អានតួអត្ថបទ
កម្ពុជា-អាមេរិក

កងទ័ព​ជើងទឹក​អាមេរិក​​និង​កម្ពុជា​​ផ្តើ​ម​សមយុទ្ធ​រួមគ្នា​​​នៅ​សមុទ្រ​កម្ពុជា​

កង​ទ័ព​ជើង​ទឹក​សហរដ្ឋអាមេរិក​ និង​កង​ទ័ព​ជើង​ទឹក​កម្ពុជា ​តាំង​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា​ម្សិលមិញ ​បាន​ចាប់​ផ្តើម​លំហាត់​សមយុទ្ធ​ប្រចាំឆ្នាំ​លើក​ទី​ ៦​ ស្តីពី​ការ​ហ្វឹកហ្វឺន​ និង​សហប្រតិបត្តិការ​ត្រៀម​ជា​ស្រេច​លើ​ផ្ទៃ​ទឹក​ ហៅ​កាត់​ថា ​CARAT។ ​សមយុទ្ធ​ ដែល​មាន​រយៈពេល​ ៥​ថ្ងៃ​នេះ ​បាន​នឹង​​កំពុង​ធ្វើ​ឡើង ​នៅ​លើកំ​ពង់ផែ ​និង​នៅ​លើ​សមុទ្រ​ នៃ​មូលដ្ឋាន​ជើង​ទឹក​រាម​ ក្នុង​ខេត្ត​ព្រះសីហនុ ​នៃ​ប្រទេស​កម្ពុជា។ ភាគី​អាមេរិក ​និង​កម្ពុជា ​អះអាង​ថា​ សមយុទ្ធនេះ​ ជា​ការ​ពង្រឹង​សមត្ថភាព​កងទ័ព ក៏​​​ដូចជា​​បន្ត​​ធ្វើ​​ឲ្យ​​មាន​​ភា​ពជឿនលឿន ​ក្នុង​ការ​ហ្វឹក​ហាត់ ​ដោះស្រាយ​បញ្ហា​ប្រឈម។​

សមយុទ្ធ CARAT នោលើ​សមុទ្រនៃខេត្ត​ព្រះសីហនុ ប្រទេសកម្ពុជា។
សមយុទ្ធ CARAT នោលើ​សមុទ្រនៃខេត្ត​ព្រះសីហនុ ប្រទេសកម្ពុជា។ @CARAT
ផ្សាយពាណិជ្ជកម្ម

សមយុទ្ធ​ប្រចាំឆ្នាំ ​រវាង​កង​ទ័ព​ជើង​ទឹក​សហរដ្ឋអាមេរិក ​និង​កម្ពុជា​ ឈ្មោះ ​CARAT ​ឬ​ជា​ភាសា​អង់គ្លេស​ពេញ ​Cooperation Afloat Readiness and Training ​បាន​ចាប់​ផ្តើម​ក្នុង​ខេត្ត​ព្រះសីហនុ ​ចាប់​ពី​ថ្ងៃ​ទី​១៦​វិច្ឆិកា ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​២០​វិច្ឆិកា។ ​តាម​ការ​ឲ្យ​ដឹង​ពី​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ សម​យុទ្ធ​រយៈពេល ​៥​ថ្ងៃ​នេះ​ មា​នកា​រ​ចូល​រួម​ពី ​ពល​ទាហាន​ជើង​ទឹក​អាមេរិក​ និង​កម្ពុជា​ប្រហែល ​៥០​០នាក់។ ​ក្នុង​នោះ ​ក៏​មាន​ការ​ចូលរួម​ពី​ក្រុម​អ្នក​មុជ​ទៅ​ក្រោម​ទឹក ​និង​អង្គភាព​ជួយ​សង្រ្គោះ ​ក្រុម​ទាហាន​ប្រចាំ​តាម​តំបន់ឆ្នេរ​ ក្រុម​ទាហាន​ជាង​នៃ​កង​ទ័ព​ជើង​ទឹក​សហរដ្ឋអាមេរិក​ និង​ក្រុម​តន្រ្តី​របស់​កងនាវា​ទី​៧ នៃ​កង​ទ័ព​ជើង​ទឹក​អាមេរិក ​ផង​ដែរ។​

លំហាត់​សមយុទ្ធ​ទ្វេភាគី ​CARATនេះ ​ជា​មធ្យោបាយ​មួយ ​សម្រាប់​បង្កើន​កិច្ច​សហ​ប្រតិបត្តិ​ការ​​សន្តិសុខ ​លើ​លំហ​សមុទ្រ​ ជា​មួយ​កងទ័​ពជើ​ងទឹ​កក​ម្ពុជា។ ​លោក Charlie Williams ​មេ​បញ្ជា​កា​​រ​នៃក្រុម​ការងារ​ពិសេស​លេខ​៧៣ ​របស់​អាមេរិក ​បាន​ឲ្យ​ដឹង​ថា ​សមយុទ្ធ​នេះ ​ក៏​ដើម្បី​បន្ត​ធ្វើ​អោយ​មាន​ភាព​ជឿនលឿន​ជា​លំដាប់ ​ក្នុងការ​បង្កើន​ភាព​ស្មុគស្មាញ​នៃ​ការ​ហ្វឹកហ្វឺន​ និង​លើក​កំពស់ ​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​ជើង​ទឹក​របស់​ប្រទេស​ទាំង​ពីរ។​

សកម្មភាព​សមយុទ្ធ​ មាន​ទាំង នៅ​កំពង់ផែ ​និង​នៅ​លើ​ស​មុទ្រ។ នៅ​លើ​គោក​ បុគ្គលិក​យោធា ធ្វើការ​ហ្វឹកហ្វឺន​ ជា​ក់ស្តែង​ក្នុង​ការ​កាត់​បន្ថយ​ការ​ខូចខាត ​ការ​កំណត់​ផ្លូវ​នាវា ​ការ​ថែទាំ​អ្នក​ស្លាប់​ និង​អ្នក​របួស​ក្នុង​ការ​ប្រយុទ្ធ​ ទស្សន​កិច្ច​ និង​ការ​ការពារ​កំលាំង​ការ​ឡើង​លើ​នាវា ​ការ​ឆែក​ឆេរ​ និង​បច្ចេក​ទេស​ចាប់​នាវា​​ជា​ដើម។​

ចំណែក​នៅ​លើ​សមុទ្រ​ នាវា​ឈ្មោះ ​USS Fort Worth (LCS 3) ដែល​មាន​បុគ្គលិក៧​នាក់ ​មក ​ពី​ក្រុមនាវា​ពិឃាត ​Destroyer Squadron (DESRON) និង​ឧទ្ធម្ភាគចក្រ​ប្រភេទ ​MH-60R មួយ​គ្រឿង ​នឹង​ធ្វើ​ការ​ហ្វឹកហ្វឺន​ជា​លើក​ដំបូង ​ជាមួ​យទូកល្បាត​តូច​ចំនួន​ ២​គ្រឿង ​និង​នាវា​ល្បាត​តាម​ឆ្នេរ​មួយគ្រឿង។ នៅ​លើ​នាវា​ មាន​ការ​ហ្វឹកហាត់​ធ្វើ​ការ​បត់បែន ​និង​ហាត់បាញ់កាំភ្លើង​ ព្រម​ទាំង​សកម្មភាព ឡើង​លើ​នាវា ​លំហាត់​រុករក ​និង​សង្គ្រោះ។

​សូម​បញ្ជាក់​ថា​ CARAT គឺ​ជា​លំហាត់​សមយុទ្ធ​លំហ​សមុទ្រ​ទ្វេភាគី​ប្រចាំ​ឆ្នាំ ​ដែល​មាន​ធ្វើ​ជា​បន្ត​បន្ទាប់​ រវាង​កង​ទ័ព​ជើង​ទឹក​សហរដ្ឋអាមេរិក និង​កង​កំលាំង​នៃ​ប្រទេស​បង់​ក្លាដេស ​ប្រ៊ុយណេ ក​ម្ពុជា ឥណ្តូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបូរី ថៃ និង​ប្រទេស​ទីម៉រ​ខាង​កើត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ