អានតួអត្ថបទ
កម្ពុជា

រដ្ឋសភា មាន​គម្រោង​ជម្រុះ​បុគ្គលិក​

ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស នៃ​រដ្ឋសភា នៅ​ថ្ងៃ​ទី​១១​វិច្ឆិកា​នេះ បាន​បើក​វេទិកា​ប្រចាំ​ខែ​ក្នុង​ទំនាក់​ទំនង​រដ្ឋសភា និង​អ្នក​សារព័ត​មាន នៅ​ឯ​វិមាន​រដ្ឋសភា។ លោក ឈាង វុន សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា បាន​គូស​បញ្ជាក់​ថា សភា នឹង​បន្ត​ជំរឿន​សមាស​ភាព​ ក្នុង​សភា ដើម្បី​ស្វែង​រកបុគ្គលិក​មាន​សមត្ថភាព អសមត្ថភាព និងបុគ្គលិក ដល់​អាយុ​ចូល​និវត្ត​ជាដើម។ ដែល​នេះ​ជា​កិច្ចការ​ជំហាន​ទី​២ របស់រដ្ឋសភា។

លោក​ ឈាង​ វុន​ ធ្វើ​សន្និ​សិទ​កា​សែត​ កាលពីថ្ងៃ​ទី​១​៨​ ខែ​ក​ក្ដដា​ ២០១៤​។​
លោក​ ឈាង​ វុន​ ធ្វើ​សន្និ​សិទ​កា​សែត​ កាលពីថ្ងៃ​ទី​១​៨​ ខែ​ក​ក្ដដា​ ២០១៤​។​ RFI
ផ្សាយពាណិជ្ជកម្ម

រដ្ឋសភាជាតិ ដែល​សំពីង​សំពោង​នា​ពេល​បច្ចុប្បន្ន​នេះ នឹង​ត្រូវ​ធ្វើ​ជំរឿន​ជា​ជំហាន​លើក​ទី​២ ដើម្បី​រិះរក​បុគ្គលិក ដែល​មាន​សមត្ថភាព និង​គ្មាន​សមត្ថភាព​ធ្វើ​ការ រួម​ទាំង​បុគ្គលិក​ដល់​អាយុ​ចូល​និវត្តន៍​ជា​ដើម។ ហើយ​កិច្ចការ​នេះ ត្រូវ​តែ​ធ្វើ​ឱ្យ​ជាក់​ស្តែង។ នេះ​ជា​ការ​បញ្ជាក់​ពី​លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស និង​ព័ត៌មាន​របស់​រដ្ឋសភា នៅ​ថ្ងៃ​អង្គារ​ទី​១១ វិច្ឆិកា​នេះ។

លោក ឈាង វុន បាន​ទទួល​ស្គាល់​ថា​បុគ្គលិក​របស់​រដ្ឋសភា ដែល​បច្ចុប្បន្ន​មាន​ជាង ១ពាន់​៣​រយ​នាក់នោះ គឺ​ជា​ចំនួន​ដ៏​ច្រើន ហើយ​បុគ្គលិក​មួយ​ចំនួន ពិត​ជា​មិន​គោរព​ពេល​វេលា​ការងារ​ច្បាស់លាស់​នោះទេ។ ដែល​នេះ​ជា​កង្វល់​ធំ​មួយ​របស់​រដ្ឋសភា។ តំណាង​រាស្ត្រ​មណ្ឌល​បាត់ដំបង​មក​ពី​គណបក្ស​កាន់អំណាច​រូប​នេះ បាន​បញ្ជាក់​ថា ដើម្បី​អាច​ជម្រុះ​មន្ត្រី ដែល​អសកម្ម​មួយ​ចំនួន​នោះ​បាន រដ្ឋសភា​ជាតិ ត្រូវ​តែ​មាន​គោលការណ៍ ជា​នយោបាយ​មួយ ដើម្បី​ផ្តល់​ជា​ថវិកា​សម្រាប់​ផ្តល់​ជូន ដល់​អ្នក​ដែល​ស្ម័គ្រចិត្ត​ចេញ និង​អ្នក​ដែល​ចូល​និវត្តន៍​ឱ្យ​បាន​ច្បាស់លាស់។

ជា​គោល​នយោបាយ ដែល​អាច​ប្រើ​រូបមន្ត​ផ្តល់​ប្រាក់បៀវត្ស​ចំនួន​៨០% ក្នុង​រយៈពេល​១០​ខែ​ជា​ដើម។ ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា​នេះ បាន​ឱ្យ​ដឹង​ថា ក្នុង​អាណត្តិ​ទី​៤​កន្លង​ទៅ​សភា បាន​ជម្រុះ​បុគ្គលិក​ប្រមាណ​ជា​២០០​នាក់​ហើយ​ចេញ​ពី​សភា។

មូលហេតុ ដែល​សភា​កម្ពុជា មាន​សមាសភាព​សំពីង​សំពោង​បែប​នេះ គឺ​ដោយ​សារ​តែ​នយោបាយ​បង្រួប​បង្រួម​ជាតិ កាល​ពី​ឆ្នាំ​១៩៩៣ របស់​អ្នក​នយោបាយ​កម្ពុជា ដែល​បាន​ច្របាច់​បញ្ចូល​គ្នា​គ្រប់​និន្នាការ និង​មិន​បាន​គិត​ពី​គុណភាព​នៃ​បុគ្គលិក ដែល​បញ្ចូល​មក​នោះ​ទេ។ នេះ​បើ​តាម​លោក​ឈាង វុន ដដែល។

ក្នុង​សន្និសីទ​សារព័ត៌មាន​រយៈពេល​ប្រមាណ​ជិត ២​ម៉ោង នៅ​ព្រឹក​ក្រៅ​ពី​ការ​លើក​ឡើង​ពី​ជំរឿន​របស់សភា ដើម្បី​ជម្រុះ​បុគ្គលិក​នេះ លោក​ឈាង វុន ក៏​បាន​ឆ្លើយ​សំនួរ​អ្នក​សារព័ត៌មាន​ទាក់ទង​នឹង​អំពើ​បក្ខពួក​និយម​នៃ​គ្រួសារ​អគ្គលេខាធិការ​រង​រដ្ឋសភា លោក មិត្ត ការ៉េន​ផង​ដែរ។

យ៉ាង​ណា​ក៏​ដោយ ការ​ប្រកាស​ធ្វើ​ជំរឿន​ជម្រុះ​បុគ្គលិក​បែប​នេះ គឺ​ស្រប​ពេល​ដែល​តំណាង​រាស្ត្រ​សភា គណបក្ស​ប្រឆាំង​លោក សុន ឆ័យ បាន​សរសេរ​លិខិត​ទៅ​កាន់​ប្រធាន​រដ្ឋសភា កាល​ពី​ពេល​ថ្មី​ៗ​នេះ ឱ្យ​បើក​ការ​ស៊ើប​អង្កេត​រឿង​បុគ្គលិក​ដ៏​ច្រើន​លើស​លុប និង​បក្ខ​ពួក​និយម រួម​ទាំង​អំពើ​ពុក​រលួយ ក្នុង​សភា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ