អានតួអត្ថបទ
កម្ពុជា

សភា​នឹង​រៀប​ចំ​សិក្ខាសាលា​ថ្នាក់​ជាតិ ស្តី​ពី​ច្បាប់​សហជីព ក្រោយ​ជំនួប​ក្រុម​ការងារ​ចម្រុះ​នៅ​ថ្ងៃ​ចន្ទ​ សប្តាហ៍​ក្រោយ

ក្រុម​ការងារ​ចំពោះ​កិច្ច​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បើក​ជំនួប​នៅ​ថ្ងៃ​ចន្ទ​ទី​៤​មករា​ដើម​សប្តាហ៍។ ជា​ជំនួប​ដើម្បី​ពិភាក្សា​លើ​ចំណុច​ស្នើ​ទាំង​១៧​ចំណុច​របស់​សហជីព​ ដែល​ស្មើ​ប្រមាណ​ជិត​៣០​មាត្រា។ ហើយ​ក្រោយ​ជំនួប​នេះ គណបក្ស​ទាំង​ពីរ​នឹង​សម្រេច​ពី​កាល​បរិច្ឆេទ​នៃ​សិក្ខា​សាលា​ថ្នាក់​ជាតិ​ស្តីពី​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​នេះ។

កិច្ច​ប្រជុំ​សភា ​នា​ពេល​កន្លង​មក​
កិច្ច​ប្រជុំ​សភា ​នា​ពេល​កន្លង​មក​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ព្រាង​ច្បាប់​សហជីព​ដែល​ចម្រូង​ចម្រាស់ នឹង​ត្រូវ​រដ្ឋសភា​ដាក់​ឱ្យ​ជជែក​ពិភាក្សា​នៅ​ក្រោយ​ជំនួប​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ នេះ​គឺ​ជា​ការ​បញ្ជាក់​ពី​លោក ប៉ែន បញ្ញា​ប្រធាន​ក្រុម​ការងារ​ចម្រុះ​ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​ពុធ​នេះ។ ប៉ុន្តែ​មិន​ទាន់​កំណត់​កាល​បរិច្ឆេទ​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ព្រោះ​ត្រូវ​រងចាំ​កិច្ច​ប្រជុំ​ចម្រុះ​ពី​គណបក្ស​ទាំង​ពីរ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​ជា​មុន​សិន។ នេះ​បើ​តាម​លោក​ប៉ែន បញ្ញា​ដដែល។

ប្រធាន​ក្រុម​ការងារ​ចំពោះ​កិច្ច​ចម្រុះ​មក​ពី​គណបក្ស​កាន់​អំណាច​ បាន​អះអាង​ថា ការ​បង្កើត​សិក្ខា​សាលា​នេះ គឺ​ដើម្បី​ជៀសវាស​ការ​ចោទ​ប្រកាន់​ថា ការ​បង្កើត​ច្បាប់​នីមួយ​ៗ​គ្មាន​តម្លាភាព ហើយ​ការ​ធ្វើ​ច្បាប់ គឺ​ធ្វើ​បាន​ស្រេច​តែ​នឹង​ចិត្ត​នោះ។ សម្រាប់​លោក​ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម​កូតា​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​ការ​បង្កើត​សិក្ខា​សាលា​ថ្នាក់​ជាតិ​ហើយ សេចក្តី​ព្រាង​ច្បាប់​នេះ នឹង​វិល​ចូល​ដល់​នីតិវិធី​របស់​រដ្ឋសភា​វិញ។

លោក​ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា​ បាន​អបអរ​សាទរ​ចំពោះ​ការ​បង្កើត​សិក្ខាសាលា​ថ្នាក់​ជាតិ​នេះ​ព្រោះ​ថា សហជីព​និង​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​អាច​បញ្ចេញ​យោបល់ និង​ក្តី​កង្វល់​របស់​ខ្លួន​លើ​ចំណុច​ទាំង​១៧ ដែល​ស្មើ​នឹង​ប្រមាណ​៣០​មាត្រា។ ចំណុច​ទាំង​នោះ​រួម​មាន សិទ្ធ​សេរីភាព​ចេញ​ធ្វើ​បាតុកម្ម ការ​លូក​ដៃ​ផ្នែក​ហិរញ្ញ​វត្ថុ​របស់​សហជីព​ជា​ដើម។

លោក​សុន​ឆ័យ​ អនុប្រធាន​ក្រុម​ការងារ​ចម្រុះ កូតា​គណបក្ស​សង្គ្រោះ​ជាតិ បាន​គាំទ្រ​ការ​ទាមទារ​របស់​ក្រុម​សហជីព ព្រោះ​ថា ចំណុច​មួយ​ចំនួន​នៃ​សេចក្តី​ព្រាង​ច្បាប់​សហជីព​នេះ គឺ​ផ្ទូយ​ទៅ​នឹង​អនុញ្ញាត​អន្តរជាតិ ស្តី​ពី​ការងារ ​និង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ផង​ដែរ។

ដោយ​ឡែក​លោក​ប៉ែន បញ្ញា ដែល​កំពុង​មើល​ពិនិត្យ​ច្បាប់​នេះ បាន​អះអាង​ថា​ចំណុច​មួយ​ចំនួន​មាន​ការ​លំបាក​ជា​ខ្លាំង​ព្រោះ​ថា ទាមទារ​ឱ្យ​លុប​មាត្រា​នៃ​ច្បាប់​ចោល និង​កែ​សម្រួល​ថែម​ទៀត​ផង​ដូចនេះ​ លោក​កំពុង​ពិនិត្យ​ពិច័យ​ថា​តើ​ការ​ស្នើ​នោះ​មាន​ប៉ះពាល់​ដល់​ច្បាប់​ការងារ និង​អនុសញ្ញា​អន្តរជាតិ​ស្តី​ពី​ការងារ​ដែរ​ឬ​យ៉ាង​ណា។  ហើយ​ចំណុច​ណា​ខ្លះ​ដែល​អាច​កែប្រែ​បាន និង​ទុក​ដដែល​នោះ។


សូម​បញ្ជាក់​ថា​​ក្រុម​ការងារ​ចំពោះ​កិច្ច​រវាង​គណបក្ស​កាន់​អំណាច ​និង​គណបក្ស​ប្រឆាំង​បាន​ជួបជា​មួយ​ក្រុម​សហជីព​ដាច់​ដោយ​ឡែក​ពី​គ្នា​ដើម្បី​ស្តាប់​ការ​បង្ហាញ​ពី​ក្តី​ព្រួយ​បារម្ភ​លើ​ច្បាប់​សហជីព​ដែល​គណៈរដ្ឋមន្ត្រី​បាន​បញ្ជូន​ឱ្យ​រដ្ឋសភា​អនុម័ត។ ​សេចក្តី​ព្រាង​ច្បាប់​ដែល​ចម្រូង​ចម្រាស់​នេះ​ គឺ​មាន​ចំនួន​១៧​ជំពូក​ និង​មាន​ប្រមាណ​១០០​មាត្រា។

ទោះ​បី​ជា​បែប​ណា​ក៏​ដោយ ​ការ​បង្កើត​សិក្ខាសាលា​ថ្នាក់​ជាតិ​ដើម្បី​ពិភាក្សា​ស្តីពី​ច្បាប់​សហជីព​នេះ​ ក្រោយ​ជំនួប​​ជាមួយ​បក្ស​នយោបាយ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​គឺជា​យន្តការ​ដើម្បី​កាត់​បន្ថយ​ភាព​ចម្រូង​ចម្រាស់​នៃ​ការ​បង្កើត​ច្បាប់​សហជីព​ក្នុង​ការ​ថែរក្សា​នីតិរដ្ឋ​ និង​ផល​ប្រយោជន៍​របស់​កម្មករ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ