រ៉ា​ថន ទៀន​ចៃ (Pakkarathorn Teanchai) មក​បន្ថែមថា ការបើក​មជ្ឈមណ្ឌល​ការងារ​ទាំងនេះ​គឺ​ដើម្បី​សម្រួល​ឱ្យ​ពលករ​ខ្មែរ​អាចដាក់​ពាក្យ​រក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​ថៃ។

ការរៀបចំ​បែបនេះ​នៅ​ខាង​ភាគី​ថៃត្រូវបាន​គេ​មើលឃើញថា គឺ​ដោយសារ​សហគ្រាស​ថៃ​កំពុង​កំពុង​ត្រូវការ​កម្លាំង​ពលកម្ម​យ៉ាងច្រើន បន្ទាប់ពី​រដ្ឋាភិបាលយោធា​ថៃ​បច្ចុប្បន្ន បាន​ចាប់​ប្រមូល​ពលករ​ខុសច្បាប់​បរទេស បញ្ជូនទៅ​ស្រុកកំណើត​វិញ ហើយ​ក្នុងចំណោម​នោះ ពលករ​ខ្មែរ​២សែន​៥ម៉ឺន​នាក់​ បាន​ចាក​ចេញពី​ប្រទេស​ថៃ​ តាំងពីដើម​ខែមិថុនា​នេះ។

នៅ​ខាង​កម្ពុជា​ឯណេះ​វិញ រដ្ឋាភិបាល​បាន​បញ្ចុះតម្លៃ​ធ្វើលិខិត​ឆ្លងដែន​ឱ្យនៅ​ត្រឹមតែ១ម៉ឺន​៦ពាន់​រៀល ឬ៤ដុល្លារ និង​បានកំណត់​តម្លៃ​សរុប​មិន​ដល់២០ម៉ឺន​រៀល​ផង ពោលគឺ​ត្រឹមតែ​៤៩ដុល្លារ​ប៉ុណ្ណោះ ដើម្បី​សម្រួល​ឱ្យ​ពលករ​ខុសច្បាប់​ទាំងនោះ អាច​ត្រឡប់​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ ដោយ​ស្របច្បាប់ តាមរយៈ​ទីភ្នាក់ងារ​នាំ​ពលករ​ចេញ។ ក្រសួង​ការងារ​បាន​សម្រេច​​ដូចនេះ ទន្ទឹមនឹង​ការប្រឹងប្រែង​ផ្សព្វផ្សាយ​ឱកាស​ការងារ​ក្នុងប្រទេស ចំនួន​តែ១ម៉ឺន៦ពាន់​កន្លែង សម្រាប់​ពលករ​ចំណាកស្រុក​ជ្រើសរើស។

នៅ​កម្ពុជា ពលករ​ខ្វះ​ការងារ​ធ្វើ នៅ​ថៃ សហគ្រាស​ខ្វះ​ពលករ​ធ្វើការ។ ស្ថានភាព​នេះ​បាន​បង្ខិត​​រដ្ឋាភិបាល​ក​ម្ពុ​ជា និង​រដ្ឋាភិបាលយោធា​ថៃ​ឱ្យ​ជិតគ្នា ក្នុងការ​ដោះស្រាយ​បញ្ហា​ពលករ។ ឥឡូវ ពលករ​ខ្មែរ ដែល​បាន​ឆ្លងដែន​មក​កម្ពុជា​វិញ មាន​ជំរើស​​កាន់តែច្រើន៖ នៅ​ធ្វើការ​ក្នុង​ប្រទេស? ត្រឡប់​ទៅ​ថៃ​វិញ​ដោយ​ស្របច្បាប់ និង​ចំណាយ​តិច? បើ​ទៅ តាមរយៈ​ក្រុមហ៊ុន​នៅ​កម្ពុជា ឬ​តាមរយៈ​មជ្ឈមណ្ឌល​ការងារ ដែល​ថៃ​ទើប​បង្កើត​នៅតាម​ព្រំដែន?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ