អានតួអត្ថបទ
កម្ពុជា

ស្ថានទូតបារាំង​បើកទ្វារ​​ទទួល​សាធារណជន​ដើម្បី​ចូល​រួម​រំលឹក​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​ បន្ទាប់​ពី​វត្តមាន​ដំបូង​គេ​របស់​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​

ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា បាន​បើកទ្វា​ជា​សាធារណៈ​ដើម្បី​ទទួល​សាធារណជន ដែលមាន​បំណង​ចូល​សម្តែង​នូវ​ការរំលែក​ទុក្ខ​ពី​គ្រួសារ​ជនរងគ្រោះ​ដោយសារ​ភេរវកម្ម​ដ៏​ឃោរឃៅ​នៅ​ទីក្រុង​ប៉ារីស។ នៅ​ចន្ទ ទី១៦ ខែវិច្ឆិកា​នេះ ក្រៅពី​លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ប្រមុខ​ដឹកនាំ​កំពូល​កម្ពុជា តំណាង​កង​ទព័ និង​រដ្ឋសភា ព្រមទាំង​តំណាង​គណបក្ស​ប្រឆាំង ក៏​នឹង​ចូលទៅ​ស្ថានទូត​បារាំង​ដើម្បី គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ផងដែរ។ រហូត​មក​ដល់​​ពេលនេះ ពុំទាន់​មាន​របាយការណ៍​ផ្លូវការ​ថា​គ្មាន​ជនរងគ្រោះ​ជនជាតិខ្មែរ​នៅក្នុង​ភេរវកម្ម​នៅ​ប៉ារីស​នៅឡើយ​ទេ។

ការរំលឹកវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងភេរវកម្ម នៅទីក្រុងប៉ារីស
ការរំលឹកវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងភេរវកម្ម នៅទីក្រុងប៉ារីស AFP PHOTO / JOEL SAGET
ផ្សាយពាណិជ្ជកម្ម

លោក ហ៊ុន សែន  នាយករដ្ឋមន្ត្រី​កម្ពុជា រួម​ជាមួយនឹង​លោកស្រី​ប៊ុន រ៉ានី ភរិយា​របស់លោក ក្នុងនាម​ជា​តំណាង​កាកបាទក្រហម កម្ពុជា នា​ព្រឹក​នេះ​បាន​ចូល ទៅ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដោយសារ​ភេរវកម្ម៦កន្លែង​មិន​ធ្លាប់​មាននៅ​ទីក្រុង​ប៉ារីស។ នៅក្នុង​សៀវភៅ​រំលែក​ទុក្ខ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា​បំផុត​ចំពោះ​ការវាយប្រហារ​ភេរវកម្ម ហើយ លោក​ក៏​សូម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ព្រមទាំង​សំដែង​នូវ​សាមគ្គីភាព ជាមួយនឹង រដ្ឋាភិបាល និង​ប្រជាជន​បារាំង។

លោក ទឹង សុខ​លីម មន្ត្រី​ពត៌មាន​របស់​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​បាន​អោយដឹងទៀតថា នៅ​រសៀល​នេះ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​រួមមាន​ដូចជា​តំណាង​រដ្ឋសភា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ តំណាង​កងទព័​មួកខៀវ​កម្ពុជា និង​តំណាង​គណបក្ស​សង្គ្រោះជាតិ នឹង​ចូលមក​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ។

ក្រៅពី​ថ្នាក់ដឹកនាំសំខាន់ៗនៅ​កម្ពុជា លោក ទឹង សុខលីម បាន​បញ្ជាក់ថា ស្ថានទូត​បារាំង​ក៏បាន​បើកទ្វារ​ជូន​ដល់ សាធារណជន​ទូទៅ ដើម្បី ចូលរួម​សរសេរ​សារ​រំលែក​ទុក្ខ ឬ​ដាក់​កម្រងផ្កា នៅ​ស្ថានទូត​បារាំង​ផងដែរ គឺចាប់​ពី​ពេលនេះ​រហូតដល់ ល្ងាច​ថ្ងៃទី១៧ ខែវិច្ឆិកា ។

លើសពីនេះ ដើម្បី​រំលឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ស្ថានទូត​បារាំង វិទ្យាស្ថាន​បារាំង និង សមាគម​បារាំង​នៅ​កម្ពុជា នឹង​រៀបចំ​ការជួបជុំ​មួយ​នៅ វិទ្យាស្ថាន​បារាំង​នៅ​ថ្ងៃទី១៧ ខែវិច្ឆិកា នា​ម៉ោង5និង30នាទី​ល្ងាច​នៅ​វិទ្យាស្ថាន​បារាំង។ ស្ថានទូត​បារាំង​ក៏បាន​ប្រកាស​អញ្ជើញ​សាធារណជន ទាំងឡាយ​ទៅ​ចូលរួម​ការជួបប្រជុំ​នោះ​ដែរ។

សូមបញ្ជាក់ថា នៅក្នុង​អំពើ​ភេរវកម្ម​ដ៏​សាហាវ​មិន​ធ្លាប់មាន ចំនួន៦កន្លែង នៅ​ក្រុងប៉ារីស កាលពី​ថ្ងៃ​សុក្រ​ទី1៣​ខែវិច្ឆិកា ថ្ងៃ​អពមង្គល​នេះ បាន​បណ្តាលអោយមាន​អ្នកស្លាប់​យ៉ាង​ហោចណាស់១២៩ នាក់ និង​របួស​ជាង៣៥០នាក់។ក្នុងចំណោម៦កន្លែង មាន​មួយកន្លែង​ជា​ហាង​អាហារ​កម្ពុជា ។ នៅ​ទីនោះ​មិនមាន​ជនជាតិខ្មែរ​ណា​រងគ្រោះ​ទេ។យ៉ាងណាក៏ដោយ​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​បាន​បញ្ជាក់ប្រាប់​វិទ្យុ​បារាំង​នៅ​ព្រឹក​ថ្ងៃទី១៦ខែវិច្ឆិកា​នេះថា លោក​ពុំទាន់​ទទួល​បាន​របាយការណ៍​ផ្លូវការ​បញ្ជាក់ថា​គ្មាន​ជនរងគ្រោះ​ជនជាតិខ្មែរ​នៅឡើយ​ទេ ហើយ​ពេលនេះ​មន្ត្រី​ស្ថានទូត​ខ្មែរ​កំពុង​បន្ត​តាន​ដាន​ជាមួយនឹង​អាជ្ញាធរ​បារាំង​នៅ​គ្រប់កន្លែង​កើតហេតុ។ រហូតមកដល់​ពេលនេះ​របាយការណ៍​បានអោយដឹងថា​មាន ជនបរទេស​ចំនួន១៤ជនជាតិ បាន​ឋិត​នៅក្នុង​ចំណោម​អ្នកស្លាប់​នៅក្នុង​ភេរវកម្ម​នាទី​ក្រុងប៉ារីស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ