ការពន្យារកំណើតគ្មានប្រសិទ្ធិភាព ជាកំហុសរបស់ស្ត្រី ?!
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៣៩
បច្ចុប្បន្ននេះ មានថ្នាំនិងមធ្យោបាយពន្យារកំណើត ច្រើនបែបច្រើនយ៉ាងណាស់ ៖ មានថ្នាំលេប កងដាក់ដៃ កងដាក់ក្នុងស្បូន ... ប៉ុន្តែទោះយ៉ាងដូច្នេះក្តីក៏អត្រាស្ត្រីមករម្លូតកូនមិនបានថយចុះទេ ! ហេតុអ្វីបានជាដូច្នេះ ? តើនេះមកពីមធ្យោបាយពន្យារកំណើតគ្មានប្រសិទ្ធិភាព ? ឬក៏មកពីការប្រើប្រាស់មធ្យោបាយនោះមិនត្រឹមត្រូវ ?
ទាំងខុសពេល ទាំងមិនត្រូវឱកាស ទាំងមិនបានប្រាថ្នា ការពារហើយនៅតែអាចមានកូនបានទៀត ! តើត្រូវធ្វើដូចម្តេច ? រក្សាទុក ឬរម្លូតចោល ? នេះហើយជាបញ្ហាដែលស្ត្រី មួយមួយចំនួនតែងព្រួយបារម្ភ និងខ្លាចបំផុត។ ដោយមិននិយាយអំពីការលើសលួស រំលងប្រពៃណី របស់យុវតីមួយចំនួន មានកូនដោយមិនប្រាថ្នាតែងតែត្រូវបានគេទម្លាក់កំហុសជាទូទៅទៅលើភាគីខាងស្រី និងចោទសួរអំពីប្រសិទ្ធិភាពនៃមធ្យោបាយពន្យារកំណើត។
សូមរំលឹកថា ការបង្កកំណើត អាចប្រព្រឹត្តទៅបានដោយមានភាគីពីរ ជាប់ពាក់ព័ន្ធ នោះគឺស្ត្រីនិងបុរស។ ដូច្នេះការពន្យារកំណើតបានសម្រេច និងប្រកបដោយប្រសិទ្ធិភាព ទាមទារការចូលរួមទាំងពីរភាគី។ ជាសារការពារស្ត្រីភេទ ក្រុមវេជ្ជបណ្ឌិត ចង់ឱ្យបុរស យុវជនជំនាន់ក្រោយចូលរួមយ៉ាងសកម្មពន្យារកំណើត។ ការយល់ដឹង និងបានទទួលព័ត៌មានគ្រប់គ្រាន់ ក្នុងកម្មវិធីគ្រួសារ មានកូនតាមក្តីប្រាថ្នា ក៏ជាចំណែកនិងភារៈមួយរបស់បុរសដែរ។
នៅក្នុងវេជ្ជសាស្ត្រ សូន្យហានិភ័យគ្មានទេ ឬនិយាយឱ្យស្រួលស្តាប់ គ្មានការព្យាបាលណាដែលធានាថាមានប្រសិទ្ធិភាព១០០%ឡើយ។ យ៉ាងណាមិញ ការពន្យារកំណើត ដោយវិធី ដាក់កង លេបថ្នាំ ប្រើស្រោមអនាម័យ ក៏ដូចគ្នា មិនអាចធានាយ៉ាងប្រាកដទប់ស្កាត់ការបង្កកំណើតបាន១០០%ដែរ។ តែគេអាចបញ្ជាក់បានថា ដាក់កងមានប្រសិទ្ធិភាពខ្ពស់មែនទែន និងខ្លាំងជាងការប្រើថ្នាំ។
ការធ្លោះធ្លោយ តែងតែអាចកើតមានបានគ្រប់ពេលវេលា ! ប៉ុន្តែអ្នកស្រីវេជ្ជបណ្ឌិតកាទ្រីន សូឡាណូ សុខចិត្តប្រើពាក្យថាខុសឆ្គង ជាជាងទម្លាក់កំហុសទៅលើប្រសិទ្ធិភាព ៖
ការរម្លូតកូន ដោយមូលហេតុពរពោះមិនតាមប្រាថ្នា
នៅប្រទេសបារាំង ការរម្លូតពាក់កណ្តាលបណ្តាលមកពីស្ត្រី ឬគូស្វាមីភរិយាការពារមិនជាប់។ 23%លេបថ្នាំពន្យារកំណើត 7%ពាក់កង 19% ពាក់ស្រោមអនាម័យ។ វិធីពន្យារកំណើតដូចយ៉ាងដាក់កងក្នុងស្បូន ជាមធ្យោបាយដ៏មានប្រសិទ្ធិភាពខ្ពស់ខ្លាំងមែនទែន ប៉ុន្តែនៅអាចមានភ្លាត់បាន ! អាចចាត់ទុកថាមកពីយើងគ្មានសំណាងក៏បាន។ អ្វីដែលយើងអាចចាត់ទុកជាកំហុសនៃការប្រើប្រាស់គឺ ការលេបថ្នាំ។ ស្ត្រីអាចភ្លេចលេប ! នៅពេលគ្មានថ្នាំ អូវ៉ុលរបស់ស្ត្រីដែលធ្លាប់ត្រូវបិទខ្ទប់ដោយថ្នាំអាចមានដំណើរការដូចប្រក្រតីឡើងវិញ ទើបមានការបង្កកំណើតឡើង។ ក្នុងករណីបិទប៉ាច់នៅដៃក៏ដូចគ្នា បើដល់ពេលប្តូរហើយ មិនប្តូរ នោះអូវុលនឹងមានសកម្មភាពតាមបែបធម្មជាតិ នៅពេលជួបមេជីវិតបុរស ត្រូវតែបង្កកំណើតបាន។ សូមចងចាំថា រយៈពេលដែលស្ត្រីងាយភ្លេចបំផុត គឺមួយសប្តាហ៍ដំបូងនៃការផ្តើមបន្ទះថ្នាំថ្មី ឬប៉ាច់ថ្មី។ ហើយការភ្លេចមួយអាទិត្យដំបូងនេះ ធ្វើឱ្យមានគ្រោះពរពោះខ្លាំងបំផុត។
ការភ័ន្តច្រលំ
គូស្រកខ្លះយល់ថា រួមរក្សនៅពេលស្ត្រីកំពុងធ្លាក់រដូវ នឹងមិនបង្កឱ្យមានកូនទេ ! នេះជាការយល់ឃើញដែលមិនត្រឹមត្រូវទាល់តែសោះ។ ស្ត្រីអាចមានកូនទាំងក្នុងពេល មុនពេល និងក្រោយពេលមានធ្លាក់រដូវ។ ចូរកុំគិតថា ការរួមដំណេកលើកទីមួយ គ្មានកូនឱ្យសោះ ! មិនទាន់មានធ្លាក់រដូវ ក៏អាចមានកូនបានដែរ ដូច្នេះចូរយុវតីកុំសាកល្បងឱ្យសោះ និងសូមផ្តល់សារនេះឱ្យបានទូលំទូលាយបំផុត។ នាងគ្មានរដូវ នៅថ្ងៃរួមរក្សមែន ប៉ុន្តែនរណាទៅដឹងថានៅ១៥ថ្ងៃទៀត មេជីវិតត្រូវទុំជ្រុះ និងមានខែជាលើកដំបូង។ វិលមកនិយាយអំពីករណីស្ត្រីមានគូស្រករជាទូទៅ ដែលធ្លាក់ខ្លួនមានកូនវិញ ទាំងមានកម្មវិធីពន្យារកំណើតវិញ ៖ ថ្ងៃដែលស្ត្រីមានអារម្មណ៍ខ្លាំង ជាថ្ងៃដៃអូវុលកំពុងពេញក្បាលទឹក ដូច្នេះការរាប់ថ្ងៃដែលស្វាមីភរិយាមួយចំនួន ប្រើសម្រាប់វិធីពន្យារកំណើតវិញ ថាចូលដល់ថ្ងៃទី ១៤ហើយអាចគេងជាមួយគ្នាបានដោយគ្មានព្រួយពីការបង្កកំណើត នោះពិតជាគ្រោះថ្នាក់ហើយ។ ការរាប់ថ្ងៃគ្មានប្រសិទ្ធិភាពទេ ព្រោះគេមិនអាចទស្សទាយ ឬកំណត់ពេលម៉ោងអូវុលទុំបានទេ។ គេអាចដឹងបានក្រោយ ពេលរួមរក្សរួច ដូច្នេះវាយឺតពេលបាត់ទៅហើយ។ មិនតែប៉ុណ្ណោះស្ត្រីអាចស្ថិតក្នុងស្ថានភាពមានកូនបាន ជាច្រើនថ្ងៃមុនការធ្លាក់អូវុល។ រួមរក្សពេលមានរដូវក៏ អាចមានកូនដែរ ព្រោះមេជីវិតបុរស ស្ពែម៉ាតូហ្សូអ៊ីត មិនមែនរស់តែពីរបីនាទីឯណា។ រយៈពេលដែលគេសង្កេតឃើញជាទូទៅគឺស្ពែម៉ាតូហ្សូអ៊ីតមានអាយុវែងបំផុតពី ៥ទៅ៧ថ្ងៃ។ ហើយបើក្នុងពេល៥ទៅ៧ ថ្ងៃនេះជារយៈពេលមុនមេជីវិតញីទុំ នោះនឹងមានការបង្កកំណើតហើយ។ ជាសរុបមួយភាគបួននៃការរួមរ័ក្សសុទ្ធតែមានគ្រោះ ឬសំណាងមានកូនទាំងអស់។
តើអ្នកប្រើស្រោមអនាម័យបានត្រឹមត្រូវដែរឬទេ ?
១៩%នៃការរម្លូតកូន គឺជាដៃគូដែលមានការការពារដោយប្រើស្រោមអនាម័យ។ តើនេះបណ្តាលមកពីអ្វី ? គួរឱ្យសោកស្តាយនេះមិនមែនមកពីប្រសិទ្ធិភាពនៃស្រោមអនាម័យទេ តែមកពីភាគច្រើន ប្រើប្រាស់មិនបានត្រឹមត្រូវ ជាពិសេសយុវជនក្មេងៗ។ កំហុសទីមួយ និងដែលមានជួបប្រទះច្រើនជាងគេ គឺមិនពាក់ស្រោមអនាម័យ តាំងពីដើមដល់ចប់។ ប្តីប្រពន្ធ ឬដៃគូច្រើនមាននិន្នាការពាក់ស្រោមនៅពេលដែលបុរសឡើងដល់កំរិតកំពូល ហៀបចេញទឹកតែប៉ុណ្ណោះ ! នេះហើយជាគ្រោះថ្នាក់ធំ ព្រោះសូមចងចាំថា ស្ពែម៉ាតូហ្សូអ៊ីត អាចមានការធ្លាយហូរចេញមកជាមួយទឹករំអិលបុរស និងពេលខ្លះបុរសមិនអាចទប់បាន រត់ទៅពាក់ស្រោមមិនទាន់ឡើយ។ ប្រសិនបើជ្រុលជ្រួសដូច្នេះហើយ ចូរនឹកឃើញរកប្រើថ្នាំពន្យារកំណើតមួយថ្ងៃភ្លាម។
កំហុសទីពីរ គឺមកពីពាក់ស្រោមមិនត្រឹមត្រូវ មិនទុកឱ្យមានសល់ខ្យល់នៅចន្លោះខាងចុងស្រោមបន្តិច។ ប្រសិនអ្នកមិនច្បិចច្របាច់ ចុងស្រោមឱ្យសល់ចន្លោះទំនេរសម្រាប់ទទួលទឹកស្ពែម៉ាតូហ្សូអ៊ីតទេ នោះស្រោមអនាម័យអាចនឹងធ្លាយ មានន័យថាការពារដូចអត់ការពារ ជួនកាលទៀត ទឹកកាមអាចនឹងច្រាលហៀចេញមកតាមលើហូរក្នុងប្រដាប់ភេទស្ត្រីវិញដដែល។ ដូច្នេះការបង្កកំណើតនឹងអាចកើតមាន។
ជាចុងក្រោយ និងជាទូទៅសម្រាប់ដៃគូក្មេងៗ ក្រោយការរួមភេទហើយ ចេញទឹកអស់មែន ប៉ុន្តែមិនទាន់អស់អាល័យ ផ្នែកបុរសចង់ ឬស្ត្រីចង់នៅត្រាំបបោសអង្អែលគ្នាតទៀត ជារឿងធម្មតាសម្រាប់ជីវិតស្នេហា ប៉ុន្តែបើបុរសមិនឆាប់ដកភ្លាមទេ លិង្គចាប់ផ្តើមស្រកចុះធ្វើឱ្យរលុងស្រោម ទឹកកាមក្នុងស្រោមអាចហូរអណ្តែតតាមចិត្ត។ មេជីវិតឈ្មោលអាចជួបមេជីវិតញីបាន បង្កបង្កើតជាជីវិតថ្មីមួយទៀតបានយ៉ាងងាយ។
សូមចងចាំថា បើវ័យកាន់តែក្មេង ដៃគូកាន់តែមានលទ្ធភាពខ្លាំងក្នុងការបង្កកំណើត ប្រសិនប្រើស្រោមអនាម័យមិនត្រឹមត្រូវ។ ស្ត្រីអាយុ១៨ឆ្នាំ ងាយមានកូនជាងស្ត្រីអាយុ២៥ឆ្នាំ និងជាងស្ត្រីអាយុ៣០ឬ៤០ឆ្នាំឆ្ងាយណាស់។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ