អានតួអត្ថបទ
កម្ពុជា

ការ​ជួបជុំ​​តវ៉ា​​របស់​​លោកស្រីឡាក់ ​សុភាព ​រង​​ការ​រំខាន​

ការជួបជុំ​​របស់​លោក​ស្រី​​ឡាក់ សុភាព ​និង​​អ្នកគាំទ្រ​​របស់​លោក​ស្រី​​ប្រមាណ​២០​នាក់​​នៅ​​ពី​មុខ​​ទីស្នាក់ការ​​កណ្តាល​​គណបក្ស​សង្គ្រោះ​ជាតិ​​នៅ​​ព្រឹក​​ថ្ងៃ​​ព្រហស្បតិ៍​​នេះ​​មិន​​ទទួល​បាន​​ជោគ​ជ័យ​​នោះ​ទេ​។ ​ប្រជាពលរដ្ឋ ​និង​​សកម្មជន​​គណបក្ស​សង្គ្រោះ​ជាតិ​​មួយចំនួន​ បាន​មក​​រំខាន​​ការ​ជួបជុំ​​តវ៉ា​​នោះ ​។ ​ភ្លាមៗ ​លោក​ស្រី​​ឡាក់ សុភាព ​បាន​ប្រកាស​​ផ្អាក ​និង​​បំបែក​​ការ​ជួបជុំ​។ ​មន្ត្រី​ជាន់ខ្ពស់​​គណបក្ស​​សង្គ្រោះ​ជាតិ​ បាន​​អះអាងថា​ ការ​រំខាន​​នោះ​​មិន​មែន​ជា​​ការ​រៀបចំ​​រប​​ស់​​គណបក្ស​​នោះ​ទេ។​  

លោកស្រីឡាក់ ​សុភាព ​រង​ការ​រំខាន​ពី​សំណាក់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្នុង​អំឡុង​ធ្វើ​ការ​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​ទី​០១​ ​ខែ​​មករា ​ឆ្នាំ​២០១៥​
លោកស្រីឡាក់ ​សុភាព ​រង​ការ​រំខាន​ពី​សំណាក់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្នុង​អំឡុង​ធ្វើ​ការ​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​ទី​០១​ ​ខែ​​មករា ​ឆ្នាំ​២០១៥​ RFI/ សហការី
ផ្សាយពាណិជ្ជកម្ម

ក្រោយពី​ជួបជុំគ្នា​មិនទាន់បាន​ប្រមាណ​មួយ​ម៉ោង​ស្រួលបួល​ផង លោកស្រី​ឡាក់ សុភាព​និង​អ្នកគាំទ្រ​របស់លោក​ស្រី​ត្រូវបាន​រំខាន​ដោយ​ក្រុម​ប្រជាពលរដ្ឋ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ស្រប​ពេលដែល​លោកស្រី​កំពុង​រៀបចំ​ធ្វើការ​តវ៉ា​នៅ​ពីមុខ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ។ ជាការ​តវ៉ា​ទៅនឹង​សេចក្តីសម្រេច​របស់​គណៈ​ក​ម្មា​ធិ​ការ​វិន័យ​ដែល​បាន​បណ្តេញ​លោកស្រី​ចេញពី​គណបក្ស បន្ទាប់ពី​លោកស្រី​បាន​បរិហារ​ពី​បញ្ហា​អំពើ​ពុក​រលួយ និង​ការបែកបាក់​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ចុង​សប្តាហ៍​មុន។

ប្រជាពលរដ្ឋ និង​សកម្មជន​ទាំងនោះ ហាក់​មាន​កំហឹង​យ៉ាងខ្លាំង​លើ​លោកស្រី​ឡាក់ សុភាព ដោយ​ខ្លះ​បាន​ប្រើប្រាស់​ពាក្យ​អសុរោះ រីឯ​មួយចំនួនទៀត​បានមក​តាម​ទារលុយ​ពី​លោកស្រី ដោយ​ពួកគេ​អះអាងថា លោកស្រី​ឡាក់ សុភាព បាន​ជំពាក់​ពួកគេ។ ចំណែក​មួយចំនួនទៀត បានមក​ជជីក​សួរ​លោកស្រី​ពី​រឿងរ៉ាវ​ដែល​លោកស្រី​បាន​បរិហារ​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​នេះ គឺជា​កា​រំខាន​មួយទៀត​ដល់​អ្នកសារព័ត៌មាន​ដែល​កំពុង​ធ្វើ​សន្និសីទ​ជាមួយ​លោកស្រី​ឡាក់ សុភាព។ ជាមួយគ្នា​នោះ ប្រជាពលរដ្ឋ​ម្នាក់​បាន​ឆក់យក​ទូរស័ព្ទ​មួយគ្រឿង​ពី​លោកស្រី​ឡាក់ សុភាព ដើម្បី​ជា​ថ្នូរ​នឹង​អ្វីដែល​គាត់​អះអាងថា លោកស្រី​ឡាក់ សុភាព បាន​ជំពាក់​លុយ​ថ្លៃ​កាត​ទូរស័ព្ទ​របស់គាត់​ចំនួន២០ ដុល្លារ។

បន្ទាប់ពី​រង​ការវាយប្រហារ​ដោយ​ពាក្យសម្តី​អសុរោះ​និង​កា​រំខាន​តាមរយៈ​ការ​តាម​មក​ទារលុយ​នោះ លោកស្រី​ឡាក់ សុភាព បានប្រកាស​ផ្អាក​ការជួបជុំ​តវ៉ា​នោះ ដើម្បី​បញ្ចៀស​ការកើតមាន​អំពើហិង្សា និង ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន។ លោកស្រី​បាន​ហៅ​ការរំខាន​នោះ គឺជា​ការរៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បង្ហាញ​ពី​ភាព​ផ្តាច់ការ​របស់​គណបក្ស​នេះ។ លោកស្រី​មានប្រសាសន៍ថា “ នេះ​គឺជា​រឿង​មួយ ការរារាំង​គឺជា​អំពើ​ផ្តាច់ការ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​តែម្តង ដោយសារ​ការរារាំង​នេះ​គេ​ខ្លាច​ខ្ញុំ​បញ្ចេញ​នូវ​សារព័ត៌មាន គឺ​ធាតុពិត​អ្វីដែល​គេ​បាន​ប្រព្រឹត្ត ហើយ​គេ​មិន​ឲ្យ​ខ្ញុំ​បញ្ចេញ​នូវ​សារព័ត៌មាន​ទេ​ហើយ​រាល់​សារព័ត៌មាន​ទាំង​អស់គេ​បាន​បំបិទ​សិទ្ធិសេរីភាព។

លោក​អ៊ូ ច័ន្ទ​ឫទ្ធិ ប្រធាន​គណៈកម្មាធិការ​វិន័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា លោក​មិន​បានដឹង​ពី​ការរំខាន​ការជួបជុំ​របស់លោក​ស្រី​ឡាក់ សុភាព​នោះទេ។ ជាមួយគ្នានេះ លោក​ក៏បាន​បដិសេធ​ផងដែរ​ថា ការរំខាន​នោះ មិនមែនជា​ការរៀបចំ​ទុក​មុន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះឡើយ។ លោក​អ៊ូ ច័ន្ទ​ឫទ្ធិ ថា “ យើង​អត់​ទៅ​មាន​រៀបចំអីចឹងៗទេ​បាទ ! យើង​អត់​ទៅធ្វើ​របៀប​ដែល​មិន​ថ្លៃថ្នូរ​អីចឹង​ទេ។ ខ្ញុំ​យល់ថា អ្នកណា​មិន​សប្បាយចិត្ត​ជាមួយ​គាត់ ឫ​គាត់​មិន​សប្បាយចិត្ត​ជាមួយ​អ្នកណា ហ្នឹង​ខ្ញុំ​អត់​ដឹង​ទេ ព្រោះ​អត់​បាន​ទៅ​រៀបចំ​ការរារាំង​គាត់​ធ្វើបាតុកម្ម​នោះទេ​បាទ! សកម្មជន ខ្ញុំ​មិនដឹងថា សកម្មជន​រូប​ណា​ទេ តែ​យើង​អត់​បាន​ទៅប្រាប់​សកម្មជន​ថ្នាក់​សង្កាត់ ថ្នាក់​ខណ្ឌ​ឲ្យ​ទៅ​រារាំង​គាត់ គឺ​អត់​គិតគូរ អត់​បាន​ទៅ​រៀបចំ​ទេ​បាទ ”។

យ៉ាងណាក៏ដោយ​លោកស្រី​ឡាក់ សុភាព បាន​លើកឡើងថា លោកស្រី​នឹង​មក​ប្រមូលផ្តុំ​តវ៉ា​នៅមុខ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​សាជាថ្មី តែ​លោកស្រី​មិន​បញ្ជាក់ថា ពេល​ណាមួយ​នោះទេ។ ទោះជា​បែបនេះ​ក្តី លោកស្រី​ឡាក់ សុភាព បាន​បញ្ជាក់ថា លោកស្រី​មិន​ចូលក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ឡើយ ហើយ​លោកស្រី​ក៏​មិនទាន់មាន​គម្រោង​ទៅ​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ផ្សេង​ណាមួយ​នោះដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ